ទំនុកតម្កើង 148 - ព្រះគម្ពីរខ្មែរសាកលចូរឲ្យរបស់សព្វសារពើសរសើរតម្កើងព្រះយេហូវ៉ា 1 ហាលេលូយ៉ា! ចូរសរសើរតម្កើងព្រះយេហូវ៉ាពីស្ថានសួគ៌ ចូរសរសើរតម្កើងព្រះអង្គនៅស្ថានដ៏ខ្ពស់! 2 អស់ទាំងទូតសួគ៌របស់ព្រះអង្គអើយ ចូរសរសើរតម្កើងព្រះអង្គ! អស់ទាំងពលបរិវាររបស់ព្រះអង្គអើយ ចូរសរសើរតម្កើងព្រះអង្គ! 3 ព្រះអាទិត្យ និងព្រះចន្ទអើយ ចូរសរសើរតម្កើងព្រះអង្គ! ផ្កាយទាំងអស់ដែលមានពន្លឺអើយ ចូរសរសើរតម្កើងព្រះអង្គ! 4 ផ្ទៃមេឃលើអស់ទាំងផ្ទៃមេឃ និងទឹកដែលនៅលើមេឃអើយ ចូរសរសើរតម្កើងព្រះអង្គ! 5 ចូរឲ្យរបស់ទាំងនោះសរសើរតម្កើងព្រះនាមរបស់ព្រះយេហូវ៉ា ដ្បិតព្រះអង្គបានបង្គាប់ នោះវាក៏ត្រូវបាននិម្មិតបង្កើត។ 6 ព្រះអង្គទ្រង់ធ្វើឲ្យរបស់ទាំងនោះស្ថិតស្ថេរជារៀងរហូតអស់កល្បជានិច្ច; ព្រះអង្គបានប្រទានបទបញ្ញត្តិដែលមិនផុតទៅឡើយ។ 7 ចូរសរសើរតម្កើងព្រះយេហូវ៉ាពីផែនដីចុះ! សត្វសមុទ្រធំសម្បើម និងអស់ទាំងទីជម្រៅអើយ 8 ភ្លើង និងដុំទឹកកកអើយ ព្រិល និងអ័ព្ទអើយ ខ្យល់ព្យុះដែលធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គអើយ 9 ភ្នំនានា និងទីទួលទាំងអស់អើយ ដើមឈើមានផ្លែ និងដើមស៊ីដាទាំងអស់អើយ 10 សត្វព្រៃ និងសត្វស្រុកទាំងអស់អើយ សត្វលូនវារ និងសត្វស្លាបអើយ 11 បណ្ដាស្ដេចនៃផែនដី និងជាតិសាសន៍ទាំងអស់អើយ បណ្ដាមេដឹកនាំ និងអស់ទាំងចៅក្រមនៃផែនដីអើយ 12 ទាំងមនុស្សកំលោះទាំងស្រីក្រមុំ ទាំងពួកចាស់ៗទាំងពួកក្មេងៗអើយ 13 ចូរសរសើរតម្កើងព្រះនាមរបស់ព្រះយេហូវ៉ា! ដ្បិតមានតែព្រះនាមរបស់ព្រះអង្គប៉ុណ្ណោះដែលត្រូវបានលើកតម្កើង; អានុភាពរបស់ព្រះអង្គខ្ពស់ជាងផែនដី និងផ្ទៃមេឃទៅទៀត។ 14 ព្រះអង្គបានលើកស្នែងមួយឡើងសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឲ្យអស់ទាំងវិសុទ្ធជនរបស់ព្រះអង្គ និងកូនចៅអ៊ីស្រាអែលជាប្រជារាស្ត្រដ៏ជិតស្និទ្ធរបស់ព្រះអង្គ សរសើរតម្កើងព្រះអង្គ។ ហាលេលូយ៉ា!៕ |