Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 55 - ព្រះគម្ពីរខ្មែរសាកល


ការក្បត់ពីមិត្តសម្លាញ់
ទំនុក​ម៉ាស្គីល ​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង ត្រូវលេង​ដោយ​គ្រឿងតន្ត្រីមានខ្សែ​។

1 ឱ​ព្រះ​អើយ សូម​ផ្ទៀងព្រះកាណ៌​នឹង​ពាក្យអធិស្ឋាន​របស់ទូលបង្គំ​ផង សូម​កុំ​លាក់​អង្គទ្រង់​ពី​ពាក្យទូលអង្វរ​របស់ទូលបង្គំ​ឡើយ​!

2 សូម​ប្រុងស្ដាប់​ទូលបង្គំ ហើយ​ឆ្លើយ​មក​ទូលបង្គំ​ផង​! ទូលបង្គំ​រសាប់រសល់​ក្នុង​ការត្អូញត្អែរ​របស់ទូលបង្គំ ព្រមទាំង​ថ្ងូរ​ដែរ

3 ដោយសារតែ​សំឡេង​របស់​សត្រូវ ដោយសារតែ​ការសង្កត់សង្កិន​របស់​មនុស្ស​អាក្រក់​; មែនហើយ ពួកគេ​ទម្លាក់​មហន្តរាយ​លើ​ទូលបង្គំ ព្រមទាំង​បៀតបៀន​ទូលបង្គំ​ដោយ​កំហឹង​ផង​។

4 ចិត្ត​របស់ទូលបង្គំ​ឈឺចុកចាប់យ៉ាងខ្លាំង​នៅក្នុង​ទូលបង្គំ​; សេចក្ដីគំរាមកំហែង​នៃ​សេចក្ដីស្លាប់ បាន​ធ្លាក់​មកលើ​ទូលបង្គំ​។

5 ការភ័យខ្លាច និង​ការញ័ររន្ធត់​ស្ថិតនៅ​លើ​ទូលបង្គំ ហើយ​សេចក្ដីតក់ស្លុត​គ្របដណ្ដប់​ទូលបង្គំ​។

6 ដូច្នេះ ទូលបង្គំ​ពោលថា​៖ “ឱបើ​មាន​គេ​ឲ្យ​ស្លាប​ដល់​ខ្ញុំ​ដូច​សត្វព្រាប​ទៅអេះ! នោះ​ខ្ញុំ​នឹង​ហើរទៅ ហើយ​បាន​សម្រាក​។

7 មើល៍! ខ្ញុំ​នឹង​រត់គេច​ទៅឲ្យ​ឆ្ងាយ ខ្ញុំ​នឹង​ស្នាក់នៅ​ក្នុង​ទីរហោស្ថាន​។ សេឡា

8 ខ្ញុំ​នឹង​ប្រញាប់ទៅ​ឯ​ជម្រក​របស់ខ្ញុំ ឲ្យរួចពី​ខ្យល់​គំហុក និង​ពី​ព្យុះសង្ឃរា”។

9 ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​បំផ្លាញ​ពួកគេ សូម​បំបែក​ភាសា​របស់ពួកគេ​ផង​! ដ្បិត​ទូលបង្គំ​បាន​ឃើញ​អំពើហិង្សា និង​ជម្លោះ​នៅក្នុង​ទីក្រុង​។

10 ទាំងយប់ទាំងថ្ងៃ ពួកគេ​ដើរជុំវិញ​នៅលើ​កំពែង​ទីក្រុងនោះ ហើយ​មាន​អំពើទុច្ចរិត និង​ទុក្ខវេទនា​នៅក្នុង​ទីក្រុងនោះ​ដែរ​;

11 មាន​សេចក្ដីអន្តរាយ​នៅក្នុង​ទីក្រុងនោះ​; ការសង្កត់សង្កិន និង​ការបោកបញ្ឆោត មិន​ចាកចេញ​ពី​កន្លែងសាធារណៈ​នៃ​ទីក្រុងនោះ​ឡើយ​។

12 តាមពិត មិនមែន​ជា​ខ្មាំងសត្រូវ​ទេ ដែល​ត្មះតិះដៀល​ខ្ញុំ​—— បើដូច្នោះ ខ្ញុំ​អាច​ទ្រាំ​បាន​; មិនមែន​ជា​អ្នកដែល​ស្អប់​ខ្ញុំ​ទេ ដែល​លើក​ខ្លួន​ឡើង​ទាស់នឹង​ខ្ញុំ​—— បើដូច្នោះ ខ្ញុំ​អាច​លាក់ខ្លួន​ពី​អ្នកនោះ​បាន​។

13 ប៉ុន្តែ​គឺជា​អ្នក​វិញ​ទេតើ ជា​មនុស្ស​ស្មើនឹង​ខ្ញុំ ជា​សម្លាញ់ភ្ងា​របស់ខ្ញុំ ជា​មិត្តស្និទ្ធស្នាល​របស់ខ្ញុំ​!

14 យើង​ធ្លាប់​សន្ទនា​ជាមួយគ្នា​យ៉ាងផ្អែមល្ហែម យើង​ធ្លាប់​ដើរ​កណ្ដាល​អង្គប្រជុំ​នៅក្នុង​ដំណាក់​របស់​ព្រះ​។

15 សូមឲ្យ​សេចក្ដីស្លាប់​សង្គ្រុប​លើ​ពួកគេ សូមឲ្យ​ពួកគេ​ចុះទៅ​ស្ថានមនុស្សស្លាប់​ទាំង​រស់​! ដ្បិត​មាន​ការអាក្រក់​នៅក្នុង​លំនៅ​របស់ពួកគេ គឺ​នៅ​ខាងក្នុង​ពួកគេ​។

16 រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ស្រែកហៅ​ព្រះ ហើយ​ព្រះយេហូវ៉ា​នឹង​សង្គ្រោះ​ខ្ញុំ​។

17 ខ្ញុំ​ត្អូញត្អែរ និង​ស្រែកថ្ងូរ នៅ​ពេលល្ងាច ពេលព្រឹក និង​ពេលថ្ងៃត្រង់ នោះ​ព្រះអង្គ​ក៏​សណ្ដាប់​សំឡេង​របស់ខ្ញុំ​។

18 ព្រះអង្គ​បាន​ប្រោសលោះ​ព្រលឹង​របស់ខ្ញុំ​ដោយ​សុខសាន្ត ចេញពី​ចម្បាំង​ទាស់នឹង​ខ្ញុំ ទោះបីជា​មាន​មនុស្ស​ជាច្រើន​ប្រឆាំងនឹង​ខ្ញុំ​ក៏ដោយ​។

19 ព្រះ​ដែល​គង់លើបល្ល័ង្ក​តាំងពីបុរាណមក ព្រះអង្គ​នឹង​ឮ ហើយ​ធ្វើទុក្ខ​ពួកគេ​។ សេឡា នេះគឺ​ដោយសារ​ពួកគេ​មិន​ផ្លាស់ប្រែ ក៏​មិន​កោតខ្លាច​ព្រះ​ដែរ​។

20 សម្លាញ់ភ្ងារបស់ខ្ញុំ​បាន​លូក​ដៃ​ទាស់នឹង​ពួក​មិត្តសម្លាញ់​របស់ខ្លួន ក៏​បាន​ក្បត់​សម្ពន្ធមេត្រី​របស់ខ្លួន​ផង​។

21 មាត់​របស់គេ​រអិល​ជាង​ប៊័រ ប៉ុន្តែ​ក្នុង​ចិត្ត​គេ​មាន​សង្គ្រាម ពាក្យសម្ដី​របស់គេ​រលូន​ជាង​ប្រេង ប៉ុន្តែ​វា​ជា​ដាវដែលហូតជាស្រេច​។

22 ចូរ​ទម្លាក់​បន្ទុក​របស់អ្នក​លើ​ព្រះយេហូវ៉ា នោះ​ព្រះអង្គ​នឹង​ទ្រទ្រង់​អ្នក ព្រះអង្គ​នឹង​មិន​ឲ្យ​មនុស្ស​សុចរិត​រង្គើ​ឡើយ គឺ​ជារៀងរហូត​។

23 ឱ​ព្រះ​អើយ ព្រះអង្គ​នឹង​ទម្លាក់​ពួកគេ​ចុះ​ទៅក្នុង​រណ្ដៅ​នៃ​សេចក្ដីអន្តរាយ​! ពួក​មនុស្ស​នៃ​ការបង្ហូរឈាម និង​ការបោកបញ្ឆោត នឹង​មិន​រស់បានពាក់កណ្ដាល​អាយុជីវិត​របស់ខ្លួន​ឡើយ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ជឿទុកចិត្តលើ​ព្រះអង្គ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម