សុខសុវត្ថិភាពនៅក្នុងព្រះបទតម្កើង របស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង ត្រូវលេងដោយគ្រឿងតន្ត្រីមានខ្សែ។ 1 ឱព្រះអើយ សូមសណ្ដាប់សម្រែករបស់ទូលបង្គំ សូមប្រុងស្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំផង! 2 កាលណាចិត្តទូលបង្គំខ្សោយ ទូលបង្គំស្រែកហៅព្រះអង្គពីចុងបំផុតនៃផែនដី; សូមព្រះអង្គនាំទូលបង្គំទៅឯថ្មដាដែលខ្ពស់ជាងទូលបង្គំផង 3 ដ្បិតព្រះអង្គជាជម្រកដល់ទូលបង្គំ ជាប៉មដ៏រឹងមាំទាស់នឹងខ្មាំងសត្រូវ។ 4 សូមឲ្យទូលបង្គំស្នាក់នៅក្នុងព្រះពន្លារបស់ព្រះអង្គជារៀងរហូត សូមឲ្យទូលបង្គំជ្រកកោននៅក្រោមទីលាក់កំបាំងនៃស្លាបរបស់ព្រះអង្គផង។ សេឡា 5 ដ្បិតគឺព្រះអង្គហើយ ឱព្រះអើយ ដែលឮពាក្យបន់របស់ទូលបង្គំ ព្រះអង្គបានប្រទានដល់ទូលបង្គំនូវមរតករបស់អ្នកដែលកោតខ្លាចព្រះនាមរបស់ព្រះអង្គ! 6 សូមព្រះអង្គបន្ថែមថ្ងៃនៃអាយុដល់ស្ដេច សូមឲ្យអាយុជីវិតរបស់ទ្រង់បានវែង រហូតដល់គ្រប់ជំនាន់។ 7 សូមឲ្យស្ដេចគង់នៅចំពោះព្រះជារៀងរហូត សូមកំណត់ឲ្យសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់រក្សាទ្រង់ផង។ 8 នោះទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គជារៀងរហូត ដើម្បីលាបំណន់ដែលទូលបង្គំបានបន់ ជារៀងរាល់ថ្ងៃ៕ |