ម៉ាកុស 2 - ព្រះគម្ពីរខ្មែរសាកលប្រោសមនុស្សស្លាប់មួយចំហៀងខ្លួនឲ្យជា 1 ប៉ុន្មានថ្ងៃក្រោយមក ព្រះយេស៊ូវយាងចូលទៅកាពើណិមម្ដងទៀត។ គេឮថាព្រះអង្គគង់នៅក្នុងផ្ទះ 2 ក៏មានមនុស្សជាច្រើនផ្ដុំគ្នា រហូតដល់គ្មានកន្លែងទៀតឡើយ សូម្បីតែនៅមាត់ទ្វារ។ រីឯព្រះអង្គកំពុងថ្លែងព្រះបន្ទូលដល់ពួកគេ។ 3 ពេលនោះ មានគេនាំមនុស្សស្លាប់មួយចំហៀងខ្លួនម្នាក់មករកព្រះអង្គ គឺគាត់ត្រូវមនុស្សបួននាក់សែងមក។ 4 ប៉ុន្តែពួកគេមិនអាចនាំគាត់ទៅឯព្រះអង្គបានទេ ដោយសារតែហ្វូងមនុស្ស។ ពួកគេរើដំបូលត្រង់កន្លែងដែលព្រះអង្គគង់នៅ ពេលរើហើយ ពួកគេក៏សម្រូតកន្ទេលដែលមានមនុស្សស្លាប់មួយចំហៀងខ្លួនកំពុងដេកនោះចុះ។ 5 ព្រះយេស៊ូវទតឃើញជំនឿរបស់ពួកគេ ក៏មានបន្ទូលនឹងមនុស្សស្លាប់មួយចំហៀងខ្លួននោះថា៖“កូនអើយ បាបរបស់អ្នកត្រូវបានលើកលែងទោសហើយ”។ 6 ប៉ុន្តែមានអ្នកខ្លះក្នុងពួកគ្រូវិន័យដែលកំពុងអង្គុយនៅទីនោះ រិះគិតក្នុងចិត្តថា៖ 7 “ហេតុអ្វីបានជាអ្នកនេះនិយាយដូច្នេះ? គាត់និយាយប្រមាថព្រះហើយ! ក្រៅពីព្រះមួយអង្គ តើនរណាអាចលើកលែងទោសបាបបាន?”។ 8 ព្រះយេស៊ូវទ្រង់ជ្រាបភ្លាមក្នុងវិញ្ញាណរបស់ព្រះអង្គថា ពួកគេរិះគិតយ៉ាងនេះក្នុងចិត្ត ក៏មានបន្ទូលនឹងពួកគេថា៖“ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតរឿងទាំងនេះក្នុងចិត្ត? 9 ការដែលនិយាយនឹងមនុស្សស្លាប់មួយចំហៀងខ្លួនថា: ‘បាបរបស់អ្នកត្រូវបានលើកលែងទោស’ ឬថា: ‘ចូរក្រោកឡើង យកកន្ទេលរបស់អ្នកដើរទៅចុះ’ តើមួយណាងាយថាជាង? 10 យ៉ាងណាមិញ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានសិទ្ធិអំណាចនៅលើផែនដីដើម្បីលើកលែងទោសបាប...” ព្រះអង្គក៏មានបន្ទូលនឹងមនុស្សស្លាប់មួយចំហៀងខ្លួនថា៖ 11 “ខ្ញុំប្រាប់អ្នកថា ចូរក្រោកឡើង យកកន្ទេលរបស់អ្នក ហើយទៅផ្ទះវិញចុះ!”។ 12 បុរសនោះក៏ក្រោកឡើង យកកន្ទេលចេញទៅភ្លាមនៅមុខមនុស្សទាំងអស់។ ដូច្នេះ ទាំងអស់គ្នាក៏ភ្ញាក់ផ្អើល ហើយលើកតម្កើងសិរីរុងរឿងដល់ព្រះដោយពោលថា៖ “យើងមិនដែលឃើញការបែបនេះសោះ”។ ការត្រាស់ហៅម៉ាថាយ 13 បន្ទាប់មក ព្រះយេស៊ូវយាងចេញទៅមាត់បឹងម្ដងទៀត។ ហ្វូងមនុស្សទាំងមូលមករកព្រះអង្គ ហើយព្រះអង្គក៏បង្រៀនពួកគេ។ 14 នៅពេលកំពុងយាងតាមផ្លូវ ព្រះអង្គទតឃើញលេវីកូនរបស់អាល់ផាយ អង្គុយនៅកន្លែងយកពន្ធ។ ព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ចូរមកតាមខ្ញុំ!” គាត់ក៏ក្រោកឡើងទៅតាមព្រះអង្គ។ ហូបជាមួយពួកមនុស្សបាប 15 ពេលព្រះយេស៊ូវគង់នៅផ្ទះរបស់លេវី មានអ្នកទារពន្ធ និងមនុស្សបាបជាច្រើនរួមតុអាហារជាមួយព្រះយេស៊ូវ និងពួកសិស្ស ដ្បិតមានមនុស្សជាច្រើនមកតាមព្រះអង្គ។ 16 ពួកគ្រូវិន័យរបស់ផារិស៊ីឃើញថាព្រះអង្គសោយជាមួយមនុស្សបាប និងអ្នកទារពន្ធ ក៏និយាយនឹងពួកសិស្សរបស់ព្រះអង្គថា៖ “ម្ដេចក៏គាត់ហូបជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?”។ 17 ព្រះយេស៊ូវទ្រង់ឮដូច្នេះ ក៏មានបន្ទូលនឹងពួកគេថា៖“អ្នកដែលមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ គឺអ្នកដែលមានជំងឺវិញ ដែលត្រូវការ។ ខ្ញុំបានមកមិនមែនដើម្បីហៅមនុស្សសុចរិតទេ គឺដើម្បីហៅមនុស្សបាបវិញ”។ សំណួរអំពីការតមអាហារ 18 ពួកសិស្សរបស់យ៉ូហាន និងពួកផារិស៊ីកំពុងតមអាហារ។ ដូច្នេះ មានគេមកទូលសួរព្រះអង្គថា៖ “ហេតុអ្វីបានជាសិស្សរបស់យ៉ូហាន និងសិស្សរបស់ពួកផារិស៊ីតមអាហារ ប៉ុន្តែសិស្សរបស់លោកមិនតមអាហារ?”។ 19 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“នៅពេលកូនកំលោះនៅជាមួយភ្ញៀវ ភ្ញៀវមិនអាចតមអាហារបានទេ មែនទេ? ដរាបណាមានកូនកំលោះនៅជាមួយ ពួកគេមិនអាចតមអាហារបានឡើយ 20 ប៉ុន្តែនឹងមានថ្ងៃមកដល់ ដែលកូនកំលោះត្រូវបានយកចេញពីពួកគេ នៅថ្ងៃនោះទើបពួកគេតមអាហារ។ 21 គ្មានអ្នកណាយកក្រណាត់ថ្មីមកប៉ះលើសម្លៀកបំពាក់ចាស់ឡើយ បើធ្វើដូច្នោះ បំណះថ្មីនឹងទាញចេញពីសម្លៀកបំពាក់ចាស់ បណ្ដាលឲ្យកន្លែងរហែកកាន់តែធំ; 22 ហើយក៏គ្មានអ្នកណាចាក់ស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នោះ ស្រាទំពាំងបាយជូរនឹងទម្លាយថង់ស្បែក នោះទាំងស្រាទំពាំងបាយជូរ ទាំងថង់ស្បែកនឹងខូច។ ផ្ទុយទៅវិញ ត្រូវតែចាក់ស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកថ្មី”។ ព្រះអម្ចាស់លើថ្ងៃសប្ប័ទ 23 នៅថ្ងៃសប្ប័ទមួយ ព្រះយេស៊ូវយាងកាត់វាលស្រែ ពួកសិស្សរបស់ព្រះអង្គចាប់ផ្ដើមកាច់កួរស្រូវ នៅពេលដើរតាមផ្លូវ។ 24 ពួកផារិស៊ីក៏ទូលព្រះអង្គថា៖ “មើល៍! ម្ដេចក៏ពួកគេធ្វើអ្វីដែលច្បាប់ហាមមិនឲ្យធ្វើនៅថ្ងៃសប្ប័ទ?”។ 25 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នាមិនដែលអានអ្វីដែលដាវីឌបានធ្វើ នៅពេលលោក និងពួកអ្នកដែលនៅជាមួយលោកខ្វះខាត ហើយឃ្លានទេឬ? 26 គឺរបៀបដែលលោកចូលទៅក្នុងដំណាក់របស់ព្រះ នៅសម័យមហាបូជាចារ្យអ័បៀថើរ ហើយហូបនំប៉័ងតាំងថ្វាយ ព្រមទាំងចែកឲ្យពួកអ្នកដែលនៅជាមួយលោកផង ជានំប៉័ងដែលច្បាប់ហាមមិនឲ្យហូបឡើយ លើកលែងតែពួកបូជាចារ្យប៉ុណ្ណោះ”។ 27 រួចព្រះអង្គមានបន្ទូលនឹងពួកគេថា៖“ថ្ងៃសប្ប័ទត្រូវបានបង្កើតឡើងសម្រាប់មនុស្ស មិនមែនមនុស្សសម្រាប់ថ្ងៃសប្ប័ទទេ។ 28 ដូច្នេះ កូនមនុស្សជាព្រះអម្ចាស់ ហើយក៏ជាព្រះអម្ចាស់លើថ្ងៃសប្ប័ទដែរ”៕ |