ប្រាប់ជាមុនអំពីការបំផ្លាញព្រះវិហារ1 នៅពេលព្រះយេស៊ូវកំពុងយាងចេញពីព្រះវិហារ ម្នាក់ក្នុងពួកសិស្សទូលព្រះអង្គថា៖ “លោកគ្រូ មើល៍! ថ្មទាំងនេះអស្ចារ្យម្ល៉េះ អគារទាំងនេះអស្ចារ្យម្ល៉េះ!”។ 2 ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“តើអ្នកឃើញអគារធំៗទាំងនេះឬទេ? នៅទីនេះគ្មានថ្មណាមួយដែលសល់នៅលើថ្មមួយទៀត ដោយមិនត្រូវរំលំចោលឡើយ”។ ទីសម្គាល់នៃគ្រាចុងក្រោយ3 ព្រះយេស៊ូវគង់ចុះនៅលើភ្នំដើមអូលីវទល់មុខព្រះវិហារ។ ពេត្រុស យ៉ាកុប យ៉ូហាន និងអនទ្រេ ទូលសួរព្រះអង្គដោយឡែកថា៖ 4 “សូមប្រាប់យើងខ្ញុំផង តើការទាំងនេះនឹងកើតឡើងនៅពេលណា? តើមានទីសម្គាល់អ្វី នៅពេលការទាំងអស់នេះរៀបនឹងសម្រេច?”។ 5 ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមមានបន្ទូលនឹងពួកគេថា៖“ចូរប្រុងប្រយ័ត្ន ក្រែងលោមានអ្នកណាបោកបញ្ឆោតអ្នករាល់គ្នា។ 6 មានមនុស្សជាច្រើននឹងមកក្នុងនាមរបស់ខ្ញុំ ដោយនិយាយថា: ‘គឺខ្ញុំហ្នឹងហើយ ជាព្រះអង្គនោះ’ ហើយពួកគេនឹងបោកបញ្ឆោតមនុស្សជាច្រើន។ 7 កាលណាអ្នករាល់គ្នាឮអំពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម កុំភ័យស្លន់ស្លោឡើយ។ ការទាំងនេះត្រូវតែកើតឡើង ប៉ុន្តែមិនទាន់ដល់ទីបញ្ចប់នៅឡើយទេ។ 8 ពេលនោះ ប្រជាជាតិមួយនឹងក្រោកឡើងតទល់នឹងប្រជាជាតិមួយទៀត អាណាចក្រមួយតទល់នឹងអាណាចក្រមួយទៀត ហើយនៅកន្លែងផ្សេងៗនឹងមានរញ្ជួយផែនដី និងទុរ្ភិក្ស។ ទាំងអស់នេះជាការចាប់ផ្ដើមនៃការឈឺពោះឆ្លងទន្លេ។ ប្រាប់ជាមុនអំពីការបៀតបៀន9 “ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួន។ គេនឹងប្រគល់អ្នករាល់គ្នាទៅក្រុមប្រឹក្សា ហើយអ្នករាល់គ្នានឹងត្រូវគេវាយក្នុងសាលាប្រជុំ។ ដោយសារតែខ្ញុំ អ្នករាល់គ្នានឹងត្រូវឈរនៅមុខបណ្ដាអភិបាល និងស្ដេច ដើម្បីជាទីបន្ទាល់ដល់ពួកគេ។ 10 ប៉ុន្តែដំណឹងល្អត្រូវតែបានប្រកាសដល់ប្រជាជាតិទាំងអស់ជាមុនសិន។ 11 កាលណាគេនាំអ្នករាល់គ្នាទៅប្រគល់ឲ្យពួកគេ កុំបារម្ភជាមុនអំពីអ្វីដែលត្រូវនិយាយឡើយ។ អ្វីក៏ដោយដែលប្រទានមកអ្នករាល់គ្នានៅពេលនោះ ចូរនិយាយសេចក្ដីនោះចុះ ដ្បិតមិនមែនជាអ្នករាល់គ្នាទេដែលនិយាយ គឺជាព្រះវិញ្ញាណដ៏វិសុទ្ធវិញ។ 12 បងប្អូននឹងប្រគល់បងប្អូនឲ្យទៅស្លាប់ ឪពុកនឹងប្រគល់កូនឲ្យទៅស្លាប់ រីឯកូនៗនឹងក្រោកឡើងប្រឆាំងនឹងឪពុកម្ដាយ ហើយធ្វើឲ្យពួកគាត់ត្រូវគេសម្លាប់។ 13 អ្នករាល់គ្នានឹងត្រូវមនុស្សទាំងអស់ស្អប់ដោយសារតែនាមរបស់ខ្ញុំ ប៉ុន្តែអ្នកដែលស៊ូទ្រាំដល់ទីបញ្ចប់ អ្នកនោះនឹងបានសង្គ្រោះ។ គ្រានៃមហាទុក្ខវេទនា14 “កាលណាអ្នករាល់គ្នាឃើញ‘តួគួរឲ្យស្អប់ខ្ពើម នៃភាពហិនវិនាស ’ ឈរនៅកន្លែងដែលមិនគួរឈរ——ចូរឲ្យអ្នកអានយល់ចុះ——ពេលនោះ ចូរឲ្យអ្នកដែលនៅយូឌារត់គេចទៅភ្នំទៅ។ 15 កុំឲ្យអ្នកដែលនៅលើដំបូលផ្ទះចុះមកឬចូលទៅយកអ្វីពីផ្ទះរបស់ខ្លួនឡើយ 16 រីឯអ្នកដែលនៅស្រែចម្ការក៏កុំឲ្យត្រឡប់មកវិញ យកសម្លៀកបំពាក់របស់ខ្លួនដែរ។ 17 នៅគ្រានោះ វេទនាហើយ! ស្ត្រីដែលមានផ្ទៃពោះ និងស្ត្រីដែលបំបៅកូន។ 18 ចូរអ្នករាល់គ្នាអធិស្ឋាន ដើម្បីកុំឲ្យការនេះកើតឡើងនៅរដូវរងាឡើយ 19 ដ្បិតនៅគ្រានោះនឹងមានទុក្ខវេទនា ដែលតាំងពីដើមដំបូងដែលព្រះបាននិម្មិតបង្កើតពិភពលោក រហូតមកដល់សព្វថ្ងៃនេះ មិនធ្លាប់កើតឡើងបែបនេះទេ ហើយក៏មិនកើតឡើងទៀតដែរ។ 20 ប្រសិនបើព្រះអម្ចាស់មិនបន្ថយថ្ងៃទាំងនោះទេ គ្មានមនុស្សណាម្នាក់បានសង្គ្រោះឡើយ ប៉ុន្តែដោយយោគយល់ដល់អ្នកដែលត្រូវបានជ្រើសតាំងដែលព្រះអង្គបានជ្រើសរើស ព្រះអង្គបានបន្ថយថ្ងៃទាំងនោះហើយ។ 21 “ពេលនោះ ប្រសិនបើមានអ្នកណាប្រាប់អ្នករាល់គ្នាថា: ‘មើល៍! ព្រះគ្រីស្ទនៅទីនេះ’ ឬថា: ‘មើល៍! ព្រះអង្គនៅទីនោះ’ កុំជឿឡើយ។ 22 ដ្បិតព្រះគ្រីស្ទក្លែងក្លាយ និងព្យាការីក្លែងក្លាយនឹងក្រោកឡើង ហើយពួកគេនឹងសម្ដែងទីសម្គាល់ និងការអស្ចារ្យ ដើម្បីនាំអ្នកដែលត្រូវបានជ្រើសតាំងឲ្យវង្វេង ប្រសិនបើអាច។ 23 ដូច្នេះ ចូរប្រុងប្រយ័ត្ន! ខ្ញុំប្រាប់អ្នករាល់គ្នាទុកមុនសព្វគ្រប់ហើយ។ ការយាងមកវិញរបស់កូនមនុស្ស24 “នៅគ្រានោះ ក្រោយពីទុក្ខវេទនានោះ ‘ព្រះអាទិត្យនឹងងងឹត ព្រះចន្ទក៏លែងបញ្ចេញពន្លឺ 25 ផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក’។ 26 ពេលនោះ គេនឹងឃើញកូនមនុស្សមកក្នុងពពក ប្រកបដោយព្រះចេស្ដាដ៏មហិមា និងសិរីរុងរឿង។ 27 លោកនឹងចាត់បណ្ដាទូតសួគ៌ឲ្យទៅប្រមូលអ្នកដែលត្រូវបានជ្រើសតាំងរបស់លោកពីទិសទាំងបួន ចាប់ពីចុងបំផុតនៃផែនដីដល់ចុងបំផុតនៃផ្ទៃមេឃ។ ពាក្យឧបមាអំពីដើមល្វា28 “ចូររៀនពាក្យឧបមានេះពីដើមល្វាចុះ: កាលណាមែករបស់វាត្រឡប់ជាទន់ ហើយលាស់ស្លឹក អ្នករាល់គ្នាដឹងថាជិតដល់រដូវក្ដៅហើយ។ 29 អ្នករាល់គ្នាក៏ដូច្នេះដែរ កាលណាអ្នករាល់គ្នាឃើញការទាំងនេះកើតឡើង ចូរដឹងថាកូនមនុស្សនៅជិតហើយ គឺនៅមាត់ទ្វារ។ 30 ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ជំនាន់នេះមិនផុតទៅឡើយ ទាល់តែការទាំងអស់នេះបានកើតឡើង។ 31 ផ្ទៃមេឃ និងផែនដីនឹងផុតទៅ ប៉ុន្តែពាក្យរបស់ខ្ញុំនឹងមិនផុតទៅសោះឡើយ។ គ្មានអ្នកណាដឹងអំពីថ្ងៃ ឬម៉ោងឡើយ32 “ចំពោះថ្ងៃ ឬម៉ោងនោះ គ្មានអ្នកណាដឹងឡើយ សូម្បីតែបណ្ដាទូតសួគ៌នៅស្ថានសួគ៌ ឬព្រះបុត្រាក៏មិនជ្រាបដែរ មានតែព្រះបិតាប៉ុណ្ណោះដែលជ្រាប។ 33 ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ន ប្រុងស្មារតីដ្បិតអ្នករាល់គ្នាមិនដឹងថាពេលកំណត់ជាពេលណាទេ 34 គឺដូចជាអ្នកដំណើរម្នាក់ចាកចេញពីផ្ទះ ហើយប្រគល់សិទ្ធិអំណាច និងការងារដល់ពួកបាវបម្រើរបស់គាត់រៀងៗខ្លួន ព្រមទាំងបង្គាប់អ្នកយាមទ្វារឲ្យប្រុងស្មារតីផង។ 35 ដូច្នេះ ចូរប្រុងស្មារតីចុះ ដ្បិតអ្នករាល់គ្នាមិនដឹងថាម្ចាស់ផ្ទះនឹងមកវិញពេលណាទេ គឺមិនដឹងថាពេលល្ងាច ឬពេលកណ្ដាលអធ្រាត្រ ឬពេលមាន់រងាវ ឬពេលព្រឹកព្រលឹមឡើយ 36 ក្រែងលោស្រាប់តែគាត់មកវិញ ឃើញអ្នករាល់គ្នាកំពុងដេកលក់។ 37 អ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នា ខ្ញុំក៏ប្រាប់មនុស្សទាំងអស់ដែរថា: ចូរប្រុងស្មារតីចុះ!”៕ |