ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ របា‌ក្សត្រ 2 - អាល់គីតាប អាល់គីតាប
២ របា‌ក្សត្រ 2

ណាពី​ស៊ូឡៃ‌ម៉ាន​សង់​ម៉ាស្ជិទ

1 ស្តេច​ស៊ូឡៃ‌ម៉ាន​បញ្ជា​ឲ្យ​គេ​សង់​ដំណាក់​មួយ ជូន​នាមអុលឡោះ‌តាអាឡា និង​ដំណាក់​មួយ​សម្រាប់​ស្តេច​ផ្ទាល់។

2 ស្តេច​ស៊ូឡៃ‌ម៉ាន​កេណ្ឌ​មនុស្ស​ប្រាំ​ពីរ​ម៉ឺន​នាក់ សម្រាប់​លី​សែង និង​ប្រាំ​បី​ម៉ឺន​នាក់ សម្រាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ ព្រម​ទាំង​អ្នក​ទទួល​ខុស​ត្រូវ​ចំនួន​បី​ពាន់​ប្រាំ​មួយ​រយ​នាក់។

3 ស្តេច​ស៊ូឡៃ‌ម៉ាន​ចាត់​អ្នក​នាំ​សារ ឲ្យ​ទៅ​ជម្រាប​ស្តេច​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស​ថា៖ «ស្តេច​បាន​ផ្តល់​ឈើ​តាត្រៅ ជូន​ស្តេច​ទត ជា​ឪពុក​របស់​ខ្ញុំ ដើម្បី​សង់​ដំណាក់។

4 ខ្ញុំ​ចង់​សង់​ដំណាក់​មួយ​ជូន​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ខ្ញុំ ដើម្បី​ញែក​ជូន​ទ្រង់​សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ​ទ្រង់ សម្រាប់​តម្កល់​នំបុ័ង​ជូន​ទ្រង់​ជា​អចិ‌ន្ត្រៃយ៍ ព្រម​ទាំង​ធ្វើ​គូរបាន​ដុត​ទាំង​មូល នៅ​ពេល​ព្រឹក នៅ​ពេល​ល្ងាច នៅ​ថ្ងៃ​ឈប់​សម្រាក នៅ​ថ្ងៃ​ចូល​ខែ​ថ្មី និង​នៅ​ថ្ងៃ​បុណ្យ​សំខាន់​ផ្សេងៗ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ជា​ទំនៀម‌ទម្លាប់​ដែល​អ៊ីស្រ‌អែល​ត្រូវ​កាន់​តាម រហូត​ត​រៀង​ទៅ។

5 ដំណាក់​របស់​អុលឡោះ​ដែល​ខ្ញុំ​ចង់​សង់​នោះ​មាន​ទំហំ​ធំ​ណាស់ ដ្បិត​អុលឡោះ​ជា​ម្ចាស់​នៃ​យើង ជា​ម្ចាស់​ដ៏​ឧត្តុង្គ‌ឧត្តម លើស​ព្រះ​នានា។

6 ប៉ុន្តែ តើ​នរណា​អាច​សង់​ដំណាក់​ជូន​ទ្រង់​បាន? សូម្បី​តែ​ផ្ទៃ​មេឃ​ដ៏​ធំ​ធេង ក៏​ពុំ​មាន​កន្លែង​ល្មម​ជូន​ទ្រង់​នៅ​ផង។ ខ្ញុំ​ក៏​ពុំ​អាច​សង់​ដំណាក់​ជូន​ទ្រង់​បាន​ដែរ គឺ​ខ្ញុំ​គ្រាន់​តែ​ចង់​សង់​កន្លែង​មួយ សម្រាប់​ធ្វើ​គូរបាន​ចំពោះ​ទ្រង់​ប៉ុណ្ណោះ។

7 ដូច្នេះ សូម​ចាត់​ជាង​ម្នាក់​ដ៏​ជំនាញ ដែល​ចេះ​សិត​មាស ប្រាក់ លង្ហិន ដែក ចេះ​ជ្រលក់​ក្រណាត់​ពណ៌​ក្រហម ខៀវ ស និង​ចេះ​ឆ្លាក់​ក្បាច់​គ្រប់​ប្រភេទ​ផង។ សូម​ឲ្យ​គាត់​មក​ធ្វើ​ការ​រួម​ជា​មួយ​ជាង​ជំនាញ​ដែល​ស្ថិត​នៅ​ជា​មួយ​ខ្ញុំ នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​អ្នក​ដែល​ឪពុក​របស់​ខ្ញុំ​បាន​ជ្រើស​រើស។

8 សូម​បញ្ជូន​ឈើ​តាត្រៅ ឈើ​កកោះ និង​ខ្លឹម​ច័ន្ទ​ពី​ភ្នំ​លីបង់ មក​ឲ្យ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​ដឹង​ថា ពួក​អ្នក​បម្រើ​របស់​ស្តេច​ប្រសប់​កាប់​ឈើ​នៅ​ភ្នំ​លីបង់​ណាស់។ រីឯ​អ្នក​បម្រើ​របស់​ខ្ញុំ នឹង​ទៅ​ធ្វើ​ការ​រួម​ជា​មួយ​ពួក​គេ

9 ដើម្បី​កាប់​ឈើ​ឲ្យ​បាន​ច្រើន​សម្រាប់​ខ្ញុំ ដ្បិត​ដំណាក់​ដែល​ខ្ញុំ​ត្រូវ​សង់​នោះ​ធំ ហើយ​ស្កឹម‌ស្កៃ​ណាស់។

10 ខ្ញុំ​នឹង​ផ្តល់​ស្បៀង​ជា​ស្រូវ​ប្រាំ​មួយ​ពាន់​តោន ពោត​ប្រាំ​មួយ​ពាន់​តោន ស្រា​ទំពាំង‌បាយ‌ជូរ​ប្រាំ​បី​ពាន់​លីត្រ និង​ប្រេង​ឆា​ប្រាំ​បី​ពាន់​លីត្រ សម្រាប់​ផ្គត់‌ផ្គង់​អ្នក​បម្រើ​របស់​ស្តេច​ដែល​កាប់​ឈើ​នេះ»។

11 ស្តេច​ហ៊ីរ៉ាម​ជា​ស្តេច​ស្រុក​ទីរ៉ុស ផ្ញើ​សារ​មួយ​ឆ្លើយ​ទៅ​ស្តេច​ស៊ូឡៃ‌ម៉ាន​វិញ​ថា៖ «អុលឡោះ‌តាអាឡា​ពិត​ជា​ស្រឡាញ់​ប្រជា‌រាស្ត្រ​របស់​ទ្រង់ បាន​ជា​ទ្រង់​តែង‌តាំង​ស្តេច ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ»។

12 ស្តេច​ហ៊ីរ៉ាម​មាន​ប្រសាសន៍​ថា៖ «សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ហើយ​ប្រោស​ប្រទាន​ឲ្យ​ស្តេច​ទត​មាន​កូន​មួយ ប្រកប​ដោយ​តម្រិះ​ប្រាជ្ញា​ឈ្លាស​វៃ អាច​សង់​ដំណាក់​ជូនអុលឡោះ‌តាអាឡា និង​រាជ​វាំង​សម្រាប់​ស្តេច​ផ្ទាល់។

13 ឥឡូវ​នេះ ខ្ញុំ​សូម​ចាត់​ជាង​ដ៏​ជំនាញ​ម្នាក់ ដែល​មាន​ប្រាជ្ញា​ឈ្លាស​វៃ គឺ​លោក​ហ៊ី‌រ៉ាម

14 ជា​កូន​របស់​ស្ត្រី​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​ដាន់ ហើយ​ឪពុក​ជា​អ្នក​ក្រុង​ទីរ៉ុស។ គាត់​ស្ទាត់​ជំនាញ​ក្នុង​ការ​សិត​មាស​ប្រាក់ លង្ហិន ដែក ឆ្លាក់​ថ្ម ឈើ ជ្រលក់​ក្រណាត់ ពណ៌​ក្រហម ខៀវ ស្វាយ និង​ក្រណាត់​ទេស‌ឯក​ម៉ដ្ត ព្រម​ទាំង​ចេះ​ឆ្លាក់​ក្បាច់​គ្រប់​ប្រភេទ និង​ចេះ​ផលិត​វត្ថុ​គ្រប់​ប្រភេទ តាម​គម្រោង​ដែល​គេ​ប្រគល់​ឲ្យ។ គាត់​នឹង​ធ្វើ​ការ​រួម​ជា​មួយ​ជាង​ដ៏​ជំនាញ​របស់​ស្តេច និង​ជាង​ដ៏​ជំនាញ​របស់​ស្តេច​ទត ដែល​ជា​ឪពុក​របស់​ស្តេច។

15 ឥឡូវ​នេះ​សូម​ស្តេច​ផ្តល់​ស្រូវ ពោត ប្រេង​ឆា និង​ស្រា​ទំពាំង‌បាយ‌ជូរ ដូច​ស្តេច​មាន​ប្រសាសន៍​ចុះ!

16 ពួក​ខ្ញុំ​នឹង​កាប់​ឈើ​នៅ​ភ្នំ​លីបង់ តាម​សេចក្តី​ត្រូវ​ការ​របស់​ស្តេច ហើយ​បណ្តែត​ជា​ក្បូន​តាម​សមុទ្រ រហូត​ដល់​ក្រុង​យ៉ុប‌ប៉េ​ជូន​ស្តេច រួច​ស្តេច​ដឹក​យក​ឈើ​ទាំង​នោះ​ទៅ​ក្រុង​យេរូ‌សាឡឹម​ចុះ»។

17 ស្តេច​ស៊ូឡៃ‌ម៉ាន​រាប់​ចំនួន​ជន​បរទេស​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រ‌អែល តាម​បញ្ជី​ជំរឿន​របស់​ស្តេច​ទត​ជា​ឪពុក ឃើញ​មាន ១៥៣ ៦០០ នាក់។

18 ស្តេច​ស៊ូឡៃ‌ម៉ាន​កេណ្ឌ​ពួក​គេ ៧០ ០០០ នាក់​សម្រាប់​លី​សែង ៨០ ០០០ នាក់​សម្រាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ និង​៣ ៦០០ នាក់ ឲ្យ​ត្រួត​ពិនិត្យ​ការ‌ងារ​របស់​កម្មករ។

© 2014 United Bible Societies, UK.

United Bible Societies