ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


វិវរណៈ 15 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
វិវរណៈ 15

ពែងមាសទាំងប្រាំពីរនៃសេចក្ដីក្រេវក្រោធរបស់ព្រះ

1 បន្ទាប់មក ខ្ញុំ​ឃើញ​ទីសម្គាល់​ដ៏ធំ និង​អស្ចារ្យ​មួយទៀត​នៅ​លើមេឃ គឺ​មាន​ទូតសួគ៌​ប្រាំពីរ​រូប​កាន់​គ្រោះកាច​ប្រាំពីរ​ចុងក្រោយ ដ្បិត​សេចក្ដីក្រេវក្រោធ​របស់​ព្រះ​នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​ដោយ​គ្រោះកាចទាំងនោះ​។

2 ពេលនោះ ខ្ញុំ​ឃើញ​អ្វី​ដូចជា​សមុទ្រ​កែវ​លាយ​ជាមួយ​ភ្លើង​។ អ្នក​ដែល​មានជ័យជម្នះ​លើ​សត្វតិរច្ឆាន និង​រូបសំណាក​របស់​វា ព្រមទាំង​លេខ​នៃ​ឈ្មោះ​របស់​វា ក៏​ឈរ​លើ​សមុទ្រ​កែវ​នោះ ទាំង​កាន់​ពិណ​របស់​ព្រះ

3 ហើយ​ច្រៀង​ចម្រៀង​របស់​ម៉ូសេ​បាវបម្រើ​របស់​ព្រះ និង​ចម្រៀង​របស់​កូនចៀម​ថា​៖ “ព្រះអម្ចាស់​ដែលជា​ព្រះ​ដ៏មានព្រះចេស្ដា​អើយ កិច្ចការ​របស់ព្រះអង្គ​ធំឧត្ដម ហើយ​អស្ចារ្យ​ណាស់​! ព្រះមហាក្សត្រ​នៃ​ប្រជាជាតិ​ទាំងឡាយ​អើយ មាគ៌ា​របស់ព្រះអង្គ​សុចរិតយុត្តិធម៌ ហើយ​ត្រឹមត្រូវ​!

4 ព្រះអម្ចាស់​អើយ​! តើ​មាន​នរណា​មិន​កោតខ្លាច ហើយ​មិន​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះនាម​របស់ព្រះអង្គ​? ដ្បិត​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​វិសុទ្ធ​។ ប្រជាជាតិ​ទាំងអស់​នឹង​មក​ថ្វាយបង្គំ​នៅចំពោះ​ព្រះអង្គ ដ្បិត​សេចក្ដីយុត្តិធម៌​របស់ព្រះអង្គ​ត្រូវបាន​សម្ដែង​ហើយ”។

5 បន្ទាប់ពីការទាំងនេះ ខ្ញុំ​សង្កេតមើល នោះ​មើល៍! ទីវិសុទ្ធ​របស់​ព្រះពន្លា​នៃ​សេចក្ដីបន្ទាល់​នៅ​ស្ថានសួគ៌​ត្រូវបាន​បើកចំហ​។

6 ទូតសួគ៌​ប្រាំពីរ​រូប​នោះ​ដែល​កាន់​គ្រោះកាច​ទាំង​ប្រាំពីរ ក៏​ចេញមក​ពី​ទីវិសុទ្ធ ទាំង​ពាក់​ក្រណាត់ទេសឯក​បរិសុទ្ធ​ដ៏ភ្លឺរលោង ហើយ​ពាក់​ខ្សែក្រវាត់​មាស​នៅនឹង​ដើមទ្រូង​។

7 ពេលនោះ សត្វមានជីវិត​មួយ​ក្នុង​សត្វមានជីវិត​ទាំង​បួន​បាន​ប្រគល់​ពែង​មាស​ប្រាំពីរ​ដល់​ទូតសួគ៌​ទាំង​ប្រាំពីរ​រូប​។ ពែងទាំងនោះ​ពេញ​ដោយ​សេចក្ដីក្រេវក្រោធ​របស់​ព្រះ​ដែល​មានព្រះជន្មរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ​។

8 ទីវិសុទ្ធ​ក៏​ពោរពេញ​ទៅដោយ​ផ្សែង​ពី​សិរីរុងរឿង​របស់​ព្រះ និង​ពី​ព្រះចេស្ដា​របស់​ព្រះអង្គ ហើយ​គ្មានអ្នកណា​អាច​ចូលទៅ​ក្នុង​ទីវិសុទ្ធ​បាន​ឡើយ រហូតដល់​គ្រោះកាច​ទាំង​ប្រាំពីរ​របស់​ទូតសួគ៌​ប្រាំពីរ​រូប​នោះ បាន​បញ្ចប់​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative