ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ សាំ‌យូ‌អែល 4 - អាល់គីតាប អាល់គីតាប
២ សាំ‌យូ‌អែល 4

ស្តេច​អ៊ីស‌បូសែត​ត្រូវ​គេ​សម្លាប់

1 ពេល​ស្តេច​អ៊ីស‌បូសែត ជា​បុត្រ​របស់​ស្តេច​សូល​ជ្រាប​ថា លោក​អប៊ី‌នើរ​ស្លាប់​នៅ​ក្រុង​ហេ‌ប្រូន​គាត់​ក៏​ធ្លាក់​ទឹក​ចិត្ត ហើយ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង។

2 ស្តេច​អ៊ីស‌បូសែត​មាន​មេ‌ទ័ព​ពីរ​នាក់ ម្នាក់​ឈ្មោះ​បាណា ម្នាក់​ទៀត​ឈ្មោះ​រេ‌កាប។ អ្នក​ទាំង​ពីរ​ជា​កូន​របស់​លោក​រីម៉ូន ជា​អ្នក​ភូមិ​បៀរ៉ុត ក្នុង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន។ គេ​ចាត់​ទុក​ភូមិ​បៀ‌រ៉ុត​នេះ ជា​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន

3 ដ្បិត​ប្រជា‌ជន​ដែល​រស់​នៅ​ទី​នោះ​ពី​មុន បាន​ភៀស​ខ្លួន​ទៅ​គី‌ថែម ហើយ​រស់​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។

4 សម្តេច​យ៉ូណា‌ថាន ជា​បុត្រ​របស់​ស្តេច​សូល មាន​កូន​ប្រុស​ម្នាក់ ខ្វិន​ជើង​ទាំង​ពីរ ឈ្មោះ​មេភី‌បូសែត។ កាល​អាយុ​បាន​ប្រាំ​ឆ្នាំ នៅ​ពេល​អ្នក​ស្រុក​យេស‌រាល​ឮ​ដំណឹង​ថា ស្តេច​សូល និង​សម្តេច​យ៉ូណា‌ថាន​ស្លាប់ មេ​ដោះ​បាន​ពរ​កុមារ​នោះ​រត់​ទៅ ប៉ុន្តែ ដោយ​ប្រញាប់​ពេក នាង​ធ្វើ​ឲ្យ​កុមារ​នោះ​ធ្លាក់ ហើយ​ទៅ​ជា​ខ្វិន។

5 លោក​រេ‌កាប និង​លោក​បា‌ណា ដែល​ជា​កូន​របស់​លោក​រីម៉ូន ជា​អ្នក​ភូមិ​បៀរ៉ុត បាន​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ស្តេច​អ៊ីស‌បូសែត​នៅ​ពេល​ថ្ងៃ​ត្រង់ ពេល​នោះ​ស្តេច​កំពុង​តែ​ដេក។

6 ពួក​គេ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ដំណាក់​ស្តេច ធ្វើ​ហាក់​ដូច​ជា​ទៅ​យក​ស្រូវ ហើយ​ចាក់​មួយ​កាំបិត​ត្រង់​ពោះ​ស្តេច។ បន្ទាប់​មក លោក​រេ‌កាប និង​លោក​បា‌ណា ជា​ប្អូន​ក៏​នាំ​គ្នា​រត់​ចេញ​ទៅ។

7 មុន​ដំបូង ពួក​គេ​ចូល​ទៅ​ក្នុង​ដំណាក់ នៅ​ពេល​ដែល​ស្តេច​អ៊ីស‌បូសែត​កំពុង​ដេក​លើ​គ្រែ​ក្នុង​បន្ទប់​ដេក។ ពួក​គេ​សម្លាប់​ស្តេច ហើយ​កាត់​យក​ក្បាល រួច​នាំ​គ្នា​ចេញ​ទៅ។ ពួក​គេ​ដើរ​អស់​មួយ​យប់ កាត់​តាម​តំបន់​អារ៉ា‌បា។

8 ពួក​គេ​យក​ក្បាល​របស់​ស្តេច​អ៊ីស‌បូសែត ទៅ​ជូន​ស្តេច​ទត នៅ​ក្រុង​ហេ‌ប្រូន ហើយ​ជម្រាប​ថា៖ «នេះ​ជា​ក្បាល​របស់​ស្តេច​អ៊ីស‌បូសែត ជា​បុត្រ​របស់​ស្តេច​សូល ដែល​ជា​ខ្មាំង​សត្រូវ​របស់​ស្តេច។ ស្តេច​សូល​តែងតែ​ប៉ុន‌ប៉ង​សម្លាប់​ស្តេច ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​បាន​សង‌សឹក​ស្តេច​សូល និង​រាជ‌វង្ស ជូន​ស្តេច​ហើយ!»។

9 ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​លោក​រេ‌កាប និង​លោក​បា‌ណា ជា​កូន​របស់​លោក​រីម៉ូន អ្នក​ភូមិ​បៀ‌រ៉ុត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​ទាំង​ពីរ ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប ហើយ​ជា​ម្ចាស់​ដែល​បាន​រំដោះ​ខ្ញុំ នៅ​គ្រប់​គ្រា​មាន​អាសន្ន​ថា

10 ពេល​បុរស​ម្នាក់​មក​ប្រាប់​ខ្ញុំ​អំពី​ស្តេច​សូល​ស្លាប់​នោះ គេ​នឹក​ស្មាន​ថា ខ្លួន​នាំ​ដំណឹង‌ល្អ​មក​ប្រាប់​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​បាន​ចេញ​បញ្ជា​ឲ្យ​ចាប់​អ្នក​នោះ សម្លាប់​នៅ​ក្រុង​ស៊ីគ‌ឡាក់ ដើម្បី​តប​ស្នង​នឹង​ដំណឹង‌ល្អ​របស់​គេ!

11 ឥឡូវ​នេះ ពេល​មនុស្ស​អាក្រក់​ធ្វើ​ឃាត​មនុស្ស​សុចរិត​ដែល​កំពុង​តែ​ដេក​លក់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន តើ​ខ្ញុំ​គួរ​យក​អ្វី​ទៅ​តប​ស្នង​វិញ ក្រៅ​ពី​លុប​បំបាត់​ឃាត‌ក​ចេញ​ពី​ផែនដី?»។

12 ស្តេច​ទត​បាន​បញ្ជា​ឲ្យ​ពួក​ទាហាន​យក​លោក​រេ‌កាប និង​លោក​បា‌ណា​ទៅ​សម្លាប់។ គេ​កាត់​ដៃ​កាត់​ជើង​អ្នក​ទាំង​ពីរ យក​ទៅ​ចង​ព្យួរ​ជិត​បឹង​នៅ​ក្រុង​ហេ‌ប្រូន។ រីឯ​ក្បាល​របស់​ស្តេច​អ៊ីស‌បូសែត​វិញ គេ​យក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​លោក​អប៊ី‌នើរ នៅ​ក្រុង​ហេ‌ប្រូន។

© 2014 United Bible Societies, UK.

United Bible Societies