ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 34:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នឹង​ចង​សម្ពន្ធ‌មេត្រី ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ដល់​ពួក​គេ យើង​នឹង​កម្ចាត់​សត្វ​សាហាវ​ចេញ​ឲ្យ​អស់​ពី​ទឹក​ដី​នេះ។ ហ្វូង​ចៀម​របស់​យើង​នឹង​ស្នាក់​នៅ​យ៉ាង​សុខ‌សាន្ត​ក្នុង​វាល​រហោ‌ស្ថាន ហើយ​ដេក​យ៉ាង​សុខ​ស្រួល​នៅ​ក្នុង​ព្រៃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​នឹង​តាំង​សញ្ញា​ដែល​ផ្ដល់​សេចក្ដី​សុខ​សាន្ត​ជា​មួយ​ពួកគេ ហើយ​នឹង​ធ្វើ​ឲ្យ​សត្វ​កំណាច​ផុត​ចេញ​ពី​ស្រុក​វា​ទៅ ដូច្នេះ វា​នឹង​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន​ដោយ​សុខ‌សាន្ត ហើយ​ដេក​នៅ​ក្នុង​ព្រៃ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អញ​នឹង​តាំង​សន្ធិ‌សញ្ញា​នឹង​វា​រាល់​គ្នា ហើយ​នឹង​ធ្វើ​ឲ្យ​សត្វ​កំណាច​ផុត​ចេញ​ពី​ស្រុក​វា​ទៅ ដូច្នេះ វា​នឹង​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន​ដោយ​សុខ‌សាន្ត ហើយ​ដេក​នៅ​ក្នុង​ព្រៃ​ផង

សូមមើលជំពូក

អាល់គីតាប

យើង​នឹង​ចង​សម្ពន្ធ‌មេត្រី ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ដល់​ពួក​គេ យើង​នឹង​កំចាត់​សត្វ​សាហាវ​ចេញ​ឲ្យ​អស់​ពី​ទឹក​ដី​នេះ។ ហ្វូង​ចៀម​របស់​យើង​នឹង​ស្នាក់​នៅ​យ៉ាង​សុខ‌សាន្ត​ក្នុង​វាល​រហោ‌ស្ថាន ហើយ​ដេក​យ៉ាង​សុខ​ស្រួល​នៅ​ក្នុង​ព្រៃ។

សូមមើលជំពូក



អេ‌សេ‌គាល 34:25
31 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​នឹង​មិន​ញញើត នៅ​ចំពោះ​មុខ មហន្ត‌រាយ ការ​អត់​ឃ្លាន សត្វ​សាហាវ​មិន​ធ្វើ​ឲ្យ​លោក​ភ័យ​ខ្លាច។


ស្រែ​ចម្ការ​របស់​លោក​នឹង​គ្មាន​ដុំ​ថ្ម ហើយ​គ្មាន​សត្វ​សាហាវ​មក​យាយី​លោក​ទេ។


ពេល​ទូលបង្គំ​ចូល​ដំណេក នោះ​ទូលបង្គំ​នឹង​ដេក​លក់​ដោយ​សុខ‌សាន្ត​ភ្លាម ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះអង្គ​ទេដែល​ធ្វើ​ឲ្យ​ទូលបង្គំ​រស់​នៅ ដោយ​សុខ‌ដុម‌រមនា។


កូន​នឹង​ចូល​ដំណេក​ដោយ​ឥត​ភ័យ​ខ្លាច ហើយ​ដេក​លង់‌លក់​យ៉ាង​ស្កប់‌ស្កល់។


គ្មាន​សត្វ​សិង្ហ សត្វ​សាហាវ នៅ​តាម​ផ្លូវ​នោះ​ទេ មាន​តែ​ពួក​ឈ្លើយ​ដែល​ព្រះអង្គ​បាន​លោះ មក​វិញ​ប៉ុណ្ណោះ​ដែល​ដើរ​តាម​ផ្លូវ​នោះ។


ទោះ​បី​ភ្នំ​តូច​ភ្នំ​ធំ​កក្រើក​រំពើក​ក្ដី សេចក្ដី​ស្រឡាញ់​របស់​យើង មិន​ឃ្លាត​ចេញ​ពី​អ្នក​ឡើយ រីឯ​សម្ពន្ធ‌មេត្រី​របស់​យើង ដែល​ផ្ដល់​ឲ្យ​អ្នក​បាន​សុខ‌សាន្ត​នោះ ក៏​មិន​ប្រែ‌ប្រួល​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​អាណិត​មេត្តា​អ្នក។


ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់ ចូរ​នាំ​គ្នា​មក​ជិត​យើង ចូរ​ត្រង‌ត្រាប់​ស្ដាប់ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ដែល នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ជា​មួយ​អ្នក​រាល់​គ្នា ដើម្បី​បញ្ជាក់​នូវ​សេចក្ដី​មេត្តា​ករុណា​របស់​យើង ចំពោះ​ដាវីឌ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា យើង​ចូល​ចិត្ត​យុត្តិធម៌ ហើយ​ស្អប់​ការ​ជំរិត​ជិះ‌ជាន់​ណាស់។ យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ​យ៉ាង​ត្រឹម​ត្រូវ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជានិច្ច​ជា​មួយ​អ្នក​រាល់​គ្នា។


យើង​នឹង​តែង‌តាំង​ពួក​គង្វាល​ឲ្យ​ដឹក​នាំ​ពួក​គេ ពេល​នោះ ចៀម​លែង​ភ័យ​ខ្លាច ឬ​ញ័រ​រន្ធត់​ទៀត​ឡើយ ហើយ​ក៏​គ្មាន​ចៀម​ណា​មួយ​បាត់​បង់​ដែរ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


នៅ​រជ្ជកាល​របស់​ស្ដេច​នោះ ជន‌ជាតិ​យូដា​នឹង​ទទួល​ការ​សង្គ្រោះ ជន‌ជាតិ​អ៊ីស្រា‌អែល​នឹង​រស់​យ៉ាង​សុខ‌សាន្ត។ គេ​ថ្វាយ​ព្រះ‌នាម​ស្ដេច​នោះ​ថា “ព្រះ‌អម្ចាស់​ជា​សេចក្ដី​សុចរិត​របស់​យើង”»។


នៅ​គ្រា​ដែល​យើង​ខឹង‌សម្បារ យើង​បាន​កម្ចាត់‌កម្ចាយ​ប្រជា‌ជន​នេះ​ឲ្យ​ទៅ​នៅ​គ្រប់​ប្រទេស តែ​យើង​នឹង​ប្រមូល​ពួក​គេ ហើយ​នាំ​ពួក​គេ​វិល​មក​កន្លែង​នេះ​វិញ ឲ្យ​រស់​នៅ​យ៉ាង​សុខ‌សាន្ត។


នៅ​គ្រា​នោះ ជន‌ជាតិ​យូដា​នឹង​ទទួល​ការ​សង្គ្រោះ ក្រុង​យេរូ‌សាឡឹម​នឹង​មាន​សន្តិ‌សុខ។ គេ​នឹង​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា “ព្រះ‌អម្ចាស់​ជា​សេចក្ដី​សុចរិត​របស់​យើង”»។


ប៉ុន្តែ យើង​នៅ​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​នាង កាល​ពី​នាង​នៅ​ក្មេង ហើយ​យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ជា​មួយ​នាង។


យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​នាង។ ពេល​នោះ នាង​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។


យើង​នឹង​ដាក់​អ្នក​រាល់​គ្នា​នៅ​ក្រោម​អំណាច​របស់​យើង ហើយ​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​គោរព​តាម​សម្ពន្ធ‌មេត្រី។


ពួក​គេ​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត​លើ​ទឹក​ដី​នេះ ពួក​គេ​នឹង​សង់​ផ្ទះ ហើយ​ដាំ​ទំពាំង‌បាយជូរ។ កាល​ណា​យើង​ដាក់​ទោស​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ ដែល​បាន​មាក់‌ងាយ​ពួក​គេ​រួច​ហើយ ពួក​គេ​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត។ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ»។


ដើម​ឈើ​នៅ​តាម​ចម្ការ​នឹង​បង្កើត​ផល​ផ្លែ ហើយ​ទឹក​ដី​នឹង​ផ្ដល់​ភោគ‌ផល។ ពួក​គេ​នឹង​រស់​យ៉ាង​សុខ‌សាន្ត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ ពេល​ណា​យើង​យក​នឹម​ចេញ​ពី​ពួក​គេ ហើយ​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចាប់​ពួក​គេ​ធ្វើ​ជា​ទាសករ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់។


ប្រជា‌ជាតិ​នានា​នឹង​លែង​បំផ្លិច‌បំផ្លាញ​ពួក​គេ​ទៀត​ហើយ សត្វ​ព្រៃ​ក៏​នឹង​លែង​ហែក​ពួក​គេ​ស៊ី​ទៀត​ដែរ ពួក​គេ​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត​នៅ​ក្នុង​ស្រុក ឥត​មាន​នរណា​បំភ័យ​ពួក​គេ​ឡើយ។


យើង​នឹង​ចង​សម្ពន្ធ‌មេត្រី ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ជា​មួយ​ពួក​គេ គឺ​ជា​សម្ពន្ធ‌មេត្រី​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច។ យើង​នឹង​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​វិញ ឲ្យ​ពួក​គេ​កើន​ចំនួន​ច្រើន​ឡើង ហើយ​យើង​នឹង​តាំង​ទីសក្ការៈ​របស់​យើង​នៅ​ក្នុង​ចំណោម​ពួក​គេ​រហូត​ត​ទៅ។


នៅ​ពេល​អនាគត គឺ​នៅ​គ្រា​ចុង​ក្រោយ​បំផុត យើង​នឹង​ចាត់​អ្នក​ឲ្យ​ចេញ​ទៅ​ច្បាំង​យក​ស្រុក​អ៊ីស្រា‌អែល។ ប្រជា‌ជន​នៅ​ស្រុក​នោះ​បាន​គេច​ផុត​ពី​មុខ​ដាវ ហើយ​ចាក​ចេញ​ពី​ចំណោម​ប្រជា‌ជាតិ​ជា​ច្រើន មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​ភ្នំ​នានា​នៃ​ស្រុក​អ៊ីស្រា‌អែល ជា​កន្លែង​ដ៏​ស្ងាត់​ជ្រងំ​យូរ​ឆ្នាំ​មក​ហើយ។ ក្រោយ​ពេល​ចាក​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​នានា​មក ពួក​គេ​រស់​នៅ​យ៉ាង​សុខ‌សាន្ត​ទាំង​អស់​គ្នា​ក្នុង​ស្រុក​របស់​ខ្លួន។


ពេល​នោះ ពួក​គេ​នឹង​លែង​នឹក​ឃើញ​ភាព​អាម៉ាស់ និង​ការ​មិន​ស្មោះ​ត្រង់​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​ប្រព្រឹត្ត​ចំពោះ​យើង ហើយ​ពួក​គេ​នឹង​រស់​នៅ​ក្នុង​ស្រុក​ដោយ​សុខ‌សាន្ត ឥត​មាន​នរណា​ធ្វើ​ទុក្ខ​ពួក​គេ​ឡើយ។


ដី​នឹង​ផ្ដល់​ភោគ‌ផល អ្នក​រាល់​គ្នា​នឹង​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌ ហើយ​រស់​នៅ​យ៉ាង​សុខ‌សាន្ត​ក្នុង​ស្រុក។


អ្នក​រាល់​គ្នា​នឹង​បោក​បែន​ស្រូវ រហូត​ដល់​ពេល​បេះ​ផ្លែ​ទំពាំង‌បាយជូរ ហើយ​អ្នក​រាល់​គ្នា​នឹង​បេះ​ផ្លែ​ទំពាំង‌បាយជូរ រហូត​ដល់​ពេល​សាប​ព្រោះ។ អ្នក​រាល់​គ្នា​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌ ហើយ​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​យ៉ាង​សុខ‌សាន្ត។


យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​អ្នក​រាល់​គ្នា​មាន​សុខ​សន្តិ‌ភាព អ្នក​រាល់​គ្នា​នឹង​សម្រាក​យ៉ាង​សុខ​ស្រួល គ្មាន​នរណា​មក​ធ្វើ​ឲ្យ​ភ័យ​ខ្លាច​ឡើយ។ យើង​កម្ចាត់​សត្វ​សាហាវ​ឲ្យ​អស់​ពី​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ហើយ​ក៏​គ្មាន​សង្គ្រាម​កើត​មាន​នៅ​ស្រុក​របស់​អ្នក​រាល់​គ្នា​ដែរ។


ក្រុង​យេរូ‌សាឡឹម​នឹង​មាន​ប្រជា‌ជន​រស់​នៅ​ឡើង​វិញ ហើយ​ក៏​គ្មាន​នរណា​មក​បំផ្លាញ​ទៀត​ដែរ យេរូ‌សាឡឹម​នឹង​បាន​សុខ‌សាន្ត‌ត្រាណ។


គឺ​លោក​នោះ​ហើយ​ដែល​នឹង​សង់​ព្រះ‌វិហារ របស់​ព្រះ‌អម្ចាស់។ លោក​នឹង​ពាក់​គ្រឿង​ឥស្សរិយ‌យស ដ៏​ថ្កុំ‌ថ្កើង​រុងរឿង លោក​អង្គុយ​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​លោក។ បូជា‌ចារ្យ​មួយ​រូប​អង្គុយ​លើ​បល្ល័ង្ក​មួយ​ទៀត ហើយ​លោក​ទាំង​ពីរ​មាន​ទំនាក់‌ទំនង យ៉ាង​ជិត‌ស្និទ្ធ​ជា​មួយ​គ្នា។


ហេតុ​នេះ ចូរ​ប្រាប់​ភីនេ‌ហាស​ថា យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គេ គឺ​សម្ពន្ធ‌មេត្រី​ដែល​ផ្ដល់​សន្តិ‌ភាព។


ព្រះ‌ជាម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត​បាន​ប្រោស​ព្រះ‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌គ្រិស្ត​ជា​គង្វាល​ដ៏​ប្រសើរ​ឧត្ដម​របស់​ហ្វូង​ចៀម ព្រោះ​ព្រះអង្គ​បាន​ចង​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះអង្គ។