យ៉ូហាន 6:14 - Khmer Christian Bible ពេលមនុស្សទាំងប៉ុន្មានបានឃើញទីសំគាល់អស្ចារ្យដែលព្រះអង្គបានធ្វើនេះ ពួកគេក៏និយាយថា៖ «លោកនេះពិតជាអ្នកនាំព្រះបន្ទូល ដែលត្រូវមកក្នុងពិភពលោកនេះមែន»។ ព្រះគម្ពីរខ្មែរសាកល នៅពេលហ្វូងមនុស្សឃើញទីសម្គាល់ដែលព្រះអង្គទ្រង់ធ្វើ ពួកគេក៏និយាយថា៖ “លោកនេះពិតជាព្យាការីដែលមកក្នុងពិភពលោក!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលមនុស្សជាច្រើនបានឃើញទីសម្គាល់ដែលព្រះយេស៊ូវធ្វើ គេនិយាយថា «លោកនេះប្រាកដជាហោរា ដែលត្រូវមកក្នុងពិភពលោកមែន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលមនុស្សម្នាឃើញទីសម្គាល់ដែលព្រះយេស៊ូបានធ្វើនោះ ក៏ពោលថា៖ «លោកនេះពិតជាព្យាការី*ដែលត្រូវមកក្នុងពិភពលោកមែន» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលមនុស្សទាំងប៉ុន្មានបានឃើញទីសំគាល់ ដែលព្រះយេស៊ូវធ្វើនោះ គេក៏និយាយថា លោកនេះប្រាកដជាហោរានោះ ដែលត្រូវមកក្នុងលោកីយមែន អាល់គីតាប កាលមនុស្សម្នាឃើញទីសំគាល់ដែលអ៊ីសាបានធ្វើនោះក៏ពោលថា៖ «លោកនេះពិតជាណាពីដែលត្រូវមកក្នុងពិភពលោកមែន»។ |
បណ្ដាជននាំគ្នានិយាយថា៖ «នេះគឺលោកយេស៊ូជាអ្នកនាំព្រះបន្ទូល មកពីក្រុងណាសារ៉ែតស្រុកកាលីឡេ»។
ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើរឿងអ្វីទៅ?» ពួកគេទូលតបថា៖ «គឺអំពីលោកយេស៊ូ ជាអ្នកក្រុងណាសារ៉ែត លោកជាអ្នកនាំព្រះបន្ទូលម្នាក់ដ៏មានអំណាចទាំងនៅក្នុងពាក្យសំដី និងការប្រព្រឹត្ដិនៅចំពោះព្រះជាម្ចាស់ និងប្រជាជនទាំងអស់
ហើយមនុស្សគ្រប់គ្នាក៏មានសេចក្ដីកោតខ្លាច ទាំងសរសើរតម្កើងព្រះជាម្ចាស់ថា៖ «មានអ្នកនាំព្រះបន្ទូលដ៏ធំម្នាក់បានលេចឡើងក្នុងចំណោមយើងហើយ» ហើយពួកគេនិយាយទៀតថា៖ «ព្រះជាម្ចាស់បានមកមើលប្រជារាស្ដ្ររបស់ព្រះអង្គហើយ»។
នោះពួកគេសួរគាត់ថា ៖ «ដូច្នេះតើអ្នកជានរណា? តើអ្នកជាអេលីយ៉ាឬ?» គាត់ឆ្លើយថា៖ «មិនមែនខ្ញុំទេ!» ពួកគេសួរទៀតថា៖ «តើអ្នកជាអ្នកនាំព្រះបន្ទូលឬ?» គាត់ក៏ឆ្លើយថា៖ «ទេ!»
នាងទូលទៅព្រះអង្គថា៖ «ចាស៎ ព្រះអម្ចាស់ ខ្ញុំជឿថា ព្រះអង្គជាព្រះគ្រិស្ដ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដែលត្រូវយាងមកក្នុងពិភពលោកនេះ»។
នេះជាទីសំគាល់អស្ចារ្យដំបូងបង្អស់ដែលព្រះយេស៊ូបានធ្វើនៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងបង្ហាញសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សរបស់ព្រះអង្គក៏ជឿលើព្រះអង្គ
ស្ត្រីនោះទូលទៅព្រះអង្គថា៖ «លោកម្ចាស់អើយ! ខ្ញុំយល់ថា លោកជាអ្នកនាំព្រះបន្ទូល
ស្ត្រីនោះទូលព្រះអង្គថា៖ «ខ្ញុំបានដឹងថា ព្រះមែស៊ីដែលហៅថា ព្រះគ្រិស្តនឹងយាងមក ហើយនៅពេលព្រះអង្គយាងមក នោះព្រះអង្គនឹងប្រាប់យើងឲ្យដឹងទាំងអស់»។
ហើយពួកគេនិយាយទៅស្រ្តីនោះថា៖ «ឥឡូវនេះ យើងជឿ មិនមែនដោយសារតែសំដីរបស់នាងទៀតទេ គឺដោយសារយើងបានឮផ្ទាល់ ហើយដឹងថា ព្រះអង្គជាព្រះអង្គសង្គ្រោះមនុស្សលោកពិតមែន»។
ហើយមានបណ្តាជនច្រើនកុះករមកតាមព្រះអង្គ ព្រោះពួកគេបានឃើញទីសំគាល់អស្ចារ្យទាំងឡាយដែលព្រះអង្គបានប្រោសពួកអ្នកឈឺ។
ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នករាល់គ្នារកខ្ញុំនេះមិនមែនដោយសារបានឃើញទីសំគាល់អស្ចារ្យទេ គឺដោយសារអ្នករាល់គ្នាបានបរិភោគនំប៉័ង ហើយបានឆ្អែតប៉ុណ្ណោះ
ពួកគេក៏ទូលសួរព្រះអង្គទៀតថា៖ «បើដូច្នេះ តើលោកនឹងធ្វើទីសំគាល់អស្ចារ្យអ្វីដើម្បីឲ្យយើងឃើញ ហើយជឿលោក? តើលោកនឹងធ្វើអ្វី?
ពេលបានឮពាក្យទាំងនេះ អ្នកខ្លះក្នុងចំណោមបណ្តាជនក៏និយាយថា៖ «អ្នកនេះពិតជាអ្នកនាំព្រះបន្ទូលហើយ»
លោកម៉ូសេនេះហើយ ដែលបាននិយាយទៅកូនចៅអ៊ីស្រាអែលថា ព្រះជាម្ចាស់នឹងតាំងអ្នកនាំព្រះបន្ទូលម្នាក់ដូចជាខ្ញុំដែរពីក្នុងចំណោមបងប្អូនរបស់អ្នករាល់គ្នា សម្រាប់អ្នករាល់គ្នា។