ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 45 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 45

ចម្រៀងមង្គលការរបស់ព្រះមហាក្សត្រ
ទំនុក​ម៉ាស្គីល ​របស់​កូនចៅ​កូរ៉ា ជា​ចម្រៀង​ស្នេហា​; សម្រាប់​អ្នកដឹកនាំចម្រៀង ត្រូវលេង​តាម​ទំនុកភ្លេង​ផ្កាលីលី​។

1 ចិត្ត​របស់ខ្ញុំ​បាន​ពេញហៀរ​ដោយ​ពាក្យពេចន៍​ដ៏ល្អ ខ្ញុំ​សូត្រ​កំណាព្យ​របស់ខ្ញុំ​ដល់​ស្ដេច អណ្ដាត​របស់ខ្ញុំ​ជា​ប៉ាកកា​របស់​អ្នកនិពន្ធ​ដ៏ស្ទាត់ជំនាញ​។

2 ព្រះករុណា​ទ្រង់​សង្ហា​ជាង​មនុស្សលោក ព្រះគុណ​ត្រូវបាន​ចាក់បង្ហូរ​លើ​ព្រះរឹម​របស់ព្រះករុណា ដោយហេតុនេះ ព្រះ​បាន​ប្រទានពរ​ព្រះករុណា​ជារៀងរហូត​។

3 ព្រះករុណា​ដ៏ខ្លាំងពូកែ​អើយ សូម​ក្រវាត់​ដាវ​របស់ព្រះករុណា​នៅនឹង​ភ្លៅ ក្នុង​សិរីរុងរឿង និង​អានុភាព​របស់ព្រះករុណា​ទៅ​!

4 ក្នុង​អានុភាព​របស់ព្រះករុណា សូម​ព្រះករុណា​ជិះទៅ​ទាំង​មានជ័យជម្នះ ដោយព្រោះ​សេចក្ដីពិត ភាពរាបសា និង​សេចក្ដីសុចរិតយុត្តិធម៌​! សូមឲ្យ​ព្រះហស្តស្ដាំ​របស់ព្រះករុណា បង្ហាញ​ព្រះករុណា​នូវ​ការ​គួរឲ្យស្ញែងខ្លាច​!

5 ព្រួញ​របស់ព្រះករុណា​មុត​ណាស់ វាចូល​ក្នុង​បេះដូង​ខ្មាំងសត្រូវ​របស់​ព្រះរាជា​; ប្រជាជាតិ​ទាំងឡាយ​ដួល​នៅក្រោម​ព្រះករុណា​។

6 ឱ​ព្រះ​អើយ បល្ល័ង្ក​របស់ព្រះអង្គ​ស្ថិតនៅ​រហូតអស់កល្បជាអង្វែងតរៀងទៅ​; ដំបងរាជ្យ​នៃ​អាណាចក្រ​របស់ព្រះអង្គ ជា​ដំបងរាជ្យ​នៃ​សេចក្ដីយុត្តិធម៌​!

7 ព្រះអង្គ​ស្រឡាញ់​សេចក្ដីសុចរិតយុត្តិធម៌ ហើយ​ស្អប់​សេចក្ដីអាក្រក់​; ដោយហេតុនេះ ព្រះ គឺ​ព្រះ​របស់ព្រះអង្គ បាន​ចាក់ប្រេងអភិសេក​លើ​ព្រះអង្គ ដោយ​ប្រេង​នៃ​អំណរ ជាជាង​គូកន​របស់ព្រះអង្គ​។

8 អស់ទាំង​ព្រះពស្ត្រ​របស់ព្រះករុណា ជា​ជ័រល្វីងទេស ក្រឹស្នា និង​ឈើអែម​; គ្រឿងតន្ត្រីមានខ្សែ​មកពី​វិមាន​ភ្លុក ធ្វើឲ្យ​ព្រះករុណា​អរសប្បាយ​។

9 មាន​បុត្រី​របស់​ស្ដេច​នានា​នៅក្នុងចំណោម​ពួកស្ត្រី​មានកិត្តិយស​របស់ព្រះករុណា​; អគ្គមហេសី​ទ្រង់​ឈរ​នៅ​ខាងស្ដាំ​ព្រះករុណា ប្រដាប់ដោយ​មាស​ពី​អូភារ​។

10 ចូរ​ស្ដាប់ រាជធីតា​អើយ​! ចូរ​ពិចារណា ហើយ​ផ្ទៀងត្រចៀក​របស់អ្នក ចូរ​បំភ្លេច​សាសន៍​របស់អ្នក និង​ផ្ទះ​របស់​ឪពុក​អ្នក​ចុះ

11 នោះ​ស្ដេច​នឹង​ប្រាថ្នាចង់បាន​សម្រស់​របស់អ្នក​! ដ្បិត​ទ្រង់​ជា​ចៅហ្វាយ​របស់អ្នក ដូច្នេះ​ចូរ​ថ្វាយបង្គំ​ទ្រង់​ចុះ​!

12 កូនស្រី​ទីរ៉ុស​នឹង​នាំ​ជំនូន​មក ហើយ​ពួក​អ្នកមាន​នៃ​ប្រជាជន​នឹង​សុំក្ដីសន្ដោស​ពី​អ្នក​។

13 រាជធីតា​របស់​ស្ដេច​មាន​សិរីរុងរឿង​យ៉ាងក្រៃលែង នៅក្នុង​រាជវាំង​; ព្រះពស្ត្រ​របស់ព្រះនាង ត្បាញ​ពី​មាស​។

14 ព្រះនាង​នឹង​ត្រូវបាន​នាំមក​ឯ​ស្ដេច ទាំងគ្រង​ព្រះពស្ត្រប៉ាក់​; ពួក​ស្ត្រីព្រហ្មចារី​ដែល​តាម​ព្រះនាង ជា​មិត្តសម្លាញ់​របស់ព្រះនាង ក៏​ត្រូវបាន​នាំមក​ឯ​ព្រះករុណា​ដែរ​។

15 ពួកនាង​ត្រូវបាន​នាំមក​ដោយ​មាន​អំណរ និង​សេចក្ដីត្រេកអរ​; ពួកនាង​ចូលទៅ​ក្នុង​វិមាន​របស់​ស្ដេច​។

16 កូនចៅ​របស់អ្នក​នឹង​ជំនួស​ដូនតា​របស់អ្នក អ្នក​នឹង​ធ្វើឲ្យ​ពួកគេ​ទៅជា​អ្នកដឹកនាំ​នៅលើ​ផែនដី​ទាំងមូល​។

17 យើង​នឹង​ធ្វើឲ្យ​គេ​នឹកចាំ​ឈ្មោះ​របស់អ្នក​នៅ​គ្រប់ជំនាន់​ទាំងអស់ ដោយហេតុនេះ ប្រជាជាតិ​នានា​នឹង​អរគុណ​អ្នក ជារៀងរហូតអស់កល្បជានិច្ច​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative