សិរីរុងរឿងរបស់ព្រះ និងកិត្តិយសរបស់មនុស្សបទតម្កើងរបស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង ត្រូវលេងតាមទំនុកភ្លេងគីធីត ។ 1 ព្រះយេហូវ៉ាដ៏ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមរបស់ព្រះអង្គឧត្ដុង្គឧត្ដមយ៉ាងណាហ្ន៎នៅលើផែនដីទាំងមូល! ព្រះអង្គបានតម្កល់សិរីរុងរឿងរបស់ព្រះអង្គឲ្យខ្ពស់ជាងបណ្ដាមេឃ។ 2 ដោយព្រោះពួកសត្រូវរបស់ព្រះអង្គ ព្រះអង្គបានស្ថាបនាព្រះចេស្ដាចេញពីមាត់កូនក្មេង និងទារកនៅបៅ ដើម្បីធ្វើឲ្យខ្មាំងសត្រូវ និងអ្នកសងសឹកគ្មានវាចាសោះ។ 3 កាលណាទូលបង្គំសង្កេតមើលផ្ទៃមេឃដែលជាស្នាព្រះហស្តរបស់ព្រះអង្គ ព្រមទាំងព្រះចន្ទ និងផ្កាយដែលព្រះអង្គបានតាំងឡើង 4 នោះតើមនុស្សជាអ្វី បានជាព្រះអង្គយកចិត្តទុកដាក់នឹងគេ? តើកូនមនុស្សជាអ្វី បានជាព្រះអង្គមើលថែគេ? 5 ព្រះអង្គបានធ្វើឲ្យគេទាបជាងព្រះតែបន្តិចទេ; ព្រះអង្គបានយកសិរីរុងរឿង និងអានុភាព បំពាក់ជាមកុដលើគេ។ 6 ព្រះអង្គបានធ្វើឲ្យគេមានអំណាចលើស្នាព្រះហស្តរបស់ព្រះអង្គ ព្រះអង្គបានដាក់របស់សព្វសារពើនៅក្រោមជើងគេ 7 គឺអស់ទាំងចៀម និងគោ ព្រមទាំងសត្វព្រៃនៃទីវាលផងដែរ 8 ទាំងបក្សាបក្សីនៅលើអាកាស ត្រីនៅក្នុងសមុទ្រ និងសត្វដែលឆ្លងកាត់តាមផ្លូវសមុទ្រ។ 9 ព្រះយេហូវ៉ាដ៏ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមរបស់ព្រះអង្គឧត្ដុង្គឧត្ដមយ៉ាងណាហ្ន៎ នៅលើផែនដីទាំងមូល!៕ |