ព្រះគង់នៅជាមួយយើងចម្រៀងរបស់កូនចៅកូរ៉ា សម្រាប់អ្នកដឹកនាំចម្រៀង ត្រូវលេងតាមទំនុកអាឡាម៉ូត ។ 1 ព្រះជាជម្រក និងជាកម្លាំងដល់យើង ជាជំនួយដែលរកឃើញជានិច្ចនៅក្នុងទុក្ខវេទនា។ 2 ដោយហេតុនេះ យើងមិនខ្លាចឡើយ ទោះបីជាផែនដីប្រែប្រួល ហើយភ្នំនានារើចេញទៅក្នុងកណ្ដាលសមុទ្រក៏ដោយ 3 ទោះបីជាទឹកសមុទ្រគ្រហឹម ទាំងបែកពពុះ ហើយភ្នំទាំងឡាយរញ្ជួយដោយសារវាខ្ជោលឡើងក៏ដោយ។ សេឡា 4 មានទន្លេមួយ ដែលដៃទន្លេរបស់វាធ្វើឲ្យទីក្រុងរបស់ព្រះអរសប្បាយ; ទីក្រុងនោះជាដំណាក់ដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត។ 5 ព្រះគង់នៅក្នុងទីក្រុងនោះ ហើយនាងនឹងមិនរង្គើឡើយ ព្រះនឹងជួយនាងនៅពេលព្រឹកព្រលឹមមកដល់។ 6 ប្រជាជាតិនានាឡូឡា អាណាចក្រទាំងឡាយរង្គើ; ព្រះអង្គបានបន្លឺព្រះសូរសៀងរបស់ព្រះអង្គ នោះផែនដីក៏រលាយ។ 7 ព្រះយេហូវ៉ានៃពលបរិវារគង់នៅជាមួយយើង ព្រះនៃយ៉ាកុបជាទីពឹងជ្រកដល់យើង។ សេឡា 8 មក៍! មើលកិច្ចការរបស់ព្រះយេហូវ៉ាចុះ! គឺរបៀបដែលព្រះអង្គបានទម្លាក់ការហិនវិនាសលើផែនដី 9 ហើយបញ្ឈប់សង្គ្រាមរហូតដល់ចុងបំផុតនៃផែនដី ព្រមទាំងបំបាក់ធ្នូ កាច់លំពែង ហើយដុតរទេះចម្បាំងដោយភ្លើងផង។ 10 “ចូរស្ងៀមស្ងប់ទៅ ហើយចូរដឹងថាយើងជាព្រះ! យើងនឹងត្រូវបានលើកតម្កើងក្នុងចំណោមប្រជាជាតិនានា យើងនឹងត្រូវបានលើកតម្កើងនៅលើផែនដី”។ 11 ព្រះយេហូវ៉ានៃពលបរិវារគង់នៅជាមួយយើង ព្រះនៃយ៉ាកុបជាទីពឹងជ្រកដល់យើង៕ សេឡា |