ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ភីលីព 4 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ភីលីព 4

ពាក្យណែនាំ

1 ដូច្នេះ បងប្អូន​ដ៏ជាទីស្រឡាញ់ និង​ជាទីនឹករលឹក​របស់ខ្ញុំ ដែលជា​អំណរ និង​ជា​មកុដ​របស់ខ្ញុំ​អើយ​! ចូរ​អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​ឈរឲ្យមាំមួន​ដូច្នេះ​ក្នុង​ព្រះអម្ចាស់​!

2 ខ្ញុំ​សូមអង្វរ​អ៊ើរ៉ូឌា ហើយ​សូមអង្វរ​ស៊ុនទីច​ដែរ ឲ្យ​មានចិត្តតែមួយ​ក្នុង​ព្រះអម្ចាស់​។

3 មែនហើយ គូកន​ដ៏ពិតត្រង់​អើយ​! ខ្ញុំ​សូម​អង្វរ​អ្នក​រាល់គ្នា​ដែរ ឲ្យ​ជួយ​នាងទាំងពីរ​។ ពួកនាង​បាន​រួមតស៊ូ​ជាមួយ​ខ្ញុំ​ក្នុង​ដំណឹងល្អ ព្រមទាំង​ក្លេមេន និង​អ្នករួមការងារ​ជាមួយខ្ញុំ​ឯទៀត​ៗ ដែលអ្នកទាំងនេះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជីវិត​ដែរ​។

4 ចូរ​អរសប្បាយ​ក្នុង​ព្រះអម្ចាស់​ជានិច្ច​។ ខ្ញុំ​ប្រាប់​ម្ដងទៀត​ថា ចូរ​អរសប្បាយ​ឡើង​!

5 ចូរឲ្យ​ចិត្តសប្បុរស​របស់អ្នករាល់គ្នា​ត្រូវបាន​ដឹង​ដល់​មនុស្ស​ទាំងអស់​ចុះ​។ ព្រះអម្ចាស់​ជិត​យាង​មកដល់​ហើយ​!

6 កុំ​បារម្ភ​នឹង​អ្វីឡើយ ផ្ទុយទៅវិញ ចូរ​ទូល​ទៅ​ព្រះ​ឲ្យជ្រាប​សំណូម​របស់អ្នករាល់គ្នា​ក្នុង​គ្រប់ការទាំងអស់ តាមរយៈ​សេចក្ដីអធិស្ឋាន និង​សេចក្ដីទូលអង្វរ ដោយ​អរព្រះគុណ​ចុះ​។

7 ធ្វើដូច្នេះ សេចក្ដីសុខសាន្ត​របស់​ព្រះ​ដែល​ហួស​អស់ទាំង​គំនិត នឹង​ការពារ​ចិត្ត និង​គំនិត​របស់អ្នករាល់គ្នា ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។

8 ជាទីបញ្ចប់ បងប្អូន​អើយ អ្វីៗដែល​ពិត អ្វីៗដែល​គួរគោរព អ្វីៗដែល​សុចរិត អ្វីៗដែល​បរិសុទ្ធ អ្វីៗដែល​គួរស្រឡាញ់ អ្វីៗដែល​មានកេរ្តិ៍ឈ្មោះល្អ ប្រសិនបើ​មាន​គុណធម៌​ណាមួយ ‍ឬ​សេចក្ដីគួរសរសើរ​ណាមួយ ចូរឲ្យ​គិត​អំពី​សេចក្ដីទាំងនោះ​ចុះ​។

9 អ្វីដែល​អ្នករាល់គ្នា​បាន​រៀន បាន​ទទួល បាន​ឮ និង​បាន​ឃើញ​ក្នុង​ខ្ញុំ ចូរ​ប្រព្រឹត្តតាម​សេចក្ដីទាំងនោះ​ចុះ នោះ​ព្រះ​នៃ​សេចក្ដីសុខសាន្ត​នឹង​គង់នៅ​ជាមួយ​អ្នករាល់គ្នា​។

អរគុណចំពោះជំនួយ

10 ខ្ញុំ​អរសប្បាយ​ក្នុង​ព្រះអម្ចាស់​យ៉ាងខ្លាំង ដែល​នៅទីបំផុត អ្នករាល់គ្នា​បាន​នឹក​ដល់​ខ្ញុំ​សាជាថ្មីឡើងវិញ​នៅ​ឥឡូវនេះ​។ អ្នករាល់គ្នា​បាន​នឹក​ដល់​ខ្ញុំ​មែន គ្រាន់តែ​មិនមានឱកាស​បង្ហាញ​ប៉ុណ្ណោះ​។

11 ខ្ញុំ​និយាយ​ដូច្នេះ មិនមែន​ដោយ​ខ្ញុំ​ខ្វះខាត​ទេ ដ្បិត​ខ្ញុំ​បាន​រៀនឲ្យចេះ​ស្កប់ចិត្ត​ក្នុង​គ្រប់កាលៈទេសៈ​។

12 ខ្ញុំ​ស្គាល់​ភាព​ទ័លក្រ​ជាយ៉ាងណា ហើយក៏​ស្គាល់​ភាព​ស្ដុកស្ដម្ភ​ជាយ៉ាងណា​ដែរ​។ ក្នុង​គ្រប់ការទាំងអស់ និង​គ្រប់កាលៈទេសៈ ខ្ញុំ​ស្គាល់អាថ៌កំបាំង​នៃការរស់នៅ ទាំង​ស្កប់ស្កល់ ទាំង​អត់ឃ្លាន ទាំង​សម្បូរហូរហៀរ ទាំង​ខ្វះខាត​។

13 ខ្ញុំ​អាច​ធ្វើ​គ្រប់ការទាំងអស់​បាន ក្នុង​ព្រះអង្គ​ដែល​ចម្រើនកម្លាំង​ដល់​ខ្ញុំ​។

14 ទោះបីជាយ៉ាងណាក៏ដោយ អ្នករាល់គ្នា​ធ្វើ​បាន​ល្អ​ដែល​ចូលរួម​ក្នុង​ទុក្ខវេទនា​របស់ខ្ញុំ​។

15 អ្នកភីលីព​អើយ អ្នករាល់គ្នា​ក៏​ដឹង​ហើយ​ថា តាំងពី​ការចាប់ផ្ដើម​នៃ​ដំណឹងល្អ កាល​ខ្ញុំ​ចាកចេញ​ពី​ម៉ាសេដូន គ្មាន​ក្រុមជំនុំ​ណាមួយ​រួមចំណែកផ្គត់ផ្គង់​ខ្ញុំ​ក្នុង​ការឲ្យ និង​ការទទួល​ឡើយ ក្រៅពី​អ្នករាល់គ្នា​ប៉ុណ្ណោះ​។

16 សូម្បីតែ​ពេល​ខ្ញុំ​នៅ​ថែស្សាឡូនីច ក៏​អ្នករាល់គ្នា​បាន​ផ្ញើ​អ្វីៗ​ដែល​ខ្ញុំ​ត្រូវការ​មក​ម្ដងហើយម្ដងទៀត​។

17 មិនមែន​ថា​ខ្ញុំ​កំពុង​រក​អំណោយ​ទេ គឺ​ខ្ញុំ​រក​ផលផ្លែ​ដែល​កើនឡើង​ដល់​គណនី​របស់អ្នករាល់គ្នា​វិញ​។

18 សព្វថ្ងៃនេះ ខ្ញុំ​មាន​គ្រប់គ្រាន់​ទាំងអស់ ហើយ​មានសម្បូរហូរហៀរ​ទៀតផង​។ ខ្ញុំ​បាន​ទទួល​គ្រប់គ្រាន់​ហើយ ដោយ​បាន​ទទួល​ពី​អេប៉ាប្រូឌីត​នូវ​អ្វីៗ​ដែល​មកពី​អ្នករាល់គ្នា​។ របស់ទាំងនោះជា​ក្លិនក្រអូបពិដោរ ជា​យញ្ញបូជា​នៃ​ការសន្ដោស និង​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ​។

19 ព្រះ​របស់ខ្ញុំ​នឹង​បំពេញ​គ្រប់ទាំង​តម្រូវការ​របស់អ្នករាល់គ្នា ស្របតាម​ភាពបរិបូរ​របស់​ព្រះអង្គ​ដែល​ប្រកបដោយ​សិរីរុងរឿង​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។

20 សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះដែលជាព្រះបិតា​របស់យើង រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។

សេចក្ដីបញ្ចប់

21 សូម​ជួយ​សួរសុខទុក្ខ​វិសុទ្ធជន​ទាំងអស់​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។ បងប្អូន​ដែល​នៅ​ជាមួយ​ខ្ញុំ ក៏​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​ដែរ​។

22 វិសុទ្ធជន​ទាំងអស់ ជាពិសេស​ពួក​អ្នក​ពី​ដំណាក់​របស់​សេសារ ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។

23 សូមឲ្យ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ស្ថិតនៅ​ជាមួយ​វិញ្ញាណ​របស់អ្នករាល់គ្នា​!​៕​៚

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative