ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


រ៉ូម 13 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
រ៉ូម 13

កាតព្វកិច្ចរបស់គ្រីស្ទានចំពោះរដ្ឋអំណាច

1 មនុស្ស​គ្រប់គ្នា​ត្រូវតែ​ចុះចូល​នឹង​រដ្ឋអំណាច ដ្បិត​គ្មាន​អំណាច​ណា​ដែល​មិន​បាន​មកពី​ព្រះ​ឡើយ គឺ​អំណាច​ទាំងអស់​ដែល​មាន សុទ្ធតែ​ត្រូវបាន​កំណត់ឲ្យមាន​ដោយ​ព្រះ​។

2 ដូច្នេះ អ្នក​ដែល​ប្រឆាំង​នឹង​រដ្ឋអំណាច គឺ​តតាំង​នឹង​អ្វី​ដែល​ព្រះ​បាន​តាំងឡើង ហើយ​អ្នក​ដែល​តតាំង អ្នកនោះ​នាំ​ទោស​ដាក់​ខ្លួន​។

3 ជាការពិត មេគ្រប់គ្រង​មិនមែន​ជា​សេចក្ដីគួរខ្លាច​ដល់​អំពើល្អ​ទេ គឺ​ជា​សេចក្ដីគួរខ្លាច​ដល់​អំពើ​អាក្រក់​វិញ​។ តើ​អ្នក​មិន​ចង់​ខ្លាច​រដ្ឋអំណាច​ឬ​? ចូរ​ធ្វើ​ល្អ​ចុះ នោះ​អ្នក​នឹង​ទទួល​ការសរសើរ​ពី​រដ្ឋអំណាច

4 ដ្បិត​លោក​ជា​អ្នកបម្រើ​របស់​ព្រះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​។ ផ្ទុយទៅវិញ ប្រសិនបើ​អ្នក​ប្រព្រឹត្ត​ការ​អាក្រក់ ចូរ​ខ្លាច​ទៅ ដ្បិត​លោក​កាន់​ដាវ​មិនមែន​ឥតប្រយោជន៍​ឡើយ​។ លោក​ជា​អ្នកបម្រើ​របស់​ព្រះ ជា​អ្នកសងសឹក ដើម្បី​នាំ​ព្រះពិរោធ​មក​លើ​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់។

5 ដូច្នេះ អ្នក​ត្រូវតែ​ចុះចូល មិនគ្រាន់តែ​ដោយព្រោះ​ព្រះពិរោធ​ប៉ុណ្ណោះទេ គឺ​ដោយព្រោះ​សតិសម្បជញ្ញៈ​ដែរ​។

6 តាមពិត នេះជាហេតុដែល​អ្នករាល់គ្នា​បង់ពន្ធ​ដែរ ដ្បិត​ពួកគេ​ជា​អ្នកបម្រើ​របស់​ព្រះ ដែល​តែងតែ​ផ្ដោត​ទៅលើ​ការងារ​នេះ​ឯង​។

7 ចូរ​សង​បំណុល​ដល់​មនុស្ស​ទាំងអស់ គឺ​ចូរ​សង​សួយសារអាករ​ដល់​អ្នក​ដែល​ត្រូវទទួល​សួយសារអាករ ចូរ​សង​ពន្ធ​ដល់​អ្នក​ដែល​ត្រូវទទួល​ពន្ធ ចូរ​សង​ការកោតខ្លាច​ដល់​អ្នក​ដែល​ត្រូវទទួល​ការកោតខ្លាច ហើយ​ចូរ​សង​កិត្តិយស​ដល់​អ្នក​ដែល​ត្រូវទទួល​កិត្តិយស​។

ត្រូវស្រឡាញ់អ្នកជិតខាង ដូចស្រឡាញ់ខ្លួនឯង

8 កុំ​ជំពាក់​អ្វី​ដល់​អ្នកណាឡើយ ក្រៅពី​ការ​ស្រឡាញ់​គ្នាទៅវិញទៅមក​។ ជាការពិត អ្នក​ដែល​ស្រឡាញ់​អ្នកដទៃ បាន​បំពេញ​ក្រឹត្យវិន័យ​ឲ្យសម្រេច​ហើយ​។

9 ដ្បិត​បទបញ្ជាដែលថា​: “កុំ​ផិតក្បត់ កុំ​សម្លាប់មនុស្ស កុំ​លួច​កុំ​លោភលន់” ព្រមទាំង​បទបញ្ជា​ឯទៀតៗ ក៏​សរុប​មក​ក្នុង​ពាក្យ​នេះ​ថា​:“ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក ដូច​ស្រឡាញ់​ខ្លួនឯង”។

10 សេចក្ដីស្រឡាញ់​មិន​ប្រព្រឹត្ត​ការ​អាក្រក់​ដល់​អ្នកជិតខាង​ឡើយ ដោយហេតុនេះ សេចក្ដីស្រឡាញ់​ជា​ការបំពេញ​ក្រឹត្យវិន័យ​ឲ្យសម្រេច​។

ចូរយកតម្រាប់តាមព្រះគ្រីស្ទ

11 មួយវិញទៀត អ្នករាល់គ្នា​ដឹង​អំពី​គ្រា​នេះ​ហើយ​ថា ដល់​ម៉ោង​ឲ្យ​អ្នករាល់គ្នា​ក្រោក​ពី​ដំណេក​ហើយ ដ្បិត​ឥឡូវនេះ សេចក្ដីសង្គ្រោះ​របស់យើង នៅជិត​យើង​ជាង​កាល​យើង​ជឿ​ដំបូង​។

12 យប់​កាន់តែជ្រៅ ហើយ​ថ្ងៃ​ក៏​ជិតមកដល់​ដែរ ដូច្នេះ​ឲ្យ​យើង​ដោះ​អំពើ​នៃ​សេចក្ដីងងឹត​ចេញ ហើយ​ពាក់​គ្រឿងសឹក​នៃ​ពន្លឺ​វិញ។

13 ចូរឲ្យ​យើង​ដើរ​យ៉ាងត្រឹមត្រូវ ដូចជា​ដើរ​ក្នុង​ពេលថ្ងៃ គឺ​មិនមែន​ដោយ​ការស៊ីផឹកអាវាសែ និង​ការប្រមឹក​; មិនមែន​ដោយ​អំពើអសីលធម៌ខាងផ្លូវភេទ និង​ការល្មោភកាម​; មិនមែន​ដោយ​ការឈ្លោះប្រកែក និង​ការឈ្នានីស​ឡើយ​។

14 ផ្ទុយទៅវិញ ចូរ​បំពាក់ខ្លួន​ដោយ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ហើយ​កុំ​ធ្វើ​គម្រោង​តាម​តណ្ហា​សាច់ឈាម​ឡើយ៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative