សង្ឃឹមបានទៅដល់ដំណាក់របស់ព្រះ1 ឱព្រះអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំ ហើយកាន់ក្ដីឲ្យទូលបង្គំទាស់នឹងប្រជាជាតិដែលមិនគោរពព្រះផង! សូមរំដោះទូលបង្គំពីមនុស្សនៃសេចក្ដីបោកបញ្ឆោត និងសេចក្ដីទុច្ចរិតផង! 2 ដ្បិតព្រះអង្គជាព្រះនៃបន្ទាយរបស់ទូលបង្គំ។ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោល? ហេតុអ្វីបានជាទូលបង្គំត្រូវដើរចុះឡើងទាំងកាន់ទុក្ខ ដោយសារតែការសង្កត់សង្កិនរបស់សត្រូវដូច្នេះ? 3 សូមបញ្ជូនពន្លឺរបស់ព្រះអង្គ និងសេចក្ដីពិតរបស់ព្រះអង្គមក ដើម្បីឲ្យដឹកនាំទូលបង្គំ ដើម្បីឲ្យនាំទូលបង្គំទៅដល់ភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ និងដល់ដំណាក់របស់ព្រះអង្គផង។ 4 នោះទូលបង្គំនឹងទៅឯអាសនារបស់ព្រះ គឺទៅឯព្រះដែលជាអំណរដ៏លើសលប់របស់ទូលបង្គំ។ ព្រះដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គដោយពិណហាប! 5 ព្រលឹងរបស់ខ្ញុំអើយ ហេតុអ្វីបានជាចុះខ្សោយ ហើយជ្រួលច្របល់នៅក្នុងខ្ញុំដូច្នេះ? ចូររំពឹងលើព្រះទៅ! ដ្បិតខ្ញុំនឹងអរព្រះគុណព្រះអង្គទៀត សម្រាប់សេចក្ដីសង្គ្រោះនៅចំពោះខ្ញុំ គឺព្រះរបស់ខ្ញុំ៕ |