អ័ប្រាហាំត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿ1 បើដូច្នេះ តើយើងនឹងនិយាយថា អ័ប្រាហាំដូនតារបស់យើងខាងសាច់ឈាម ទទួលបានអ្វី? 2 ជាការពិត ប្រសិនបើអ័ប្រាហាំត្រូវបានរាប់ជាសុចរិតដោយសារតែការប្រព្រឹត្ត នោះលោកមានអ្វីនឹងអួតអាង ប៉ុន្តែនៅចំពោះព្រះ លោកគ្មានអ្វីអួតអាងទេ។ 3 តើព្រះគម្ពីរចែងដូចម្ដេច? “អ័ប្រាហាំបានជឿព្រះ ដូច្នេះការនេះត្រូវបានរាប់ជាសេចក្ដីសុចរិតដល់គាត់”។ 4 ចំពោះអ្នកដែលធ្វើការ ថ្លៃឈ្នួលមិនរាប់ជាគុណទេ គឺជាអ្វីដែលត្រូវទទួល 5 រីឯចំពោះអ្នកដែលមិនធ្វើការ តែជឿទុកចិត្តលើព្រះអង្គដែលរាប់មនុស្សមិនគោរពព្រះជាសុចរិត នោះជំនឿរបស់អ្នកនោះបានរាប់ជាសេចក្ដីសុចរិតវិញ។ ដាវីឌអបអរនឹងការរាប់ជាសុចរិត6 ដូចដែលដាវីឌបានថ្លែងដែរ អំពីភាពមានពររបស់អ្នកដែលព្រះរាប់ជាសុចរិតដោយឡែកពីការប្រព្រឹត្ត ថា៖ 7 “មានពរហើយ អ្នកដែលត្រូវបានលើកលែងទោសនូវការឥតច្បាប់របស់ខ្លួន ហើយត្រូវបានគ្របបាំងនូវបាបរបស់ខ្លួន។ 8 មានពរហើយ អ្នកដែលព្រះអម្ចាស់មិនរាប់ថាមានបាប”។ អ័ប្រាហាំត្រូវបានរាប់ជាសុចរិតមុនទទួលពិធីកាត់ស្បែក9 បើដូច្នេះ តើភាពមានពរគឺសម្រាប់តែអ្នកដែលទទួលពិធីកាត់ស្បែក ឬសម្រាប់អ្នកដែលមិនបានទទួលពិធីកាត់ស្បែកដែរ? យើងនិយាយថា៖“ជំនឿរបស់អ័ប្រាហាំត្រូវបានរាប់ជាសេចក្ដីសុចរិតដល់គាត់” 10 ចុះលោកត្រូវបានរាប់ជាសុចរិតយ៉ាងដូចម្ដេច? ក្រោយពីទទួលពិធីកាត់ស្បែក ឬនៅពេលមិនទាន់ទទួលពិធីកាត់ស្បែកនៅឡើយ? មិនមែនក្រោយពីទទួលពិធីកាត់ស្បែកទេ គឺនៅពេលមិនទាន់ទទួលពិធីកាត់ស្បែកវិញ។ 11 ហើយលោកបានទទួលសញ្ញានៃពិធីកាត់ស្បែក ជាត្រាបញ្ជាក់ថាកាលលោកមិនទាន់ទទួលពិធីកាត់ស្បែកនៅឡើយ លោកត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿហើយ ដើម្បីឲ្យលោកទៅជាឪពុករបស់អស់អ្នកដែលជឿដោយមិនបានទទួលពិធីកាត់ស្បែក និងដើម្បីឲ្យពួកគេត្រូវបានរាប់ជាសុចរិតដែរ; 12 ព្រមទាំងទៅជាឪពុករបស់អ្នកដែលទទួលពិធីកាត់ស្បែកដែរ ហើយមិនគ្រាន់តែអ្នកដែលទទួលពិធីកាត់ស្បែកប៉ុណ្ណោះទេ គឺថែមទាំងទៅជាឪពុកដល់អ្នកដែលដើរតាមលម្អាននៃជំនឿរបស់អ័ប្រាហាំដូនតារបស់យើងទៀតផង ជាជំនឿដែលលោកមាន កាលមិនទាន់ទទួលពិធីកាត់ស្បែកនៅឡើយ។ សេចក្ដីសន្យាក្លាយជាការពិតតាមរយៈជំនឿ13 ជាការពិត សេចក្ដីសន្យាដល់អ័ប្រាហាំ ឬដល់ពូជពង្សរបស់លោក ដែលថាលោកនឹងទទួលពិភពលោកជាមរតកនោះ មិនបានប្រទានមកតាមរយៈក្រឹត្យវិន័យទេ គឺតាមរយៈសេចក្ដីសុចរិតដែលមកពីជំនឿវិញ។ 14 នេះគឺដោយសារ បើពួកអ្នកដែលអាងលើក្រឹត្យវិន័យជាអ្នកទទួលមរតក នោះធ្វើឲ្យជំនឿទៅជាឥតប្រយោជន៍ ហើយសេចក្ដីសន្យាក៏ទៅជាមោឃៈដែរ។ 15 ដ្បិតក្រឹត្យវិន័យនាំឲ្យមានព្រះពិរោធ ដូច្នេះកន្លែងណាដែលគ្មានក្រឹត្យវិន័យ កន្លែងនោះក៏គ្មានការល្មើសដែរ។ 16 នេះជាហេតុដែលសេចក្ដីសន្យានេះអាងលើជំនឿ ដើម្បីឲ្យសេចក្ដីសន្យានេះស្របតាមព្រះគុណ ទាំងធានានឹងប្រទានដល់ពូជពង្សទាំងអស់——មិនគ្រាន់តែដល់ពូជពង្សខាងក្រឹត្យវិន័យប៉ុណ្ណោះទេ គឺដល់ពូជពង្សខាងជំនឿរបស់អ័ប្រាហាំដែរ។ នៅចំពោះព្រះ អ័ប្រាហាំជាឪពុករបស់យើងទាំងអស់គ្នា 17 ដូចដែលមានសរសេរទុកមកថា:“យើងបានតែងតាំងអ្នកជាឪពុករបស់ប្រជាជាតិជាច្រើន”។ ព្រះអង្គដែលលោកបានជឿ គឺជាព្រះដែលផ្ដល់ជីវិតដល់មនុស្សស្លាប់ និងហៅអ្វីៗដែលគ្មានឲ្យទៅជាមានវិញ។ 18 នៅពេលគ្មានសង្ឃឹម អ័ប្រាហាំនៅតែជឿទាំងសង្ឃឹម ដូច្នេះលោកបានជាឪពុករបស់ប្រជាជាតិជាច្រើន ស្របតាមសេចក្ដីដែលមានចែងទុកមកថា:“ពូជពង្សរបស់អ្នកនឹងបានដូច្នោះ”។ 19 ទោះបីជាលោកពិចារណាអំពីរូបកាយរបស់ខ្លួនដែលដូចជាស្លាប់ហើយ ដោយលោកមានអាយុប្រមាណមួយរយឆ្នាំ និងទោះបីជាលោកពិចារណាអំពីផ្ទៃរបស់សារ៉ាដែលស្លាប់ក៏ដោយ ក៏លោកមិនបានចុះខ្សោយនៅក្នុងជំនឿឡើយ។ 20 លោកមិនបានសង្ស័យចំពោះសេចក្ដីសន្យារបស់ព្រះ ដោយភាពឥតជំនឿឡើយ ផ្ទុយទៅវិញ លោកបានទទួលកម្លាំងដោយសារតែជំនឿ ទាំងថ្វាយសិរីរុងរឿងដល់ព្រះ 21 ព្រមទាំងជឿអស់ពីចិត្តថា ព្រះអាចធ្វើអ្វីដែលព្រះអង្គបានសន្យា។ 22 ដោយហេតុនេះ ការនេះត្រូវបានរាប់ជាសេចក្ដីសុចរិតដល់លោក។ 23 យ៉ាងណាមិញ ការដែល“ត្រូវបានរាប់ជាសេចក្ដីសុចរិតដល់គាត់” មិនមែនសរសេរទុកមកសម្រាប់តែលោកប៉ុណ្ណោះទេ 24 គឺសម្រាប់យើងដែរ។ យើងដែលជឿទុកចិត្តលើព្រះអង្គដែលលើកព្រះយេស៊ូវព្រះអម្ចាស់នៃយើងឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ នឹងត្រូវបានរាប់ជាសុចរិត។ 25 ព្រះអម្ចាស់យេស៊ូវត្រូវបានប្រគល់ទៅ ដោយសារតែការបំពានរបស់យើង; ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញ ដើម្បីឲ្យយើងត្រូវបានរាប់ជាសុចរិត៕ |