Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 53 - ព្រះគម្ពីរខ្មែរសាកល


លក្ខណៈរបស់មនុស្សបាប
ទំនុក​ម៉ាស្គីល ​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង ត្រូវលេង​តាម​ទំនុកភ្លេង​ម៉ាហាឡាត​។

1 មនុស្ស​ឆោតល្ងង់​និយាយ​ក្នុងចិត្ត​របស់ខ្លួន​ថា​៖ “គ្មាន​ព្រះ​ទេ​!”។ ពួកគេ​ខូចអាក្រក់ ហើយ​ប្រព្រឹត្ត​អំពើទុច្ចរិត​គួរឲ្យស្អប់ខ្ពើម​; គ្មានអ្នកណា​ប្រព្រឹត្ត​ល្អ​ឡើយ​។

2 ព្រះ​ទ្រង់​អើតមើល​ពី​ស្ថានសួគ៌​ទៅលើ​មនុស្សលោក ដើម្បីឲ្យ​ឃើញថា​តើ​មាន​អ្នកដែល​មានប្រាជ្ញា ដែល​ស្វែងរក​ព្រះ​ឬយ៉ាងណា​។

3 ពួកគេ​ទាំងអស់គ្នា​បាន​បែរចេញ ហើយ​ត្រឡប់ជាស្មោកគ្រោក​ដូចៗគ្នា​; គ្មានអ្នកណា​ប្រព្រឹត្ត​ល្អ​ឡើយ សូម្បីតែ​ម្នាក់​ក៏​គ្មាន​ផង​!

4 តើ​អ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​មិន​ដឹង​ទេ​ឬ​? គេ​ត្របាក់ស៊ី​ប្រជារាស្ត្រ​របស់យើង​ដូច​ត្របាក់ស៊ី​អាហារ ក៏មិន​ហៅរក​ព្រះ​ឡើយ​។

5 នៅ​ទីនោះ គេ​តក់ស្លុតយ៉ាងខ្លាំង​នៅកន្លែងដែល​គ្មាន​ការតក់ស្លុត ពីព្រោះ​ព្រះ​បាន​កម្ចាត់កម្ចាយ​ឆ្អឹង​អ្នកដែល​បោះទ័ព​ទាស់នឹង​អ្នក​។ អ្នក​បាន​ធ្វើឲ្យ​គេ​អាម៉ាស់មុខ ដោយព្រោះ​ព្រះ​បាន​បោះបង់​គេ​ចោល​។

6 ឱបើ​សេចក្ដីសង្គ្រោះ​របស់​អ៊ីស្រាអែល​ចេញមក​ពី​ស៊ីយ៉ូន​ទៅអេះ! នៅពេល​ព្រះ​ទ្រង់​ធ្វើឲ្យ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដែលជា​ឈ្លើយសឹក​ត្រឡប់មកវិញ នោះ​សូមឲ្យ​យ៉ាកុប​បាន​ត្រេកអរ សូមឲ្យ​អ៊ីស្រាអែល​បាន​អរសប្បាយ​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម