ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 20 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 20

អធិស្ឋានសុំព្រះឲ្យសង្គ្រោះអ្នកដែលត្រូវបានចាក់ប្រេងអភិសេក
បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង​។

1 សូមឲ្យ​ព្រះយេហូវ៉ា​ឆ្លើយតប​នឹង​ព្រះករុណា​នៅ​ថ្ងៃ​នៃ​ទុក្ខវេទនា សូមឲ្យ​ព្រះនាម​របស់​ព្រះ​នៃ​យ៉ាកុប​លើក​ព្រះករុណា​ឲ្យរួចផុត​។

2 សូមឲ្យ​ព្រះអង្គ​ចាត់​ជំនួយ​ពី​ទីវិសុទ្ធ​មក​ឯ​ព្រះករុណា ហើយ​ទ្រទ្រង់​ព្រះករុណា​ពី​ស៊ីយ៉ូន​។

3 សូមឲ្យ​ព្រះអង្គ​នឹកចាំ​អស់ទាំង​តង្វាយ​របស់ព្រះករុណា ហើយ​ទទួល​តង្វាយដុត​របស់ព្រះករុណា​ដែរ​។ សេឡា

4 សូមឲ្យ​ព្រះអង្គ​ប្រទាន​ដល់​ព្រះករុណា​តាម​បំណងចិត្ត​ព្រះករុណា ហើយ​បំពេញ​គ្រប់ទាំង​ផែនការ​របស់ព្រះករុណា​ឲ្យសម្រេច​។

5 សូមឲ្យ​យើងខ្ញុំ​បាន​ស្រែកហ៊ោសប្បាយ​ចំពោះ​សេចក្ដីសង្គ្រោះ​ដល់​ព្រះករុណា ហើយ​លើកទង់ជ័យឡើង​នៅក្នុង​ព្រះនាម​របស់​ព្រះ​នៃយើងខ្ញុំ​។ សូមឲ្យ​ព្រះយេហូវ៉ា​បំពេញ​អស់ទាំង​សំណូម​របស់ព្រះករុណា​ឲ្យសម្រេច​។

6 ឥឡូវនេះ ខ្ញុំ​បាន​ដឹង​ហើយ​ថា ព្រះយេហូវ៉ា​នឹង​សង្គ្រោះ​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ​; ព្រះអង្គ​នឹង​ឆ្លើយតប​នឹង​ព្រះរាជា​ពី​ស្ថានសួគ៌​ដ៏វិសុទ្ធ​របស់ព្រះអង្គ ដោយ​ព្រះចេស្ដា​នៃ​សេចក្ដីសង្គ្រោះ​នៅ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ​។

7 អ្នកខ្លះ​ទុកចិត្ត​លើ​រទេះចម្បាំង អ្នកខ្លះ​ទុកចិត្ត​លើ​សេះ រីឯ​យើង​វិញ យើង​ទុកចិត្ត​លើ​ព្រះនាម​របស់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃយើង​។

8 គេ​បាន​លុតចុះ ហើយ​ដួល រីឯ​យើង​វិញ យើង​បាន​ក្រោកឡើង ហើយ​ឈរត្រង់​។

9 ព្រះយេហូវ៉ា​អើយ សូម​សង្គ្រោះ​ផង​! សូមឲ្យ​ព្រះមហាក្សត្រ​ឆ្លើយ​មក​យើងខ្ញុំ​នៅ​ថ្ងៃ​ដែល​យើងខ្ញុំ​ស្រែកហៅ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative