ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


សាការី 3 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
សាការី 3

និមិត្តទីបួន: មហាបូជាចារ្យ និងលំពង់

1 ក្រោយមក ព្រះអង្គ​ទ្រង់​បង្ហាញឲ្យ​ខ្ញុំ​ឃើញ​មហាបូជាចារ្យ​យ៉ូស្វេ​ដែល​ឈរ​នៅមុខ​ទូតសួគ៌​របស់​ព្រះយេហូវ៉ា ហើយ​សាតាំង​ក៏​ឈរ​នៅ​ខាងស្ដាំ​គាត់​ដើម្បី​ចោទប្រកាន់​គាត់​។

2 ព្រះយេហូវ៉ា​មានបន្ទូល​នឹង​សាតាំង​ថា​៖ “សាតាំង​អើយ ព្រះយេហូវ៉ា​ស្ដីបន្ទោស​ឯង​! ព្រះយេហូវ៉ា​ដែល​ជ្រើសរើសយក​យេរូសាឡិម​ស្ដីបន្ទោស​ឯង​! តើ​នេះ​មិនមែន​ជា​កន្ទុយអុស​ដែល​ត្រូវបាន​កញ្ឆក់​ចេញពី​ភ្លើង​ទេ​ឬ​?”។

3 រីឯ​យ៉ូស្វេ​ស្លៀក​សម្លៀកបំពាក់​កខ្វក់ ហើយ​ឈរ​នៅមុខ​ទូតសួគ៌​។

4 ទូតសួគ៌​ក៏​និយាយ​នឹង​ពួកអ្នកដែល​ឈរ​នៅមុខ​គាត់​ថា​៖ “ចូរ​ដោះ​សម្លៀកបំពាក់​កខ្វក់​ចេញ​ពី​គាត់” រួច​និយាយ​នឹង​គាត់​ថា​៖ “មើល៍! ខ្ញុំ​បាន​យក​សេចក្ដីទុច្ចរិត​របស់អ្នក​ចេញ​ពី​អ្នក ហើយ​បាន​ស្លៀកពាក់ឲ្យ​អ្នក​ដោយ​សម្លៀកបំពាក់មានតម្លៃ​វិញ”។

5 ពេលនោះ ខ្ញុំ​និយាយថា​៖ “សូម​បំពាក់​ឈ្នួត​ដ៏ស្អាត​នៅលើ​ក្បាល​គាត់​ផង”។ ដូច្នេះ គេ​ក៏​បំពាក់​ឈ្នួត​ដ៏ស្អាត​នៅលើ​ក្បាល​គាត់ ព្រមទាំង​ស្លៀកពាក់ឲ្យ​គាត់​ដោយ​សម្លៀកបំពាក់ ខណៈដែល​ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ឈរ​នៅទីនោះ​។

6 បន្ទាប់មក ទូតសួគ៌​របស់​ព្រះយេហូវ៉ា​បាន​ដាស់តឿន​យ៉ូស្វេ​ថា​៖

7 “ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​មានបន្ទូល​ដូច្នេះ​ថា​: ‘ប្រសិនបើ​អ្នក​ដើរតាម​មាគ៌ា​របស់យើង ហើយ​កាន់តាម​សេចក្ដីបង្គាប់​របស់យើង នោះ​អ្នក​នឹង​បាន​ជំនុំជម្រះ​ដំណាក់​របស់យើង ព្រមទាំង​បាន​មើលថែ​ទីធ្លា​របស់យើង​ផង​។ យើង​ក៏​នឹង​ឲ្យ​សិទ្ធិចេញចូល​ក្នុងចំណោម​អ្នកដែល​ឈរ​ទាំងនេះ ដល់​អ្នក​ដែរ’។

8 “‘មហាបូជាចារ្យ​យ៉ូស្វេ​អើយ ឥឡូវនេះ​អ្នក និង​ពួក​គូកន​របស់អ្នក​ដែល​អង្គុយ​នៅចំពោះ​អ្នក​ត្រូវ​ស្ដាប់ ដ្បិត​ពួកគេ​ជា​មនុស្ស​ដែលជា​ទីសម្គាល់​។ មើល៍! យើង​នឹង​នាំ​អ្នកបម្រើ​របស់យើង​មក គឺ “លំពង់”។

9 មើល៍! នៅលើ​ថ្ម​ដែល​យើង​បាន​ដាក់​នៅមុខ​យ៉ូស្វេ គឺ​ថ្ម​តែមួយ​ដែល​មាន​ភ្នែក​ប្រាំពីរ មើល៍! យើង​នឹង​ចារឹក​ចំណារ​របស់វា ព្រមទាំង​ដក​សេចក្ដីទុច្ចរិត​របស់​ទឹកដី​នេះ​ចេញ​ក្នុង​មួយ​ថ្ងៃ’។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។

10 ‘នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​ម្នាក់ៗ​នឹង​អញ្ជើញ​អ្នកជិតខាង​របស់ខ្លួន​មក​ក្រោម​ដើមទំពាំងបាយជូរ និង​ក្រោម​ដើមល្វា’។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative