ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 149 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 149

ចូរឲ្យវិសុទ្ធជនសរសើរតម្កើងព្រះយេហូវ៉ា

1 ហាលេលូយ៉ា​! ចូរ​ច្រៀង​ចម្រៀង​ថ្មី​ទៅកាន់​ព្រះយេហូវ៉ា ចូរឲ្យមាន​ការសរសើរតម្កើង​ព្រះអង្គ​នៅក្នុង​អង្គប្រជុំ​នៃ​វិសុទ្ធជន​!

2 សូមឲ្យ​អ៊ីស្រាអែល​អរសប្បាយ​ក្នុង​ព្រះសូនបង្កើត​របស់ពួកគេ សូមឲ្យ​កូនចៅ​ស៊ីយ៉ូន​ត្រេកអរ​ក្នុង​ព្រះមហាក្សត្រ​របស់ពួកគេ​!

3 សូមឲ្យ​ពួកគេ​សរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ​ដោយ​ការរាំសប្បាយ សូមឲ្យ​ពួកគេ​ច្រៀងសរសើរតម្កើង​ព្រះអង្គ​ដោយ​ក្រាប់ និង​ពិណហាប​!

4 ដ្បិត​ព្រះយេហូវ៉ា​សព្វព្រះហឫទ័យ​នឹង​ប្រជារាស្ត្រ​របស់ព្រះអង្គ ព្រះអង្គ​នឹង​តុបតែង​មនុស្ស​តូចទាប​ដោយ​សេចក្ដីសង្គ្រោះ​។

5 សូមឲ្យ​វិសុទ្ធជន​លោតកញ្ឆេង​នៅក្នុង​សិរីរុងរឿង សូមឲ្យ​ពួកគេ​ច្រៀងដោយអំណរ​នៅលើ​គ្រែ​របស់ខ្លួន​!

6 សូមឲ្យមាន​ពាក្យសរសើរតម្កើងដ៏ខ្ពស់​ដល់​ព្រះ នៅក្នុង​មាត់​របស់ពួកគេ សូមឲ្យមាន​ដាវ​មុខពីរ​នៅក្នុង​ដៃ​របស់ពួកគេ

7 ដើម្បី​អនុវត្ត​ការសងសឹក​ដល់​ប្រជាជាតិ​នានា និង​ដាក់ទោស​ជាតិសាសន៍​ទាំងឡាយ​;

8 ដើម្បី​ចង​បណ្ដា​ស្ដេច​របស់ពួកគេ​ដោយ​ច្រវាក់ និង​ចង​បណ្ដា​អភិជន​របស់ពួកគេ​ដោយ​ខ្នោះ​ដែក​;

9 ដើម្បី​អនុវត្ត​ដល់​ពួកគេ នូវ​ការកាត់ក្ដី​ដែល​មាន​កត់ត្រាទុក​។ ការនេះ​ជា​កិត្តិយស​ដល់​វិសុទ្ធជន​ទាំងអស់​របស់ព្រះអង្គ​!​។ ហាលេលូយ៉ា​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative