ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ម៉ាថាយ 20 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ម៉ាថាយ 20

ពាក្យឧបមាអំពីកម្មករចម្ការទំពាំងបាយជូរ

1 “អាណាចក្រស្ថានសួគ៌​ប្រៀបដូចជា​ម្ចាស់​ចម្ការ​ម្នាក់ ដែល​ចេញទៅ​តាំងពី​ព្រលឹម ដើម្បី​ជួល​កម្មករ​សម្រាប់​ចម្ការទំពាំងបាយជូរ​របស់​លោក​។

2 ក្រោយពី​បាន​ព្រមព្រៀង​ជាមួយ​ពួក​កម្មករ​ក្នុង​មួយ​ថ្ងៃ​មួយ​ឌេណារីហើយ លោក​ក៏​ចាត់​ពួកគេ​ឲ្យទៅ​ចម្ការទំពាំងបាយជូរ​របស់​លោក​។

3 ប្រមាណជា​ម៉ោងប្រាំបួនព្រឹក​លោក​ចេញទៅ​ឃើញ​អ្នកផ្សេងទៀត​ឈរ​នៅតាម​ផ្សារ​ទាំង​គ្មានការងារធ្វើ

4 ក៏​និយាយ​នឹង​អ្នកទាំងនោះ​ថា​: ‘ចូរ​ពួកអ្នក​ទៅ​ចម្ការទំពាំងបាយជូរ​ដែរ​ចុះ ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្វីក៏ដោយដែល​សមរម្យ ដល់​ពួកអ្នក’

5 ពួកគេ​ក៏​ចេញទៅ​។ ប្រមាណជា​ម៉ោងដប់ពីរថ្ងៃត្រង់​និង​ម៉ោងបីរសៀល​លោក​ក៏​ចេញទៅ​ម្ដងទៀត ហើយ​ធ្វើ​ដូចគ្នា​។

6 លុះ​ប្រមាណជា​ម៉ោងប្រាំល្ងាចលោក​ចេញទៅ​ឃើញ​អ្នកខ្លះទៀត​កំពុង​ឈរ ក៏​សួរ​ពួកគេ​ថា​: ‘ហេតុអ្វីបានជា​ពួកអ្នក​ឈរ​នៅ​ទីនេះ​ពេញមួយថ្ងៃ​ទាំង​គ្មានការងារធ្វើ​ដូច្នេះ​?’។

7 “ពួកគេ​ឆ្លើយថា​: ‘ពីព្រោះ​គ្មានអ្នកណា​ជួល​ពួកខ្ញុំ’។ “លោក​ក៏​និយាយថា​: ‘ចូរ​ពួកអ្នក​ទៅ​ចម្ការទំពាំងបាយជូរ​ដែរ​ចុះ ’។

8 លុះដល់​ពេលល្ងាច ម្ចាស់​ចម្ការទំពាំងបាយជូរ​និយាយ​នឹង​មេការ​ថា​: ‘ចូរ​ហៅ​ពួក​កម្មករ​មក ហើយ​បើក​ប្រាក់ឈ្នួល​ឲ្យ​ពួកគេ ចាប់ផ្ដើម​ពី​អ្នក​ដែល​មក​ក្រោយគេ រហូតដល់​អ្នក​ដែល​មក​មុនគេ’។

9 “នៅពេល​ពួក​អ្នក​ដែល​ត្រូវបានជួល​ប្រហែល​ពី​ម៉ោងប្រាំល្ងាច​នោះ​មក​ដល់ ពួកគេ​ម្នាក់ៗ​ទទួលបាន​មួយ​ឌេណារី​។

10 ពេល​ពួក​អ្នក​ដែល​ត្រូវបានជួលមុនគេ​មក​ដល់ ពួកគេ​ក៏​គិត​ថា​នឹង​ទទួលបាន​ច្រើនជាង ប៉ុន្តែ​ពួកគេ​ម្នាក់ៗ​ក៏​ទទួលបាន​មួយ​ឌេណារី​ដូចគ្នាដែរ​។

11 នៅពេល​ទទួល​ប្រាក់​ហើយ ពួកគេ​ក៏​រអ៊ូរទាំ​ដាក់​ម្ចាស់​ចម្ការ

12 ថា​: ‘អ្នកទាំងនេះ​ដែល​មក​ក្រោយគេ​បាន​ធ្វើការ​តែមួយ​ម៉ោង ប៉ុន្តែ​លោក​ចាត់ទុក​ពួកគេ​ស្មើ​នឹង​ពួកយើង​ដែល​ទ្រាំ​នឹង​បន្ទុក​ពេញ​មួយ​ថ្ងៃ និង​កម្ដៅថ្ងៃ​ផង​!’។

13 “រីឯ​ម្ចាស់ចម្ការ​តប​នឹង​ម្នាក់​ក្នុង​ពួកគេ​ថា​: ‘សម្លាញ់​អើយ ខ្ញុំ​មិន​បាន​ឆបោក​អ្នក​ទេ​។ តើ​អ្នក​មិន​បាន​ព្រមព្រៀង​ជាមួយ​ខ្ញុំ​ក្នុងតម្លៃ​មួយ​ឌេណារី​ទេ​ឬ​?

14 ចូរ​យក​ប្រាក់​ឈ្នួល​របស់អ្នក ហើយ​ទៅ​ចុះ​! ខ្ញុំ​ចង់​ឲ្យ​ដល់​អ្នក​ក្រោយគេ​នេះ បាន​ស្មើ​នឹង​អ្នក​ដែរ។

15 តើ​គ្មានច្បាប់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វីដែល​ខ្ញុំ​ចង់​ធ្វើ​ជាមួយនឹង​របស់ខ្ញុំ​ទេ​ឬ​? ឬមួយក៏​អ្នក​ច្រណែន​ដោយសារ​ខ្ញុំ​មានចិត្តល្អ​?’។

16 “ដូច្នេះ មនុស្ស​ក្រោយគេ​នឹង​ត្រឡប់ជា​មុនគេ រីឯ​មនុស្ស​មុនគេ​នឹង​ត្រឡប់ជា​ក្រោយគេ​វិញ ”។

ប្រាប់ជាមុនជាលើកទីបីអំពីការសុគត

17 នៅពេល​កំពុង​យាង​ឡើងទៅ​យេរូសាឡិម ព្រះយេស៊ូវ​ទ្រង់​នាំ​សិស្ស​ទាំង​ដប់ពីរ​នាក់​មក​ដោយឡែក ហើយ​មានបន្ទូល​នឹង​ពួកគេ​នៅតាមផ្លូវ​ថា​៖

18 “មើល៍! យើង​កំពុង​ឡើងទៅ​យេរូសាឡិម ហើយ​កូនមនុស្ស​នឹង​ត្រូវគេ​ប្រគល់​ទៅ​ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​។ ពួកគេ​នឹង​កាត់ទោសប្រហារ​ជី​វិត​លោក

19 ព្រមទាំង​ប្រគល់​លោក​ទៅ​ឲ្យ​សាសន៍ដទៃ​ចំអកឡកឡឺយ វាយនឹងខ្សែតី ហើយ​ឆ្កាង​លោក​។ បន្ទាប់មក នៅ​ថ្ងៃ​ទីបី​លោក​នឹង​ត្រូវបាន​លើកឲ្យរស់ឡើងវិញ”។

ការរងទុក្ខ និងការបម្រើ

20 ពេលនោះ ម្ដាយ​របស់​កូន​សេបេដេ​នាំ​កូនប្រុស​ទាំងពីរ​នាក់​របស់​គាត់​ចូលមកជិត​ព្រះយេស៊ូវ​។ គាត់​ថ្វាយបង្គំ ហើយ​ទូល​សុំ​ការមួយ​ពី​ព្រះអង្គ​។

21 ព្រះអង្គ​ទ្រង់​សួរ​គាត់​ថា​៖“តើ​អ្នក​ចង់បាន​អ្វី​?”។ គាត់​ទូលថា​៖ “សូម​លោក​សន្យា​មក​ថា កូនប្រុស​របស់ខ្ញុំ​ទាំង​ពីរ​នាក់​នេះ​នឹង​បាន​អង្គុយ​នៅក្នុង​អាណាចក្រ​របស់លោក គឺ​ម្នាក់​នៅ​ខាងស្ដាំ ម្នាក់​នៅ​ខាងឆ្វេង​លោក”។

22 ព្រះយេស៊ូវ​ក៏​មានបន្ទូល​តប​ថា​៖“អ្នករាល់គ្នា​មិន​ដឹង​ថា​ខ្លួនឯង​កំពុង​សុំ​អ្វី​ទេ​។ តើ​អ្នករាល់គ្នា​អាច​ផឹក​ពី​ពែង​ដែល​ខ្ញុំ​រៀបនឹង​ផឹក​បាន​ឬទេ​?”។ ពួកគេ​ទូល​ឆ្លើយថា​៖ “យើងខ្ញុំ​អាច​ផឹក​បាន”។

23 ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“អ្នករាល់គ្នា​នឹង​ផឹក​ពី​ពែង​របស់ខ្ញុំមែន ប៉ុន្តែ​ការ​ដែល​អង្គុយ​នៅ​ខាងស្ដាំ ឬ​ខាងឆ្វេង​ខ្ញុំ​នោះ មិនមែន​ខ្ញុំ​ជា​អ្នក​ឲ្យ​ទេ គឺ​សម្រាប់​អ្នក​ដែល​ព្រះ​បិតា​របស់ខ្ញុំ​បាន​រៀបចំ​ទុកឲ្យ​វិញ”។

24 នៅពេល​បាន​ឮ​ដូច្នេះ សាវ័ក​ដប់​នាក់​ក៏​ទើសចិត្ត​នឹង​បងប្អូន​ពីរ​នាក់​នោះ​។

25 ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ហៅ​ពួកគេ​មក មានបន្ទូលថា​៖“អ្នករាល់គ្នា​ដឹង​ហើយ​ថា មេគ្រប់គ្រង​របស់​សាសន៍ដទៃ​ជិះជាន់​លើ​សាសន៍របស់ខ្លួន ហើយ​អ្នកធំ​ក៏​ប្រើអំណាច​លើ​ពួកគេ​ដែរ​។

26 ប៉ុន្តែ​ក្នុងចំណោម​អ្នករាល់គ្នា​មិនមែន​ដូច្នោះ​ទេ​។ ផ្ទុយទៅវិញ អ្នកណាក៏ដោយដែល​ចង់​ធ្វើជា​អ្នកធំ​ក្នុងចំណោម​អ្នករាល់គ្នា អ្នកនោះ​ត្រូវតែ​ធ្វើជា​អ្នកបម្រើ​របស់អ្នករាល់គ្នា​;

27 អ្នកណាក៏ដោយដែល​ចង់​ធ្វើជា​មេ​ក្នុងចំណោម​អ្នករាល់គ្នា អ្នកនោះ​ត្រូវតែ​ធ្វើជា​បាវបម្រើ​របស់អ្នករាល់គ្នា

28 ដូចដែល​កូនមនុស្ស​បាន​មក មិនមែន​ដើម្បីឲ្យ​គេ​បម្រើ​ឡើយ គឺ​ដើម្បី​បម្រើ​វិញ ព្រមទាំង​ប្រគល់​ជីវិត​របស់​ខ្លួន​ទុកជា​ថ្លៃលោះ​សម្រាប់​មនុស្ស​ជាច្រើន​ផង”។

ប្រោសមនុស្សខ្វាក់ភ្នែកឲ្យជានៅយេរីខូរ

29 ខណៈដែល​ពួកគេ​កំពុង​ចាកចេញ​ពី​យេរីខូរ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​មកតាម​ព្រះអង្គ​។

30 ពេលនោះ មើល៍! មាន​បុរស​ខ្វាក់ភ្នែក​ពីរ​នាក់​កំពុង​អង្គុយ​នៅក្បែរ​ផ្លូវ ពួកគេ​ឮ​ថា​ព្រះយេស៊ូវ​កំពុង​យាងកាត់​ទីនោះ ក៏​ស្រែកឡើង​ថា​៖ “ព្រះអម្ចាស់ បុត្រ​ដាវីឌ​អើយ​! សូម​អាណិតមេត្តា​យើងខ្ញុំ​ផង​!”។

31 ហ្វូងមនុស្ស​ស្ដីឲ្យ​ពួកគេ​នៅស្ងៀម ប៉ុន្តែ​ពួកគេ​ស្រែក​កាន់តែខ្លាំងឡើង​ថា​៖ “ព្រះអម្ចាស់ បុត្រ​ដាវីឌ​អើយ​! សូម​អាណិតមេត្តា​យើងខ្ញុំ​ផង​!”។

32 ព្រះយេស៊ូវ​ក៏​ឈប់ ហើយ​ហៅ​ពួកគេ​មក​សួរថា​៖“តើ​ចង់ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​សម្រាប់​ពួកអ្នក​?”។

33 ពួកគេ​ទូល​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់​អើយ សូម​បើក​ភ្នែក​របស់យើងខ្ញុំ​ផង”។

34 ព្រះយេស៊ូវ​មានព្រះទ័យអាណិតអាសូរ ក៏​ពាល់​ភ្នែក​របស់​ពួកគេ​។ ភ្លាមនោះ ពួកគេ​ក៏​មើលឃើញវិញ ហើយ​ទៅតាម​ព្រះអង្គ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative