ពាក្យព្រះគុណសម្រាប់ព្រះពររបស់ព្រះទំនុកតម្កើង។ ជាបទចម្រៀងសម្រាប់ថ្ងៃសប្ប័ទ។ 1 នេះជាការប្រពៃណាស់ ដែលអរព្រះគុណដល់ព្រះយេហូវ៉ា ហើយច្រៀងសរសើរតម្កើងព្រះនាមព្រះអង្គ ឱព្រះដ៏ខ្ពស់បំផុតអើយ! 2 ដើម្បីប្រកាសអំពីព្រះហឫទ័យសប្បុរស របស់ព្រះអង្គនៅពេលព្រឹក និងអំពីព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គនៅពេលយប់ 3 ដោយប្រដាប់ភ្លេងមានខ្សែដប់ និងពិណ ដោយសូរចាប់ស៊ុងយ៉ាងរងំ 4 ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានឲ្យទូលបង្គំ រីករាយនឹងកិច្ចការរបស់ព្រះអង្គ ទូលបង្គំច្រៀងដោយអំណរ ចំពោះកិច្ចការដែលព្រះហស្តព្រះអង្គបានធ្វើ។ 5 ៙ ឱព្រះយេហូវ៉ាអើយ ស្នាព្រះហស្តរបស់ព្រះអង្គធំអស្ចារ្យណាស់ ព្រះតម្រិះរបស់ព្រះអង្គក៏ជ្រៅពន់ពេក! 6 មនុស្សកំរោលមិនដឹងអ្វីទេ ហើយមនុស្សឆោតល្ងង់ ក៏មិនយល់សេចក្ដីនេះដែរ 7 ទោះជាមនុស្សអាក្រក់ដុះឡើងដូចជាស្មៅ ហើយមនុស្សប្រព្រឹត្តអំពើទុច្ចរិត លូតលាស់ឡើងក៏ដោយ ក៏គង់តែគេនឹងត្រូវវិនាសអន្តរាយជារៀងរហូត 8 រីឯព្រះអង្គវិញ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះដ៏ខ្ពស់អស់កល្បជានិច្ច។ 9 ដ្បិត ឱព្រះយេហូវ៉ាអើយ សូមទតមើលខ្មាំងសត្រូវរបស់ព្រះអង្គ មើល៍ ខ្មាំងសត្រូវរបស់ព្រះអង្គ នឹងត្រូវវិនាសទៅ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត នឹងត្រូវខ្ចាត់ខ្ចាយអស់។ 10 ៙ ប៉ុន្ដែ ព្រះអង្គបានតម្កើងស្នែង របស់ទូលបង្គំឡើង ដូចស្នែងគោព្រៃ ព្រះអង្គបានចាក់ប្រេងថ្មីមកលើទូលបង្គំ។ 11 ភ្នែកទូលបង្គំបានឃើញខ្មាំងសត្រូវ របស់ទូលបង្គំធ្លាក់ចុះ ហើយត្រចៀកទូលបង្គំក៏បានឮពីមហន្តរាយ របស់អស់អ្នកដែលប្រព្រឹត្តអាក្រក់ មកលើទូលបង្គំដែរ។ 12 ៙ មនុស្សសុចរិតនឹងលូតលាស់ឡើង ដូចដើមលម៉ើ ក៏ចម្រើនឡើង ដូចដើមតាត្រៅ នៅលើភ្នំល្បាណូន។ 13 គេដូចជាដើមឈើដែលដុះ នៅក្នុងដំណាក់នៃព្រះយេហូវ៉ា គេលូតលាស់នៅក្នុងទីលានរបស់ព្រះនៃយើង។ 14 គេនឹងនៅតែអាចបង្កើតផលក្នុងវ័យចាស់ គេនៅតែមានជ័រជាបរិបូរ ហើយនៅតែខៀវខ្ចីជានិច្ច 15 ដើម្បីសម្ដែងឲ្យឃើញថា ព្រះយេហូវ៉ាទៀងត្រង់ ព្រះអង្គជាថ្មដារបស់ខ្ញុំ ហើយគ្មានអំពើទុច្ចរិតណា នៅក្នុងព្រះអង្គឡើយ។ |
© 2016 United Bible Societies
Bible Society in Cambodia