Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ សាំ‌យូ‌អែល 5 - អាល់គីតាប


ណាពី​ទត​គ្រង​រាជ្យ​លើ​អ៊ីស្រ‌អែល​ទាំង​មូល

1 កុល‌សម្ព័ន្ធ​ទាំង​អស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល នាំ​គ្នា​មក​ជួប​ស្តេច​ទត នៅ​ក្រុង​ហេ‌ប្រូន ហើយ​ប្រាប់​ថា៖ «ខ្ញុំ​ទាំង​អស់​គ្នា ក៏​ជា​សាច់​សា​លោហិត​របស់​ស្តេច​ដែរ។

2 កាល​ពី​មុន នៅ​គ្រា​ដែល​ស្តេច​សូល​គ្រង​រាជ្យ​លើ​ពួក​ខ្ញុំ ស្តេច​ធ្លាប់​ដឹក​នាំ​កង‌ទ័ព​អ៊ីស្រ‌អែល​ចេញ​ទៅ​ធ្វើ​សឹក ហើយអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ស្តេច​ថា “អ្នក​នឹង​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង អ្នក​នឹង​ដឹក​នាំ​ពួក​គេ”»។

3 ដូច្នេះ អះលី‌ជំអះ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ចូល​មក​ជួប​ស្តេច​នៅ​ក្រុង​ហេ‌ប្រូន។ ស្តេច​ទត​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អះលី‌ជំអះ​ទាំង​នោះ ចំពោះអុលឡោះ‌តាអាឡា​នៅ​ក្រុង​ហេ‌ប្រូន រួច​ហើយ​ពួក​គេ​តែង​តាំង​ទត ជា​ស្តេច​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។

4 នៅ​ពេល​ឡើង​គ្រង​រាជ្យ ស្តេច​ទត​មាន​អាយុ​សាម‌សិប​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​សែ‌សិប​ឆ្នាំ។

5 នៅ​ក្រុង​ហេ‌ប្រូន គាត់​សោយ​រាជ្យ​លើ​ស្រុក​យូដា​បាន​ប្រាំ​ពីរ​ឆ្នាំ​កន្លះ បន្ទាប់​មក នៅ​ក្រុង​យេរូ‌សាឡឹម គាត់​សោយ​រាជ្យ​បាន​សាម‌សិប​បី​ឆ្នាំ លើ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល។


ណាពី​ទត​លើក​រាជ​ធានី​មក​នៅ​ក្រុង​យេរូ‌សាឡឹម

6 ស្តេច​ទត ព្រម​ទាំង​កង‌ទ័ព​នាំ​គ្នា​ចេញ​ទៅ​វាយ​យក​ក្រុង​យេរូ‌សាឡឹម។ ជន‌ជាតិ​យេ‌ប៊ូស​ដែល​រស់​នៅ​តំបន់​នោះ និយាយ​ប្រមាថ​ស្តេច​ទត​ថា៖ «អ្នក​ឯង​ចូល​ក្នុង​ទី‌ក្រុង​របស់​យើង​មិន​បាន​ទេ ទោះ​បី​មនុស្ស​ខ្វាក់ ឬ​មនុស្ស​ខ្វិន ក៏​អាច​រុញ​ច្រាន​អ្នក​ឲ្យ​ថយ​ក្រោយ​វិញ​បាន​ដែរ»។ គេ​ពោល​ដូច្នេះ មក​ពី​គេ​គិត​ថា ទត​មិន​អាច​ដណ្តើម​យក​ទី‌ក្រុង​បាន​ឡើយ។

7 ស្តេច​ទត​វាយ​យក​បាន​បន្ទាយ​នៅ​ភ្នំ​ស៊ី‌យ៉ូន ដែល​ក្រោយ​មក​ហៅ​ថា “បុរី​ស្តេច​ទត”។

8 នៅ​ថ្ងៃ​នោះ ស្តេច​ទត​បាន​បញ្ជា​ថា៖ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​ចង់​វាយ​ពួក​យេ‌ប៊ូស ត្រូវ​ឡើង​តាម​ប្រឡាយ​ទឹក នោះ​នឹង​ទៅ​ដល់​ពួក​ខ្វិន និង​ពួក​ខ្វាក់ ដែល​ទត​ស្អប់​នោះ​មិន​ខាន!»។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យ​ថា៖ «អ្នក​ខ្វាក់ អ្នក​ខ្វិន គ្មាន​សិទ្ធិ​ចូល​ក្នុង​ដំណាក់​ទេ!»។

9 ស្តេច​ទត​នៅ​ក្នុង​បន្ទាយ ដែល​គាត់​ហៅ​ថា «បុរី​ស្តេច​ទត»។ បន្ទាប់​មក គាត់​ពង្រីក​ទី‌ក្រុង​ចាប់​តាំង​ពី​មីឡូ រហូត​ដល់​ដំណាក់​របស់​គាត់។

10 ស្តេច​ទត​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល នៅ​ជា​មួយ។

11 ស្តេច​ហ៊ី‌រ៉ាម ជា​ស្តេច​នៅ​ក្រុង​ទីរ៉ុស ចាត់​អ្នក​នាំ​សារ​ឲ្យ​ចូល​មក​ជួប​ស្តេច​ទត ដោយ​នាំ​ឈើ​តា‌ត្រៅ ជាង​សំណង់ ជាង​ដាប់​ថ្ម​មក​ជា​មួយ​ផង ដើម្បី​សង់​ដំណាក់​មួយ​ឲ្យ​ស្តេច​ទត។

12 ស្តេច​ទត​ឈ្វេង​យល់​ថា អុលឡោះ‌តាអាឡា​តែង‌តាំង​គាត់​ឲ្យ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល ហើយ​ទ្រង់​ក៏​ប្រោស​ប្រទាន​ឲ្យ​រាជ​សម្បត្តិ​របស់​គាត់​បាន​ចំរុង​ចំរើន​ឡើង ព្រោះ​តែ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ដែរ។


កូន​របស់​ណាពី​ទត ប្រសូត​នៅ​ក្រុង​យេរូ‌សាឡឹម

13 ក្រោយ​បាន​ចាក​ចេញ​ពី​ក្រុង​ហេ‌ប្រូន មក​នៅ​ក្រុង​យេរូ‌សាឡឹម ស្តេច​ទត​មាន​ស្នំ​ឯក និង​ប្រពន្ធ​ផ្សេងៗ​ទៀត ដែល​ប្រសូត​បាន​បុត្រា​បុត្រី​ជា​ច្រើន​ជូន​គាត់។

14 នេះ​ជា​បញ្ជី​រាយ​នាម​កូន​របស់​ស្តេច​ទត ដែល​ប្រសូត​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​សាំ‌មួរ សូ‌បាប់ ណា‌ថាន ស៊ូឡៃ‌ម៉ាន

15 យីប‌ហារ អេលី‌សួ នេ‌ផេក យ៉ា‌ភា

16 អេលី‌សាម៉ា អេលា‌ដា និង​អេលី‌ផាលេត។


ជ័យ‌ជំនះ​របស់​ណាពី​ទត​លើ​ជន‌ជាតិ​ភីលី‌ស្ទីន

17 កាល​ជន‌ជាតិ​ភីលី‌ស្ទីន​ឮ​ថា ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​តែង​តាំង​ស្តេច​ទត​ជា​ស្តេច នោះ​ពួក​គេ​លើក​ទ័ព​ទាំង​អស់​មក​តាម​ចាប់​ស្តេច​ទត។ ស្តេច​ទត​ជ្រាប​ដំណឹង​នេះ គាត់​ទៅ​ជ្រក​ក្នុង​ជំរក​មួយ។

18 ជន‌ជាតិ​ភីលី‌ស្ទីន​មក​ដល់ ហើយ​បោះ​ទ័ព​ក្នុង​ជ្រលង​ភ្នំ​រេ‌ផែម។

19 ស្តេច​ទត​សួរអុលឡោះ‌តាអាឡា​ថា៖ «តើ​ខ្ញុំ​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​ភីលី‌ស្ទីន​ឬ​ទេ? តើ​ទ្រង់​ប្រគល់​ពួក​គេ មក​ក្នុង​កណ្តាប់​ដៃ​របស់​ខ្ញុំ​ដែរ​ឬ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ទៅ​ចុះ យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​ជា​មិន​ខាន!»។

20 ស្តេច​ទត​ក៏​ទៅ​ដល់​បាល-ពេរ៉ា‌ស៊ីម ហើយ​វាយ​ឈ្នះ​ពួក​ភីលី‌ស្ទីន​នៅ​ទី​នោះ។ បន្ទាប់​មក គាត់​និយាយ​ថា៖ «អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បាក់​ទ័ព​នៅ​ចំពោះ​មុខ​ខ្ញុំ ដូច​ទឹក​បាក់​ទំនប់»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា បាល-ពេរ៉ា‌ស៊ីម។

21 ពេល​បាក់​ទ័ព​រត់​ទៅ កង‌ទ័ព​ភីលី‌ស្ទីន​បាន​បោះ​បង់​ចោល​រូប​ព្រះ​របស់​គេ នៅ​នឹង​កន្លែង។ ស្តេច​ទត និង​ពល​ទាហាន​បាន​ប្រមូល​យក​រូប​ព្រះ​ទាំង​នោះ។

22 ជន‌ជាតិ​ភីលី‌ស្ទីន​នាំ​គ្នា​មក​បោះ​ទ័ព នៅ​ក្នុង​ជ្រលង​ភ្នំ​រេ‌ផែម​សា​ជា​ថ្មី។

23 ស្តេច​ទត​ទូរអា​សួរអុលឡោះ‌តាអាឡា ហើយ​ទ្រង់​មាន​បន្ទូល​មក​គាត់​វិញ​ថា៖ «កុំ​វាយ​គេ​ចំ​ពី​មុខ​ឡើយ! ចូរ​ដើរ​វាង​ទៅ​ពី​ក្រោយ ហើយ​វាយ​ពួក​គេ​ពី​ម្តុំ​ដើម​មន​នោះ​មក​វិញ។

24 កាល​ណា​អ្នក​ឮ​សន្ធឹក​ជើង​នៅ​លើ​ចុង​មន ចូរ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ​ដ្បិត គឺ​ពេល​នោះ​ហើយ ដែល​យើង​ជាអុលឡោះ‌តាអាឡា​នាំ​មុខ​អ្នក​វាយ​លុក​ទី​តាំង​ទ័ព​ភីលី‌ស្ទីន»។

25 ស្តេច​ទត​ធ្វើ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា គាត់​វាយ​ឈ្នះ​ពួក​ភីលី‌ស្ទីន ហើយ​ដេញ​តាម​ពួក​គេ​ចាប់​តាំង​ពី​ក្រុង​កេ‌បា រហូត​ដល់​ក្រុង​កេ‌ស៊ើរ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម