ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ភីលេម៉ូន 1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ភីលេម៉ូន 1

សេចក្ដី​ផ្ដើម

1 ប៉ុល ជា​អ្នក​ទោស​ដោយ​ព្រោះ​ព្រះគ្រីស្ទ និង​ធីម៉ូថេ ជា​បង‌ប្អូន​យើង សូម​ជម្រាប​មក​លោក​ភីលេ‌ម៉ូន ជា​ទី​ស្រឡាញ់ និង​ជា​អ្នក​រួម​ការ​ងារ​ជា​មួយ​យើង

2 សូម​ជម្រាប​មក​នាង​អាប់‌ភា ជា​ប្អូន​ស្រី សូម​ជម្រាប​មក​លោក​អើ‌ឃីព ជា​អ្នក​រួម​តយុទ្ធ​ជា​មួយ​យើង និង​សូម​ជម្រាប​មក​ក្រុម​ជំនុំ ដែល​ប្រជុំ​នៅ​ផ្ទះ​របស់​លោក។

3 សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត ពី​ព្រះ ជា​ព្រះ‌វរ‌បិតា​របស់​យើង និង​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។

សេចក្ដី​ស្រឡាញ់ និង​ជំនឿ​របស់​លោក​ភីលេ‌ម៉ូន

4 ខ្ញុំ​តែង​អរ​ព្រះ‌គុណ​ដល់​ព្រះ​របស់​ខ្ញុំ​ជា‌និច្ច ហើយ​នឹក​ចាំ​ពី​អ្នក​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ

5 ព្រោះ​ខ្ញុំ​បាន​ឮ​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់ និង​ពី​ជំនឿ​របស់​អ្នក​ដល់​ព្រះ‌អម្ចាស់‌យេស៊ូវ។

6 ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​ការ​ចែក​ចាយ​ជំនឿ​របស់​អ្នក​មាន​ប្រសិទ្ធភាព ឲ្យ​បាន​ស្គាល់​គ្រប់​ទាំង​ការ​ល្អ ដែល​មាន​នៅ​ក្នុង​យើង​សម្រាប់​ព្រះ‌គ្រីស្ទ។

7 ប្អូន​អើយ ខ្ញុំ​ពិត​ជា​បាន​ទទួល​អំណរ និង​ការ​លើក​ចិត្ត​ជា​ខ្លាំង ដោយ‌សារ​សេចក្ដី​ស្រឡាញ់​របស់​អ្នក ព្រោះ​ចិត្ត​របស់​ពួក​បរិសុទ្ធ​បាន​ធូរ​ស្បើយ​ដោយ‌សារ​អ្នក។

លោក​ប៉ុល​អង្វរ​លោក​ភីលេ‌ម៉ូន

8 ដូច្នេះ នៅ​ក្នុង​ព្រះគ្រីស្ទ ទោះ​ជា​ខ្ញុំ​មាន​សិទ្ធិ​នឹង​បង្គាប់​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ក៏​ដោយ

9 ក៏​ខ្ញុំ​សូម​អង្វរ​អ្នក​ដោយ​សេចក្ដី​ស្រឡាញ់​ដែរ ដ្បិត​ខ្ញុំ ប៉ុល មាន​វ័យ​ចាស់​ហើយ ហើយ​ឥឡូវ​នេះ​ក៏​ជា​អ្នក​ទោស​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ‌យេ‌ស៊ូវ​ទៀត​ផង

10 ខ្ញុំ​សូម​អង្វរ​អ្នក​ជំនួស​កូន​របស់​ខ្ញុំ គឺ​អូនេ‌ស៊ីម ដែល​ខ្ញុំ​បាន​បង្កើត​នៅ​ពេល​ខ្ញុំ​ជាប់​ចំណង។

11 ពី​ដើម​គាត់​គ្មាន​ប្រយោជន៍​សម្រាប់​អ្នក​មែន តែ​ឥឡូវ​នេះ គាត់​ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​អ្នក ហើយ​ក៏​មាន​ប្រយោជន៍​សម្រាប់​ខ្ញុំ​ដែរ។

12 ខ្ញុំ​បាន​ចាត់​គាត់ ដែល​ជា​ដួង​ចិត្ត​របស់​ខ្ញុំ ឲ្យ​មក​រក​អ្នក​វិញ។

13 ខ្ញុំ​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​គាត់​បាន​បម្រើ​ខ្ញុំ​ជំនួស​អ្នក ក្នុង​ពេល​ដែល​ខ្ញុំ​ជាប់​ចំណង​ដោយ​ព្រោះ​ដំណឹង​ល្អ

14 តែ​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​អ្នក​ឡើយ ដើម្បី​កុំ​ឲ្យ​អ្នក​ធ្វើ​ល្អ​ទាំង​បង្ខំ គឺ​ដោយ​ស្ម័គ្រ​ចិត្ត​វិញ។

15 ប្រហែល​ជា​ដោយ​សារ​មូល​ហេតុ​នេះ បាន​ជា​គាត់​ឃ្លាត​ចេញ​ពី​អ្នក​មួយ​រយៈ ដើម្បី​ឲ្យ​អ្នក​បាន​គាត់​មក​វិញ​អស់​កល្ប​ជានិច្ច

16 តែ​មិន​មែន​ជា​អ្នក​បម្រើ​ទៀត គឺ​ជា​បង‌ប្អូន​ស្ងួន‌ភ្ងា​វិញ ដែល​លើស​ជាង​អ្នក​បម្រើ​ទៅ​ទៀត ជា​ពិសេស​ចំពោះ​ខ្ញុំ ហើយ​ចំពោះ​អ្នក​កាន់​តែ​ពិសេស​ថែម​ទៀត ទាំង​ខាង​សាច់​ឈាម ទាំង​ខាង​ព្រះ‌អម្ចាស់។

17 ដូច្នេះ ប្រសិន‌បើ​អ្នក​រាប់​ខ្ញុំ​ទុក​ជា​គូ​កន នោះ​ចូរ​ទទួល​គាត់ ទុក​ដូច​ជា​ទទួល​ខ្ញុំ​ចុះ។

18 ប្រសិន‌បើ​គាត់​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក ឬ​ជំពាក់​អ្វី​ដល់​អ្នក នោះ​ត្រូវ​គិត​លើ​ខ្ញុំ​វិញ។

19 ខ្ញុំ ប៉ុល សរសេរ​ដោយ​ដៃ​របស់​ខ្ញុំ​ផ្ទាល់​ថា ខ្ញុំ​នឹង​សង​អ្នក តែ​ខ្ញុំ​មិន​បាច់​រំឭក​អ្នក​ទេ​ថា សូម្បី​តែ​ខ្លួន​អ្នក​ផ្ទាល់​ក៏​ជំពាក់​ខ្ញុំ​ដែរ។

20 មែន​ហើយ ប្អូន​អើយ សូម​ឲ្យ​ខ្ញុំ​បាន​ផល​នេះ​ពី​អ្នក​ក្នុង​ព្រះ‌អម្ចាស់​ផង! សូម​ឲ្យ​ចិត្ត​របស់​ខ្ញុំ​បាន​ធូរ​ស្បើយ​ក្នុង​ព្រះ‌គ្រីស្ទ​ផង។

21 ខ្ញុំ​បាន​សរសេរ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក ដោយ​ជឿ​ជាក់​ថា អ្នក​នឹង​ស្តាប់​តាម​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​ថា អ្នក​នឹង​ធ្វើ​លើស​ជាង​ពាក្យ​ដែល​ខ្ញុំ​សុំ​នេះ​ទៅ​ទៀត។

22 ព្រម​ជា​មួយ​គ្នា​នេះ សូម​រៀប​ចំ​កន្លែង​មួយ​សម្រាប់​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​ផង ដ្បិត​ខ្ញុំ​សង្ឃឹម​ថា តាម​រយៈ​សេចក្ដី​អធិស្ឋាន​របស់​អ្នក ខ្ញុំ​នឹង​បាន​មក​ជួប​អ្នក​វិញ​មិន​ខាន។

ពាក្យ​ជម្រាប​សួរ និង​ពាក្យ​ប្រសិទ្ធពរ​ចុង​ក្រោយ

23 លោក​អេប៉ា‌ប្រាស ជា​អ្នក​ជាប់​គុក​ជា​មួយ​ខ្ញុំ​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ‌យេស៊ូវ សូម​ជម្រាប​សួរ​មក​អ្នក

24 ហើយ​លោក​ម៉ាកុស លោក​អើរី‌ស្តាក លោក​ដេ‌ម៉ាស និង​លោក​លូកា ជា​អ្នក​រួម​ការ​ជា​មួយ​ខ្ញុំ ក៏​សូម​ជម្រាប​សួរ​មក​អ្នក​ដែរ។

25 សូម​ឲ្យ​វិញ្ញាណ​របស់​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​អម្ចាស់​យេស៊ូវ‌គ្រីស្ទ។ អាម៉ែន។:៚

© 2016 United Bible Societies

Bible Society in Cambodia