ព្រះដ៏ខ្ពស់បំផុតជាជម្រករបស់ខ្ញុំ1 អ្នកដែលរស់នៅក្នុងទីលាក់កំបាំងរបស់ព្រះដ៏ខ្ពស់បំផុត គឺស្នាក់នៅក្រោមម្លប់របស់ព្រះដ៏មានព្រះចេស្ដា។ 2 ខ្ញុំនឹងទូលព្រះយេហូវ៉ាថា៖ “ព្រះអង្គជាជម្រករបស់ទូលបង្គំ និងជាបន្ទាយរបស់ទូលបង្គំ ជាព្រះរបស់ទូលបង្គំ ដែលទូលបង្គំជឿទុកចិត្តលើព្រះអង្គ!”។ 3 ប្រាកដមែន គឺព្រះអង្គហើយ ដែលរំដោះអ្នកពីអង្គប់របស់ព្រាន ពីជំងឺរាតត្បាតមរណៈ។ 4 ព្រះអង្គនឹងឃុំគ្រងអ្នកដោយចំអេងស្លាបរបស់ព្រះអង្គ ហើយអ្នកនឹងជ្រកកោននៅក្រោមស្លាបរបស់ព្រះអង្គ; សេចក្ដីពិតត្រង់របស់ព្រះអង្គជាខែលធំ និងជាខែលតូច។ 5 អ្នកនឹងមិនខ្លាចការភិតភ័យនៅពេលយប់ ឬព្រួញដែលហោះមកនៅពេលថ្ងៃ 6 ឬជំងឺរាតត្បាតដែលរាលដាលនៅក្នុងភាពងងឹតសូន្យ ឬជំងឺឧត្បាតដែលបំផ្លាញនៅពេលថ្ងៃត្រង់ឡើយ។ 7 ទោះបីជាមួយពាន់នាក់ដួលនៅក្បែរអ្នក ហើយមួយម៉ឺននាក់ដួលនៅខាងស្ដាំអ្នកក៏ដោយ ក៏វានឹងមិនមកជិតអ្នកឡើយ។ 8 អ្នកនឹងគ្រាន់តែមើលដោយភ្នែករបស់អ្នកប៉ុណ្ណោះ នោះនឹងឃើញការតបសងដល់មនុស្សអាក្រក់។ 9 ដោយព្រោះអ្នកបានយកព្រះយេហូវ៉ា ដែលជាជម្រករបស់ខ្ញុំ ជាព្រះដ៏ខ្ពស់បំផុត ធ្វើជាលំនៅរបស់អ្នក 10 ដូច្នេះ មហន្តរាយនឹងមិនកើតមានដល់អ្នកឡើយ ហើយគ្រោះកាចក៏នឹងមិនមកជិតរោងរបស់អ្នកដែរ។ 11 ដ្បិតព្រះអង្គនឹងបង្គាប់បណ្ដាទូតសួគ៌របស់ព្រះអង្គអំពីអ្នក ឲ្យថែរក្សាអ្នកក្នុងអស់ទាំងផ្លូវរបស់អ្នក; 12 ពួកគេនឹងទ្រអ្នកដោយដៃ ដើម្បីកុំឲ្យជើងរបស់អ្នកទង្គិចនឹងថ្ម។ 13 អ្នកនឹងដើរជាន់លើសិង្ហកំណាច និងពស់វែក អ្នកនឹងជាន់ឈ្លីសិង្ហស្ទាវ និងពស់ធំ។ 14 “ដោយព្រោះគេបានស្រឡាញ់យើង ដូច្នេះយើងនឹងរំដោះគេ ដោយព្រោះគេបានស្គាល់នាមរបស់យើង ដូច្នេះយើងនឹងលើកគេឲ្យរួចផុត។ 15 គេនឹងស្រែកហៅយើង ហើយយើងនឹងឆ្លើយតបនឹងគេ; យើងនឹងនៅជាមួយគេក្នុងទុក្ខវេទនា ក៏នឹងរំដោះគេ ព្រមទាំងលើកតម្កើងគេផង។ 16 យើងនឹងឲ្យគេស្កប់ចិត្តដោយអាយុវែង ហើយឲ្យគេឃើញសេចក្ដីសង្គ្រោះរបស់យើង”៕ |