ការសង់រាជវាំង1 រីឯវាំងរបស់ស្តេចវិញ ស្តេចស៊ូឡៃម៉ានចំណាយពេលអស់ដប់បីឆ្នាំ ទើបសង់ដំណាក់ទាំងអស់រួចជាស្រេច។ 2 ដំបូងបង្អស់ ស៊ូឡៃម៉ានសង់ «ដំណាក់ព្រៃស្រុកលីបង់» មានបណ្តោយប្រវែងមួយរយហត្ថ ទទឹងហាសិបហត្ថ និងកំពស់សាមសិបហត្ថ មានសសរបួនជួរធ្វើពីឈើតាត្រៅ ហើយនៅលើសសរមានធ្នឹមធ្វើពីឈើតាត្រៅដែរ។ 3 រីឯពិដានវិញក៏ធ្វើពីឈើតាត្រៅដែរ ទ្រដោយធ្នឹមធ្វើពីឈើតាត្រៅសែសិបប្រាំដើម តំរៀបជាបីជួរ គឺក្នុងមួយជួរ មានដប់ប្រាំដើម ដែលទ្រដោយសសរទាំងនោះ។ 4 នៅតាមជញ្ជាំងសងខាងដំណាក់ មានបង្អួចម្ខាងបីៗ នៅមុខទល់គ្នា។ 5 មេ និងក្របរបស់វា មានរាងបួនជ្រុង ម្ខាងបីៗនៅមុខទល់គ្នា។ 6 ស៊ូឡៃម៉ានសង់បន្ទប់ល្វែងមួយ មានបណ្តោយហាសិបហត្ថ ទទឹងសាមសិបហត្ថ ដែលមានតែសសរ។ នៅពីមុខបន្ទប់ល្វែងនោះ មានសសរ និងថែវ។ 7 គាត់សង់បន្ទប់ល្វែងមួយ ជាកន្លែងគ្រងរាជ្យ និងកាត់ក្តី មានឈ្មោះថា «ទីនាំងវិនិច្ឆ័យ» ដែលពាសឈើតាត្រៅ ពីក្រោមរហូតដល់លើ។ 8 រីឯដំណាក់សម្រាប់គាត់នៅ ក៏សង់ដូចដំណាក់មុនដែរ តែនៅក្នុងទីធ្លាមួយទៀត នៅខាងក្រោយដំណាក់គ្រងរាជ្យ។ ស្តេចស៊ូឡៃម៉ានសង់ដំណាក់មួយសម្រាប់ភរិយាដែលត្រូវជាបុត្រីរបស់ស្តេចហ្វៀរ៉អ៊ូន ដំណាក់នោះក៏សង់ដូចដំណាក់មុនដែរ។ 9 ដំណាក់ទាំងអស់ សុទ្ធតែធ្វើអំពីថ្មសំរាំងដ៏ល្អៗដែលបានដាប់តំរូវតាមទំហំ និងអារតំរឹម តាមមុខជ្រុងទាំងខាងក្នុងទាំងខាងក្រៅ។ គេសង់ដំណាក់ទាំងនោះពីថ្មទាំងអស់ តាំងពីគ្រឹះរហូតដល់ដំបូល ហើយផ្នែកខាងក្រៅរហូតដល់ទីធ្លាធំផង។ 10 គេរើសសុទ្ធតែថ្មដ៏ល្អប្រណីត និងផ្ទាំងធំៗ យកមកធ្វើជាគ្រឹះ ថ្មខ្លះមានប្រវែងដល់ទៅប្រាំបី ឬដប់ហត្ថ។ 11 គេយកថ្មសំរាំងដ៏ល្អៗ ដែលបានដាប់តំរូវតាមទំហំ និងឈើតាត្រៅមកសង់ពីលើគ្រឹះនោះ។ 12 នៅជុំវិញទីធ្លាធំ គេសង់ជញ្ជាំងពីថ្មសំរាំងដ៏ល្អៗត្រួតគ្នាបីជាន់ ហើយមួយជាន់ទៀតសង់ពីឈើតាត្រៅ ដូចទីលានខាងក្នុងដំណាក់របស់អុលឡោះតាអាឡា និងបន្ទប់ល្វែងរបស់ដំណាក់ដែរ។ កិច្ចការរបស់លោកហ៊ីរ៉ាម13 ស្តេចស៊ូឡៃម៉ានចាត់គេឲ្យទៅអញ្ជើញលោកហ៊ីរ៉ាមនៅក្រុងទីរ៉ុស។ 14 គាត់ជាកូនរបស់ស្ត្រីមេម៉ាយម្នាក់ ក្នុងកុលសម្ព័ន្ធណែបថាលី ហើយបិតាជាអ្នកក្រុងទីរ៉ុស។ លោកហ៊ីរ៉ាម ជាជាងលង្ហិនម្នាក់ដ៏ចំណានដែលមានប្រាជ្ញាឈ្លាសវៃ ហើយមានថ្វីដៃខាងផលិតវត្ថុគ្រប់យ៉ាងពីលង្ហិន។ គាត់ចូលទៅជួបស្តេចស៊ូឡៃម៉ាន ហើយទទួលធ្វើកិច្ចការទាំងអស់ជូនស្តេច។ 15 លោកហ៊ីរ៉ាមធ្វើសសរលង្ហិនពីរ កំពស់ដប់ប្រាំបីហត្ថ ហើយគេយកខ្សែមកវាស់ជុំវិញសសរនោះ ឃើញមានប្រវែងដប់ពីរហត្ថ។ 16 គាត់ធ្វើក្បាលសសរលង្ហិនពីរ ជាក្បាច់ដាក់នៅលើសសរទាំងពីរ ក្បាលសសរនីមួយៗមានកំពស់ប្រាំហត្ថ។ 17 គាត់សិតលង្ហិនធ្វើជាក្បាច់ក្រឡាអួន និងច្រវាក់ តុបតែងលំអក្បាលសសរ។ ក្បាលសសរនីមួយៗមានកំរងច្រវាក់ប្រាំពីរខ្សែ។ 18 គាត់សិតក្បាច់ផ្លែទទឹមពីរជួរ លំអជុំវិញក្បាច់ក្រឡាអួនដែលស្ថិតនៅលើក្បាលសសរនីមួយៗ។ 19 នៅលើសសរនីមួយៗនៃបន្ទប់ល្វែង គាត់ធ្វើក្បាលសសរមួយជាន់ទៀតបន្តុបពីលើ មានកំពស់បួនហត្ថ ហើយមានឆ្លាក់ជាក្បាច់ផ្កាម្លិះ។ 20 នៅផ្នែកខាងលើក្បាលសសរទីមួយ មានក្បាច់ផ្លែទទឹមចំនួនពីររយត្រង់គែមក្បាច់ក្រឡាអួន ហើយនៅលើក្បាលសសរទីពីរ មានក្បាច់ផ្លែទទឹមពីររយទៀតតំរៀបគ្នាជាជួរដែរ។ 21 គាត់លើកសសរទាំងពីរនោះបញ្ឈរ នៅខាងមុខបន្ទប់ល្វែងរបស់ម៉ាស្ជិទ។ សសរនៅខាងស្តាំមានឈ្មោះថា យ៉ាគីន រីឯសសរនៅខាងឆ្វេង មានឈ្មោះថា បូអូស។ 22 ក្បាលសសរទាំងពីរនេះមានរាងដូចផ្កាម្លិះ។ លោកហ៊ីរ៉ាមបានធ្វើសសរទាំងពីរចប់រួចរាល់។ 23 លោកហ៊ីរ៉ាមធ្វើអាងមួយយ៉ាងធំ ពីលង្ហិនដែលមានរាងមូល មានអង្កត់ផ្ចិតដប់ហត្ថ មានកំពស់ប្រាំហត្ថ និងជុំវិញរង្វង់សាមសិបហត្ថ។ 24 នៅក្រោមគែមមាត់អាង មានឆ្លាក់ក្បាច់ផ្កាក្រពុំពីរជួរ ហើយក្នុងប្រវែងមួយហត្ថ មានក្បាច់ផ្កាក្រពុំដប់ ព័ទ្ធជុំវិញអាង។ ក្បាច់ទាំងនោះសិតជាប់ជាមួយអាងដែរ។ 25 អាងនេះទ្រដោយគោលង្ហិនចំនួនដប់ពីរ គោបីបែរទៅខាងជើង គោបីបែរទៅខាងលិច គោបីបែរទៅខាងត្បូង និងគោបីទៀតបែរទៅខាងកើត។ ខ្លួនរបស់វាបែរចូលក្នុង ដើម្បីទ្រអាង។ 26 អាងនេះមានកំរាស់មួយទះ មាត់របស់វារីកចេញដូចមាត់ពែង និងមានរាងដូចផ្កាម្លិះ ហើយមានចំណុះប្រមាណពីរពាន់អំរែក។ 27 លោកហ៊ីរ៉ាមបានធ្វើរទេះលង្ហិនចំនួនដប់។ រទេះនីមួយៗ មានបណ្តោយបួនហត្ថ ទទឹងបួនហត្ថ និងកំពស់បីហត្ថ។ 28 គាត់ធ្វើរទេះដូចតទៅ: គាត់សិតបន្ទះលង្ហិនជាច្រើន រួចតំរៀបគ្នានៅលើគ្រោង។ 29 នៅលើបន្ទះលង្ហិនទាំងនោះ មានឆ្លាក់រូបសឹង្ហ គោ ម៉ាឡាអ៊ីកាត់មានស្លាប។ នៅផ្នែកខាងលើ និងផ្នែកខាងក្រោមនៃគ្រោង ក៏មានឆ្លាក់រូបសឹង្ហ គោ និងមានឆ្លាក់ក្បាច់រំយោលលំអដែរ។ 30 រទេះនីមួយៗមានកង់បួនធ្វើពីលង្ហិន ហើយភ្ជាប់ទៅនឹងតួដោយភ្លៅធ្វើពីលង្ហិន។ នៅត្រង់មុមទាំងបួន មានជើងសម្រាប់ទ្រមុម ធ្វើពីលង្ហិន ភ្ជាប់ទៅនឹងតួរទេះ នៅខាងក្រោមក្បាច់រំយោល។ 31 ផ្នែកខាងលើតួរទេះមានកំណល់មួយរាងមូល សម្រាប់ទ្រអាង។ កំណល់នេះខ្ពស់ផុតពីតួរទេះមួយហត្ថ មានអង្កត់ផ្ចិតមួយហត្ថកន្លះ។ នៅលើកំណល់នេះ ក៏មានឆ្លាក់ជាក្បាច់ដែរ។ រីឯតួរទេះវិញ មានរាងបួនជ្រុង គឺមិនមែនមូលទេ។ 32 រីឯកង់ទាំងបួនវិញ ស្ថិតនៅក្រោមតួរទេះ ហើយភ្ជាប់ទៅនឹងតួដោយសារភ្លៅ។ កង់នីមួយៗមានអង្កត់ផ្ចិតមួយហត្ថកន្លះ។ 33 កង់ទាំងនោះមានរាងដូចកង់រទេះដែរ គឺមានភ្លៅ ខ្នង កាំ និងដុំ ធ្វើអំពីលង្ហិនទាំងអស់។ 34 ជើងសម្រាប់ទ្រមុមទាំងបួនរបស់រទេះសិតភ្ជាប់ទៅនឹងតួ។ 35 ផ្នែកខាងលើរទេះមានរង្វង់មូលមួយ ដែលមានកន្លះហត្ថ។ នៅផ្នែកខាងលើនេះ ក៏មានជើងកំណល់ សិតភ្ជាប់ទៅនឹងតួរទេះដែរ។ 36 គាត់ឆ្លាក់ក្បាច់ម៉ាឡាអ៊ីកាត់មានស្លាប សឹង្ហ និងដើមចាកនៅលើផ្ទៃរាបស្មើ លើជើងកំណល់ព្រមទាំងឆ្លាក់ក្បាច់រំយោលព័ទ្ធជុំវិញផង។ 37 គាត់ធ្វើរទេះទាំងដប់នេះ មានទំហំ និងទ្រង់ទ្រាយដូចគ្នារទេះនីមួយៗសិតធ្វើអំពីលោហធាតុតែមួយដុំ។ 38 លោកហ៊ីរ៉ាមសិតធ្វើអាងលង្ហិនចំនួនដប់សម្រាប់ដាក់លើរទេះទាំងដប់នេះ។ អាងនីមួយៗមានកំពស់បួនហត្ថ និងមានចំណុះសែសិបអំរែក។ 39 គាត់ដាក់រទេះប្រាំនៅខាងស្តាំដំណាក់ និងប្រាំទៀតនៅខាងឆ្វេង។ រីឯអាងធំវិញ គាត់ដាក់នៅខាងស្តាំដំណាក់ ត្រង់ទិសអគ្នេយ៍។ បញ្ជីរបស់របរដែលលោកហ៊ីរ៉ាមបានធ្វើ40 កាលលោកហ៊ីរ៉ាមធ្វើអាង ប្រដាប់ចូកផេះ និងផើងដាក់ឈាមរួចរាល់ហើយ លោកក៏បញ្ចប់កិច្ចការទាំងអស់ក្នុងដំណាក់របស់អុលឡោះតាអាឡាជូនស្តេចស៊ូឡៃម៉ាន 41 គឺមាន: សសរពីរ ក្បាលសសររាងមូលពីរ សម្រាប់ដាក់លើសសរ និងក្បាច់ក្រឡាអួន ស្ថិតលើក្បាលសសររាងមូលទាំងពីរផង។ 42 ផ្លែទទឹមចំនួនបួនរយចងភ្ជាប់នឹងក្រឡាអួនទាំងពីរ គឺផ្លែទទឹមពីរជួរសម្រាប់ក្រឡាអួននីមួយៗ ដែលស្ថិតនៅលើក្បាលសសរ។ 43 រទេះចំនួនដប់ និងអាងដប់ដាក់នៅលើរទេះទាំងនោះ។ 44 អាងធំមួយ និងគោចំនួនដប់ពីរសម្រាប់ទ្រអាង។ 45 ធុងសម្រាប់ដាក់ផេះ ប្រដាប់ចូកផេះ និងផើងសម្រាប់ដាក់ឈាម។ គ្រឿងប្រដាប់ទាំងអស់ ដែលលោកហ៊ីរ៉ាមធ្វើជូនស្តេចស៊ូឡៃម៉ាន សម្រាប់ដាក់នៅក្នុងដំណាក់របស់អុលឡោះតាអាឡា សុទ្ធតែធ្វើពីលង្ហិន ខាត់យ៉ាងរលោង។ 46 ស៊ូឡៃម៉ានឲ្យគេសិតគ្រឿងប្រដាប់ទាំងនោះក្នុងពុម្ពដីឥដ្ឋ នៅវាលទំនាបទន្លេយ័រដាន់ត្រង់ចន្លោះសិកូត និងសារថាន។ 47 គាត់ឲ្យគេធ្វើគ្រឿងប្រដាប់ទាំងនោះ ដោយពុំគិតពីទម្ងន់លង្ហិនទេ ព្រោះមានចំនួនច្រើនពេក។ 48 ស្តេចស៊ូឡៃម៉ានបានឲ្យគេធ្វើគ្រឿងប្រដាប់ឯទៀតៗអំពីមាស សម្រាប់ដំណាក់របស់អុលឡោះតាអាឡា គឺមានអាសនៈមាស តុមាស សម្រាប់ដាក់នំបុ័ងជូនអុលឡោះតាអាឡា 49 ជើងចង្កៀងធ្វើអំពីមាសសុទ្ធ ដាក់នៅមុខទីសក្ការៈ ជើងចង្កៀងប្រាំនៅខាងស្តាំ ប្រាំនៅខាងឆ្វេង។ ផ្នែកដាក់ប្រេង តួចង្កៀង និងឃ្នាបប្រឆេះ ក៏ធ្វើអំពីមាសដែរ។ 50 ចានក្លាំ កាំបិត ផើងដាក់ឈាម ពែង និងភាជន៍ ក៏ធ្វើពីមាសសុទ្ធទាំងអស់ រីឯត្រចៀកទ្វារនៅបន្ទប់ខាងក្នុងហៅថា ទីសក្ការៈបំផុត និងត្រចៀកទ្វារនៅច្រកចូលដំណាក់ ក៏សុទ្ធតែធ្វើពីមាសដែរ។ 51 ស្តេចស៊ូឡៃម៉ានបានធ្វើគ្រឿងប្រដាប់សម្រាប់ដំណាក់របស់អុលឡោះតាអាឡា ចប់សព្វគ្រប់។ បន្ទាប់មក គាត់នាំយកវត្ថុជាមាស ប្រាក់ និងគ្រឿងប្រដាប់ឯទៀតៗ ដែលស្តេចទតជាបិតាបានជូនដល់អុលឡោះតាអាឡា មកទុកនៅក្នុងឃ្លាំងនៃដំណាក់របស់អុលឡោះតាអាឡា។ |
© 2014 United Bible Societies, UK.
United Bible Societies