ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 54 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 54

អធិស្ឋានសុំព្រះឲ្យរំដោះ
ទំនុក​ម៉ាស្គីល ​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង ត្រូវលេង​ដោយ​គ្រឿងតន្ត្រីមានខ្សែ កាល​អ្នកស៊ីភ​មក​ទូល​សូល​ថា​៖ “តើ​ដាវីឌ​មិន​លាក់ខ្លួន​នៅក្នុងចំណោម​យើងខ្ញុំ​ទេ​ឬ​?”។

1 ឱ​ព្រះ​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ដោយ​ព្រះនាម​របស់ព្រះអង្គ ហើយ​ការពារក្ដី​ឲ្យ​ទូលបង្គំ​ដោយ​ព្រះចេស្ដា​របស់ព្រះអង្គ​ផង​!

2 ឱ​ព្រះ​អើយ សូម​សណ្ដាប់​ពាក្យអធិស្ឋាន​របស់ទូលបង្គំ ហើយ​ផ្ទៀងព្រះកាណ៌​នឹង​ពាក្យ​ពី​មាត់​របស់ទូលបង្គំ​ផង​!

3 ដ្បិត​ជនមិនស្គាល់​បាន​ក្រោកឡើង​ប្រឆាំងនឹង​ទូលបង្គំ មនុស្ស​កាចសាហាវ​បាន​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ​; ពួកគេ​មិន​បាន​ដាក់​ព្រះ​នៅមុខ​ពួកគេ​ឡើយ​។ សេឡា

4 មើល៍! ព្រះ​ជា​ជំនួយ​ដល់​ទូលបង្គំ ព្រះអម្ចាស់​ជា​អ្នក​ទ្រទ្រង់​ព្រលឹង​របស់ទូលបង្គំ​។

5 ព្រះអង្គ​នឹង​តបសង​ពួក​សត្រូវ​របស់ទូលបង្គំ តាម​ការ​អាក្រក់​របស់ពួកគេ​; សូម​ព្រះអង្គ​បំផ្លាញជីវិត​ពួកគេ ដោយព្រោះ​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​។

6 ទូលបង្គំ​នឹង​ថ្វាយ​តង្វាយស្ម័គ្រចិត្ត​ដល់​ព្រះអង្គ​។ ព្រះយេហូវ៉ា​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ ដ្បិត​ព្រះនាម​របស់ព្រះអង្គ​ល្អ​!

7 ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ពី​អស់ទាំង​ទុក្ខវេទនា ហើយ​ភ្នែក​របស់ខ្ញុំ​បាន​មើល​ចុះមក​ពួក​សត្រូវ​របស់ខ្ញុំ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative