ហេព្រើរ INTRO1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យ​លំនាំ អ្នក​តែង៖ សំបុត្រ​ផ្ញើ​ជូន​គ្រីស្ទបរិស័ទ​ជាតិ​ហេព្រើរ មាន​លក្ខណៈ​ប្លែក​ពី​សំបុត្រ​ឯ​ទៀតៗ គឺ​មាន​លំនាំ​ដូច​ជា​សុន្ទរកថា​របស់​បណ្ឌិត​ខាង​វិន័យ។ អ្នក​សរសេរ​កណ្ឌ​គម្ពីរ​នេះ ស្គាល់​ព្រះគម្ពីរ​សញ្ញា​ចាស់​យ៉ាង​ច្បាស់ ហើយ​ពន្យល់​តាម​របៀប​បណ្ឌិត​ខាង​វិន័យ។ អ្នក​ខ្លះ​សន្និដ្ឋាន​ថា​លោក​ប៉ុល​ជា​អ្នក​សរសេរ​សំបុត្រ​នេះ អ្នក​ខ្លះទៀត​សន្និដ្ឋាន​ថា​លោក​អ័ប៉ុឡូស (កិច្ចការ ១៨.២៤-២៨) ជា​អ្នក​សរសេរ ក៏​ប៉ុន្តែ យើង​ពុំ​ដឹង​ពិត​ប្រាកដ​ថា​នរណា​បាន​សរសេរ​សំបុត្រ​នេះ​ទេ ហើយ​ក៏​ពុំ​ដឹង​ថា​សំបុត្រ​នេះ​សរសេរ​ផ្ញើ​ទៅ​គ្រីស្ទបរិស័ទ​ណា​ដែរ។ យើង​គ្រាន់​តែ​យល់​តាម​រយៈ​សំបុត្រ​នេះ​ថា អ្នក​សរសេរ​ចង់​ដាស់​តឿន​គ្រីស្ទបរិស័ទ​ជន​ជាតិ​យូដា ដែល​បាន​ប្រែ​ចិត្ដ​ជឿ​ព្រះយេស៊ូវគ្រីស្ទ។ ក្នុង​ចំណោម​បងប្អូន​ទាំង​នោះ ប្រហែល​ជា​មាន​សង្ឃ​ជា​ច្រើន ដែល​ធ្លាប់​ធ្វើ​ពិធី​បុណ្យ​ផ្សេងៗក្នុង​ព្រះវិហារ​នៅ​ក្រុង​យេរូសាឡិម​កាល​ពី​មុន ហើយ​នៅ​អាឡោះ​អាល័យ​ពិធី​ទាំង​នោះ​ដដែល។ មួយ​វិញ​ទៀត ពួក​គេ​អស់​សង្ឃឹម​ដោយ​ជួប​នឹង​ទុក្ខ​លំបាក ព្រោះ​ត្រូវ​ជន​រួម​ជាតិ​របស់​ខ្លួន​បៀត​បៀន។ គោល​សំខាន់ៗ អ្នក​សរសេរ​សំបុត្រ​នេះ បាន​លើក​យក​គោល​គំនិត​របស់​សាសនា​យូដា មក​ពន្យល់​អំពី​ឋានៈ​របស់​ព្រះគ្រីស្ទ ដែល​ប្រសើរ​ជាង​លោក​ម៉ូសេ ព្រោះ​ព្រះអង្គ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះ ហើយ​ប្រសើរ​ជាង​សង្ឃ​ឯ​ទៀតៗ ព្រោះ​ព្រះអង្គ​ជា​សង្ឃ​ដែល​អាច​លោះ​បាប​មនុស្ស​លោក​មួយ​ដង​ជា​សម្រេច។ ព្រះយេស៊ូវ​ក៏​បាន​បូជា​ព្រះជន្ម​ទុក​ជា​យញ្ញបូជា​ប្រសើរ​ជាង​យញ្ញបូជា ដែល​គេ​ថ្វាយ​ក្នុង​ព្រះវិហារ ព្រោះ​ព្រះអង្គ​នាំ​មនុស្ស ឲ្យ​ចូល​ទៅ​ជិត​ព្រះ ហើយ​តែង​តាំង​សញ្ញា​ថ្មី​ដែល​នៅ​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច។ អ្នក​សរសេរ​សំបុត្រ​នេះ ក៏​បាន​ដាស់​តឿន​គ្រីស្ទបរិស័ទ​ឲ្យ​មាន​ចិត្ដ​តស៊ូ ស្មោះ​ត្រង់​នឹង​ជំនឿ ដោយ​លើក​យក​អ្នក​ជឿ​ពី​ជំនាន់​ដើម​ធ្វើ​ជា​គំរូ។ គម្រោង​គម្ពីរ​ហេព្រើរ៖ • សេចក្ដី​ផ្ដើម ១.១-៣ • ព្រះគ្រីស្ទ​ប្រសើរ​ជាង​ពួក​ទេវតា ១.៤-២.១៨ • ព្រះគ្រីស្ទ​ប្រសើរ​ជាង​លោក​ម៉ូសេ និង​លោក​យ៉ូស្វេ ៣.១-៤.១៣ • ព្រះគ្រីស្ទ​ប្រសើរ​ជាង​សង្ឃ ៤.១៤-៧.២៨ • ព្រះគ្រីស្ទ​ប្រសើរ​ជាង​សេចក្ដី​សញ្ញា ៨.១-៩.២៨ • ព្រះគ្រីស្ទ​ប្រសើរ​ជាង​យញ្ញបូជា ១០.១-៣៩ • អំពី​ជំនឿ ១១.១-១២.២៩ • ជីវិត​ស្រប​តាម​ព្រះ ១៣.១-១៩ • អវសានកថា ១៣.២០-២៥ |
© 2016 United Bible Societies
Bible Society in Cambodia