ទំនុកតម្កើង 47 - ព្រះគម្ពីរខ្មែរសាកលព្រះជាព្រះមហាក្សត្រនៃយើង បទតម្កើងរបស់កូនចៅកូរ៉ា សម្រាប់អ្នកដឹកនាំចម្រៀង។ 1 ប្រជាជាតិទាំងអស់អើយ ចូរទះដៃ! ចូរស្រែកដោយសម្រែកហ៊ោសប្បាយដល់ព្រះ! 2 ដ្បិតព្រះយេហូវ៉ាជាព្រះដ៏ខ្ពស់បំផុត គឺគួរឲ្យកោតខ្លាច ព្រះអង្គជាព្រះមហាក្សត្រដ៏ធំឧត្ដមលើផែនដីទាំងមូល។ 3 ព្រះអង្គទ្រង់បង្ក្រាបប្រជាជាតិនានាឲ្យនៅក្រោមយើង ហើយបង្ក្រាបជាតិសាសន៍ទាំងឡាយឲ្យនៅក្រោមជើងរបស់យើង។ 4 ព្រះអង្គទ្រង់ជ្រើសរើសសម្រាប់យើងនូវមរតករបស់យើង គឺមោទនភាពរបស់យ៉ាកុបជាអ្នកដែលព្រះអង្គទ្រង់ស្រឡាញ់។ សេឡា 5 ព្រះបានយាងឡើងទៅដោយសម្រែកហ៊ោសប្បាយ ព្រះយេហូវ៉ាយាងឡើងទៅដោយសូរស្នែង។ 6 ចូរច្រៀងសរសើរតម្កើងព្រះ ចូរច្រៀងសរសើរតម្កើង! ចូរច្រៀងសរសើរតម្កើងព្រះមហាក្សត្រនៃយើង ចូរច្រៀងសរសើរតម្កើង! 7 ដ្បិតព្រះជាព្រះមហាក្សត្រនៃផែនដីទាំងមូល ចូរច្រៀងសរសើរតម្កើងដោយទំនុកម៉ាស្គីល! 8 ព្រះបានគ្រងរាជ្យលើប្រជាជាតិនានា ព្រះបានគង់លើបល្ល័ង្កដ៏វិសុទ្ធរបស់ព្រះអង្គ។ 9 បណ្ដាអភិជននៃប្រជាជាតិនានាផ្ដុំគ្នាធ្វើជាប្រជារាស្ត្ររបស់ព្រះនៃអ័ប្រាហាំ។ ដ្បិតខែលនៅលើផែនដីសុទ្ធតែជារបស់ព្រះ ព្រះអង្គត្រូវបានលើកតម្កើងយ៉ាងខ្លាំង៕ |