យេរេមា 6:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងរាល់គ្នាបានឮសូរពីការនោះហើយ ដៃយើងក៏បានខ្សោយទៅ ហើយយើងកើតមានសេចក្ដីបារម្ភព្រួយ ព្រមទាំងឈឺចាប់ ដូចជាស្រីដែលរៀបនឹងសំរាលកូន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងរាល់គ្នាបានឮសូរពីការនោះហើយ ដៃយើងក៏បានខ្សោយទៅ ហើយយើងមានការព្រួយបារម្ភ ព្រមទាំងឈឺចាប់ ដូចជាស្រីដែលរៀបនឹងសម្រាលកូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «យើងខ្ញុំបានឮដំណឹងនេះ យើងខ្ញុំក៏ទន់ដៃទន់ជើង ភ័យតក់ស្លុត និងឈឺចាប់ដូចស្ត្រីកំពុងសម្រាលកូន។ អាល់គីតាប «យើងខ្ញុំបានឮដំណឹងនេះ យើងខ្ញុំក៏ទន់ដៃទន់ជើង ភ័យតក់ស្លុត និងឈឺចាប់ដូចស្ត្រីកំពុងសំរាលកូន។ |
ហេតុនោះបានជាចង្កេះខ្ញុំចុកសៀតជាខ្លាំង សេចក្ដីឈឺចាប់បានគ្របសង្កត់ខ្ញុំដូចជាស្ត្រីឈឺនឹងសំរាល ខ្ញុំបានវល់គំនិតដល់ម៉្លេះ បានជាស្តាប់អ្វីមិនឮ ក៏ញ័រខ្លួនទទាក់ ដល់ម៉្លេះបានជាមើលអ្វីមិនឃើញ
សេចក្ដីអន្តរាយនោះហូរកាត់មកវេលាណា ក៏នឹងកៀរយកអ្នករាល់គ្នាទៅតែម្តង ដ្បិតរាល់តែព្រឹកនឹងហូរកាត់មក ហើយទាំងថ្ងៃទាំងយប់ផង ការដែលគ្រាន់តែឮដំណឹង នោះនឹងបានជាសេចក្ដីគួរស្ញែងខ្លាចហើយ
តើឯងនឹងថាដូចម្តេច ក្នុងកាលដែលទ្រង់តាំងពួកមិត្រសំឡាញ់របស់ឯងឡើង ឲ្យគ្រប់គ្រងលើឯង ដ្បិតគឺខ្លួនឯងហើយ ដែលបានបង្ហាត់បង្រៀនគេឲ្យធ្វើដូច្នេះ នោះតើសេចក្ដីទុក្ខព្រួយដូចជាស្ត្រី ដែលឈឺចាប់នឹងសំរាលកូន មិនចាប់ឯងទេឬ
ឱអ្នកដែលអាស្រ័យនៅព្រៃល្បាណូន ដែលធ្វើសំបុកនៅដើមតាត្រៅអើយ កាលណាសេចក្ដីទុក្ខវេទនាមកលើឯង ដូចជាស្ត្រីដែលឈឺចាប់នឹងសំរាលកូន នោះឯងនឹងគួរអាណិតយ៉ាងណាទៅ។
ចូរស៊ើបសួរឥឡូវ ឲ្យដឹង បើមនុស្សប្រុសដែលឈឺនឹងសំរាលកូនឬ ចុះហេតុអ្វីបានជាឃើញប្រុសៗទាំងអស់ កំពុងតែយកដៃស្ទឹមចុចចង្កេះ ដូចជាស្រីដែលឈឺចាប់ ហៀបនឹងសំរាលកូន ហើយមុខគេក៏ស្លេកស្លាំងគ្រប់គ្នាដូច្នេះ
ពីព្រោះខ្ញុំបានឮសំឡេង១ ដូចជាសំឡេងរបស់ស្រី ដែលឈឺនឹងសំរាលកូន ជាសេចក្ដីព្រួយបារម្ភរបស់ស្រី ដែលសំរាលកូនជាដំបូង គឺជាសំឡេងនៃកូនស្រីស៊ីយ៉ូន ដែលដកដង្ហើមថ្ងូរ ហើយស្រងាកដៃ ដោយថា វរហើយខ្ញុំ ដ្បិតព្រលឹងខ្ញុំល្វើយណាស់ នៅចំពោះពួកកាប់សំឡាប់នេះ។
កេរីយ៉ុតត្រូវចាប់យកហើយ គេក៏ចាប់បានទីមាំមួនទាំងប៉ុន្មានដែរ នៅថ្ងៃនោះ ចិត្តនៃមនុស្សខ្លាំងពូកែក្នុងសាសន៍ម៉ូអាប់ នឹងបានដូចជាចិត្តរបស់ស្រីដែលឈឺនឹងសំរាលកូន
ក្រុងដាម៉ាសបានទៅជាខ្សោយ គេបែរទៅរៀបនឹងរត់ សេចក្ដីភ័យញ័រក៏ចាប់គេហើយ គេកើតមានសេចក្ដីថប់ព្រួយ នឹងសេចក្ដីទុក្ខវេទនា ដូចជាស្រីដែលឈឺនឹងសំរាលកូន
ស្តេចក្រុងបាប៊ីឡូនបានឮដំណឹងពីគេ ព្រះហស្តទ្រង់ក៏ខ្សោយទៅ មានសេចក្ដីថប់ព្រួយចាប់ទ្រង់ ទ្រង់ក៏ឈឺចាប់ ដូចជាស្រីដែលឈឺនឹងសំរាលកូន
ដូច្នេះ បេលសាសារទ្រង់មានព្រះទ័យវិតក្កជាខ្លាំង ហើយព្រះភក្ត្រទ្រង់ក៏ស្លុតទៅ ឯពួកសេនាបតីរបស់ទ្រង់គេក៏ទាល់គំនិតដែរ។
ខ្ញុំបានឮ ហើយពោះខ្ញុំក៏ញ័រប៉ផុក បបូរមាត់ខ្ញុំក៏ញ័រទទាក់ ដោយឮសំឡេងនោះ មានសេចក្ដីពុករលួយចូលក្នុងឆ្អឹងរបស់ខ្ញុំ ខ្ញុំក៏ភ័យញ័រនៅក្នុងខ្លួន ពីព្រោះខ្ញុំត្រូវរង់ចាំថ្ងៃវេទនាដោយអំណត់ គឺរង់ចាំសាសន៍ដែលទន្ទ្រានចូល បានមកដល់
ដ្បិតកាលណាគេកំពុងតែនិយាយថា មានសេចក្ដីសុខសាន្ត មានសេចក្ដីរៀបរយហើយ នោះលោតែមានសេចក្ដីហិនវិនាសមកលើគេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺនឹងសំរាល ហើយគេចមិនរួចឡើយ