ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ម៉ាកុស 3 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ម៉ាកុស 3

ប្រោសមនុស្សស្វិតដៃឲ្យជា

1 ព្រះយេស៊ូវ​យាង​ចូលទៅ​ក្នុង​សាលាប្រជុំ​ម្ដងទៀត​។ នៅ​ទីនោះ មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង​។

2 គេ​ឃ្លាំមើល​ព្រះអង្គ ថា​តើ​ព្រះអង្គ​នឹង​ប្រោស​បុរសនោះ​ឲ្យជា​នៅ​ថ្ងៃសប្ប័ទ​ឬអត់ ដើម្បីឲ្យ​បាន​ចោទប្រកាន់​ព្រះអង្គ​។

3 ព្រះអង្គ​មានបន្ទូល​នឹង​បុរស​ស្វិត​ដៃ​ម្ខាង​នោះ​ថា​៖“ចូរ​ក្រោកឡើង មក​ឈរ​នៅ​កណ្ដាលចំណោម​!”។

4 បន្ទាប់មក ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ថា​៖“នៅ​ថ្ងៃសប្ប័ទ តើ​មួយណា​ត្រូវច្បាប់​: ធ្វើល្អ ឬ​ធ្វើអាក្រក់​? សង្គ្រោះ​ជីវិត ឬ​សម្លាប់ជីវិត​?”។ ប៉ុន្តែ​ពួកគេ​នៅស្ងៀម​។

5 ព្រះអង្គ​ទត​មើលជុំវិញ​ទៅ​ពួកគេ​ដោយ​ព្រះពិរោធ ទាំង​ពិបាកព្រះទ័យ​ចំពោះ​ភាពរឹងរូស​នៃ​ចិត្ត​របស់​ពួកគេ ក៏​មានបន្ទូល​នឹង​បុរស​នោះ​ថា​៖“ចូរ​លាត​ដៃ​របស់​អ្នក​ចុះ​!”។ គាត់​ក៏​លាត​ដៃ នោះ​ដៃ​របស់​គាត់​បានដូចដើមវិញ​។

6 ពួកផារិស៊ី​បាន​ចេញទៅ ពិគ្រោះគ្នា​ភ្លាម​ជាមួយ​ពួកគណៈហេរ៉ូឌ​ទាស់នឹង​ព្រះអង្គ ដើម្បី​បំផ្លាញជីវិត​ព្រះអង្គ​។

ហ្វូងមនុស្សមកតាមព្រះយេស៊ូវ

7 ព្រះយេស៊ូវ​យាង​ចាកចេញ​ទៅ​បឹង​ជាមួយ​ពួក​សិស្ស​របស់​ព្រះអង្គ ហើយ​មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​មកពី​កាលីឡេ​ទៅតាម​ព្រះអង្គ ព្រមទាំង​មកពី​យូឌា

8 យេរូសាឡិម អេដុមា ខាងនាយ​ទន្លេយ័រដាន់ ហើយ​ពី​ជុំវិញ​ទីរ៉ុស និង​ស៊ីដូន​ដែរ​។ ហ្វូងមនុស្ស​ដ៏ធំ​មករក​ព្រះអង្គ ដោយ​ឮ​ពី​អ្វីៗដែល​ព្រះអង្គ​ទ្រង់​ធ្វើ​។

9 ព្រះអង្គ​មានបន្ទូល​នឹង​ពួក​សិស្ស​ឲ្យ​ត្រៀម​ទូកតូច​មួយ​សម្រាប់​ព្រះអង្គ ដោយសារតែ​ហ្វូងមនុស្ស ក្រែងលោ​ពួកគេ​សង្កត់​ព្រះអង្គ​។

10 ដ្បិត​ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជាច្រើន​ឲ្យជា ហេតុនេះ​អស់អ្នកដែល​មាន​ការឈឺចុកចាប់​ក៏​សម្រុកមក ដើម្បី​ពាល់​ព្រះអង្គ​។

11 កាលណា​ពួក​វិញ្ញាណអសោច​ឃើញ​ព្រះអង្គ ពួកវា​ក៏​ក្រាបចុះ​នៅមុខ​ព្រះអង្គ ហើយ​ស្រែកឡើង​ថា​៖ “ព្រះអង្គ​ជា​ព្រះបុត្រារបស់ព្រះ​!”។

12 ប៉ុន្តែ​ព្រះអង្គ​ទ្រង់​ហាម​ពួកវា​យ៉ាងតឹងរ៉ឹង មិនឲ្យ​ពួកវា​ធ្វើឲ្យ​គេ​ស្គាល់​ព្រះអង្គ​ឡើយ​។

ជ្រើសរើសសាវ័កដប់ពីរនាក់

13 បន្ទាប់មក ព្រះយេស៊ូវ​យាង​ឡើងទៅ​លើ​ភ្នំ ហើយ​ហៅ​អ្នកដែល​ព្រះអង្គ​សព្វព្រះទ័យ​មក ពួកគេ​ក៏​មកឯ​ព្រះអង្គ

14 រួច​ព្រះអង្គ​តែងតាំង​ដប់ពីរ​នាក់​ដែល​ព្រះអង្គ​ហៅថា​សាវ័ក ដើម្បីឲ្យ​ពួកគេ​នៅ​ជាមួយ​ព្រះអង្គ និង​ដើម្បី​ចាត់​ពួកគេ​ឲ្យទៅ​ប្រកាស​ដំណឹងល្អ

15 ព្រមទាំង​ឲ្យ​មាន​សិទ្ធិអំណាច​ដេញ​អារក្ស​ផង​។

16 ដូច្នេះ ព្រះអង្គ​បាន​តែងតាំង​ដប់ពីរ​នាក់​: ស៊ីម៉ូន​——​ព្រះអង្គ​ដាក់ឈ្មោះ​ថា ពេត្រុស​;

17 យ៉ាកុប​កូន​របស់​សេបេដេ និង​យ៉ូហាន​ប្អូនប្រុស​​របស់​យ៉ាកុប ——​ព្រះអង្គ​ដាក់ឈ្មោះ​ពួកគេ​ថា “បោនអ៊ើកេ” ដែល​មានអត្ថន័យប្រែថា “កូន​ផ្គរលាន់”;

18 អនទ្រេ​; ភីលីព និង​បារថូឡូមេ​; ម៉ាថាយ និង​ថូម៉ាស​; យ៉ាកុប​កូន​របស់​អាល់ផាយ និង​ថាដេ​; ស៊ីម៉ូន​អ្នកជាតិនិយម

19 និង​យូដាស​អ៊ីស្ការីយ៉ុត​ដែល​ក្បត់​ព្រះអង្គ​។

ការបាក់បែកផ្ទៃក្នុង

20 ព្រះយេស៊ូវ​យាង​ចូលក្នុង​ផ្ទះ ហ្វូងមនុស្ស​ក៏​មកផ្ដុំគ្នា​ម្ដងទៀត ធ្វើឲ្យ​ព្រះអង្គ និងពួកសិស្ស​មិនអាច​ហូប​អាហារ​បាន​។

21 នៅពេល​សាច់ញាតិ​របស់​ព្រះអង្គ​បាន​ឮ ពួកគេ​ក៏​ចេញមក​ចាប់​ព្រះអង្គ ពីព្រោះ​គេ​ថា​៖ “គាត់​វិកលចរិត​ហើយ”។

22 ពួក​គ្រូវិន័យ​ដែល​ចុះមក​ពី​យេរូសាឡិម​និយាយ​ថា​៖ “គាត់​មាន​បេលសេប៊ូល​ចូល គាត់​ដេញ​អារក្ស​ដោយ​មេ​អារក្ស​ទេ”។

23 ព្រះយេស៊ូវ​ទ្រង់​ហៅ​ពួកគេ​មក ហើយ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ថា​៖“តើ​សាតាំង​អាច​ដេញ​សាតាំង​យ៉ាងដូចម្ដេច​បាន​?

24 ប្រសិនបើ​អាណាចក្រ​មួយ​បាក់បែកផ្ទៃក្នុង អាណាចក្រ​នោះ​មិនអាច​នៅឈរ​បានឡើយ

25 ហើយ​ប្រសិនបើ​គ្រួសារ​មួយ​បាក់បែកផ្ទៃក្នុង គ្រួសារ​នោះ​ក៏​មិនអាច​នៅឈរ​បាន​ដែរ​។

26 ប្រសិនបើ​សាតាំង​ក្រោកឡើង​ប្រឆាំងនឹង​ខ្លួនវា ហើយ​បាក់បែកគ្នា វា​មិនអាច​នៅឈរ​បានទេ គឺ​ចប់​ហើយ​។

27 “គ្មានអ្នកណា​អាច​ចូលទៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ខ្លាំងពូកែ ហើយ​ប្លន់​របស់របរ​គាត់​បាន​ឡើយ លុះត្រាតែ​ចង​មនុស្ស​ខ្លាំងពូកែ​នោះ​ជាមុនសិន ទើប​ប្លន់​ផ្ទះ​របស់​គាត់​បាន​។

28 ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មនុស្សជាតិនឹង​ត្រូវបាន​លើកលែងទោស ចំពោះ​បាប​ទាំងអស់ និង​ពាក្យប្រមាថ​អ្វីក៏ដោយដែល​គេ​និយាយប្រមាថព្រះ

29 ប៉ុន្តែ​អ្នកណាក៏ដោយដែល​និយាយប្រមាថ​ទាស់នឹង​ព្រះវិញ្ញាណដ៏វិសុទ្ធ គ្មាន​ការលើកលែងទោស​ជារៀងរហូត គឺ​មាន​ទោស​អំពី​បាប​អស់កល្បជានិច្ចវិញ”។

30 ព្រះយេស៊ូវ​មានបន្ទូល​ដូច្នេះ ពីព្រោះ​គេ​និយាយថា​៖ “គាត់​មាន​វិញ្ញាណអសោច​ចូល”។

សាច់ញាតិដ៏ពិត

31 បន្ទាប់មក ម្ដាយ និង​ប្អូន​ៗ​របស់​ព្រះយេស៊ូវ​បាន​មកដល់ ហើយ​ឈរ​នៅ​ខាងក្រៅ ឲ្យ​គេ​ទៅ​ហៅ​ព្រះអង្គ​។

32 ហ្វូងមនុស្ស​ដែល​អង្គុយ​នៅ​ជុំវិញ​ព្រះអង្គ ក៏​ទូល​ព្រះអង្គ​ថា​៖ “មើល៍! ម្ដាយ និង​ប្អូនប្រុស​ប្អូនស្រី​របស់លោក​មក​រក​លោក​នៅ​ខាងក្រៅ”។

33 ព្រះអង្គ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“តើ​នរណា​ជា​ម្ដាយ និង​ជា​បងប្អូន​របស់ខ្ញុំ​?”។

34 ព្រះអង្គ​ទត​មើល​អ្នក​ដែល​កំពុង​អង្គុយ​នៅ​ជុំវិញ​ព្រះអង្គ ហើយ​មានបន្ទូលថា​៖“មើល៍! ម្ដាយ​របស់ខ្ញុំ និង​បងប្អូន​របស់ខ្ញុំ​!

35 ដ្បិត​អ្នកណាក៏ដោយដែល​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ អ្នកនោះ​ហើយ ជា​បងប្អូនប្រុសស្រី និង​ជា​ម្ដាយ​របស់ខ្ញុំ”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative