១ ពង្សាវតារក្សត្រ 6 - អាល់គីតាបការសង់ម៉ាស្ជិទ 1 ស្តេចស៊ូឡៃម៉ានបានសង់ដំណាក់ជូន អុលឡោះតាអាឡា នៅឆ្នាំទីបួនរយប៉ែតសិប ក្រោយពេលកូនចៅអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប គឺនៅឆ្នាំទីបួននៃរជ្ជកាលស្តេចស៊ូឡៃម៉ាន ក្នុងខែពិសាខដែលត្រូវជាខែទីពីរ។ 2 ដំណាក់ដែលស្តេចស៊ូឡៃម៉ានសង់ជូនអុលឡោះតាអាឡា មានបណ្តោយប្រវែងហុកសិបហត្ថ ទទឹងម្ភៃហត្ថ និងកំពស់សាមសិបហត្ថ។ 3 បន្ទប់ល្វែងនៅខាងមុខទីសក្ការៈនៃដំណាក់ មានបណ្តោយប្រវែងម្ភៃហត្ថ ស្របតាមប្រវែងទទឹងដំណាក់ រីឯទទឹងរបស់បន្ទប់ មានប្រវែងដប់ហត្ថ។ 4 នៅតាមជញ្ជាំងដំណាក់ ស៊ូឡៃម៉ានបានឲ្យគេធ្វើបង្អួចដែលមានដាក់ចម្រឹងផង។ 5 ស៊ូឡៃម៉ានឲ្យគេសង់បន្ទប់អម ភ្ជាប់ទៅនឹងជញ្ជាំងដំណាក់ ពោលគឺម៉ាស្ជិទ និងទីសក្ការៈ។ បន្ទប់អមទាំងនោះស្ថិតនៅជុំវិញដំណាក់។ 6 ជាន់ខាងក្រោម មានទទឹងប្រាំហត្ថ ជាន់កណ្តាលមានទទឹងប្រាំមួយហត្ថ និងជាន់ខាងលើមានទទឹងប្រាំពីរហត្ថ។ ជញ្ជាំងខាងក្រៅដំណាក់ ពីក្រោមទៅលើ មានកំរាស់មិនស្មើគ្នាទេ ធ្វើដូច្នេះ ចៀសវាងចោះជញ្ជាំងដំណាក់ សម្រាប់ដាក់ឈើធ្នឹម។ 7 គេសង់ដំណាក់ ដោយប្រើថ្មដែលគេដាប់ទុកជាមុន ហេតុនេះ ក្នុងពេលសង់ គេពុំឮស្នូរញញួរដែកដាប់ ឬគ្រឿងប្រដាប់ធ្វើពីដែកណាមួយនៅក្នុងដំណាក់ទេ។ 8 ទ្វារចូលបន្ទប់ជាន់ខាងក្រោម ស្ថិតនៅប៉ែកខាងស្តាំនៃដំណាក់ ហើយមានជណ្តើរមួយសម្រាប់ឡើងទៅជាន់កណ្តាល និងពីជាន់កណ្តាលទៅជាន់ខាងលើ។ 9 ក្រោយពីសង់ដំណាក់រួចហើយ ស៊ូឡៃម៉ានសង់ពិដាន និងធ្នឹមអំពីឈើតាត្រៅ។ 10 ស៊ូឡៃម៉ានក៏បានសង់បន្ទប់អមនៅជុំវិញដំណាក់ដែរ បន្ទប់ទាំងនោះមានកំពស់ប្រាំហត្ថ ក្នុងជាន់នីមួយៗ ហើយភ្ជាប់នឹងជញ្ជាំងដំណាក់ ដោយឈើតាត្រៅ។ 11 ពេលនោះ អុលឡោះតាអាឡាមានបន្ទូលមកកាន់ស្តេចស៊ូឡៃម៉ានថា៖ 12 «អ្នកកំពុងតែសង់ដំណាក់នេះសម្រាប់យើង។ ប្រសិនបើអ្នកប្រតិបត្តិតាមហ៊ូកុំរបស់យើង ប្រសិនបើអ្នកគោរពតាមវិន័យរបស់យើង ហើយប្រសិនបើអ្នកកាន់ និងធ្វើតាមបទបញ្ជារបស់យើង នោះយើងនឹងប្រព្រឹត្តចំពោះអ្នកតាមពាក្យដែលយើងបានសន្យាជាមួយទតជាបិតារបស់អ្នក។ 13 យើងនឹងស្ថិតនៅជាមួយជនជាតិអ៊ីស្រអែល យើងនឹងមិនបោះបង់ចោលអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើងឡើយ»។ ការតុបតែងលំអក្នុងម៉ាស្ជិទ 14 ក្រោយបានសង់ដំណាក់រួចហើយ ស្តេចស៊ូឡៃម៉ាន 15 ឲ្យគេពាសជញ្ជាំងខាងក្នុងពីឈើតាត្រៅ តាំងពីក្រោមរហូតដល់ពិដាន ព្រមទាំងក្រាលក្តារពីឈើកកោះដែរ។ 16 ស៊ូឡៃម៉ានឲ្យគេយកឈើតាត្រៅពាសជញ្ជាំង ប៉ែកខាងក្រោយដំណាក់ពីក្រោមរហូតដល់លើ មានប្រវែងម្ភៃហត្ថ។ ផ្នែកខាងក្នុងនេះ គាត់ឲ្យគេរៀបចំធ្វើជាទីសក្ការៈ និងទីសក្ការៈបំផុត។ 17 បន្ទប់ធំដែលនៅខាងមុខទីសក្ការៈមានបណ្តោយសែសិបហត្ថ។ 18 ឈើតាត្រៅដែលគេពាសផ្នែកខាងក្នុងដំណាក់ មានឆ្លាក់ជាក្បាច់រចនារូបផ្កាក្រពុំ និងរូបផ្ការីក។ គេពាសជញ្ជាំងទាំងអស់ពីឈើតាត្រៅ ដោយឥតឃើញថ្មឡើយ។ 19 ស៊ូឡៃម៉ានរៀបចំទីសក្ការៈនៅផ្នែកខាងក្រោយដំណាក់ សម្រាប់តម្កល់ហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា។ 20 ជ្រុងនីមួយៗរបស់ទីសក្ការៈមានប្រវែងម្ភៃហត្ថ កំពស់ម្ភៃហត្ថ ហើយស្រោបមាសសុទ្ធទាំងអស់។ រីឯអាសនៈ មានពាសទៅដោយឈើតាត្រៅ។ 21 ស្តេចស៊ូឡៃម៉ានបានយកមាសសុទ្ធមកស្រោបប៉ែកខាងក្នុងដំណាក់ ហើយយកច្រវាក់ធ្វើពីមាសមកចងខណ្ឌនៅមុខទីសក្ការៈ ដែលគាត់បានស្រោបមាសដែរ។ 22 ដូច្នេះ ដំណាក់ទាំងមូលសុទ្ធតែស្រោបមាស អាសនៈ នៅខាងមុខទីសក្ការៈក៏ស្រោបមាសដែរ។ 23 នៅក្នុងទីសក្ការៈ ស៊ូឡៃម៉ានឲ្យគេឆ្លាក់រូបម៉ាឡាអ៊ីកាត់មានស្លាបមួយគូធ្វើអំពីឈើអូលីវ ម៉ាឡាអ៊ីកាត់មានស្លាបនីមួយៗមានកំពស់ដប់ហត្ថ។ 24 ស្លាបនីមួយៗរបស់ម៉ាឡាអ៊ីកាត់មានស្លាបទីមួយ មានប្រវែងប្រាំហត្ថ គឺពីចុងស្លាបម្ខាងទៅចុងស្លាបម្ខាងទៀតមានប្រវែងដប់ហត្ថ។ 25 ស្លាបទាំងពីររបស់ម៉ាឡាអ៊ីកាត់មានស្លាបទីពីរ ក៏មានប្រវែងដប់ហត្ថដែរ។ ម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរ មានទំហំ និងទ្រង់ទ្រាយដូចគ្នា។ 26 ម៉ាឡាអ៊ីកាត់មានស្លាបទីមួយមានកំពស់ដប់ហត្ថ ហើយរូបទីពីរក៏មានកំពស់ប៉ុនគ្នាដែរ។ 27 ស៊ូឡៃម៉ានដាក់ម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរនៅកណ្តាលទីសក្ការៈ ម៉ាឡាអ៊ីកាត់ទាំងពីរត្រដាងស្លាប គឺចុងស្លាបម៉ាឡាអ៊ីកាត់ទីមួយលាតទៅទល់នឹងជញ្ជាំងម្ខាង រីឯចុងស្លាបម៉ាឡាអ៊ីកាត់ទីពីរលាតទៅទល់នឹងជញ្ជាំងម្ខាងទៀត។ ចុងស្លាបម្ខាងទៀតរបស់ម៉ាឡាអ៊ីកាត់នីមួយៗលាតទល់គ្នានៅចំកណ្តាលទីសក្ការៈ។ 28 ស៊ូឡៃម៉ានឲ្យគេស្រោបរូបម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរនេះ ដោយមាស។ 29 នៅតាមជញ្ជាំងដំណាក់ទាំងខាងក្នុង និងខាងក្រៅ ស្តេចឲ្យគេឆ្លាក់ក្បាច់ម៉ាឡាអ៊ីកាត់មានស្លាបក្បាច់ដើមចាក និងក្បាច់ផ្ការីកផង។ 30 រីឯក្តារក្រាលដំណាក់ទាំងខាងក្នុង ទាំងខាងក្រៅសុទ្ធតែស្រោបមាស។ 31 នៅច្រកចូលទីសក្ការៈ ស្តេចឲ្យគេធ្វើទ្វារពីឈើអូលីវ។ ក្របទ្វារនេះមានកំពស់មួយភាគប្រាំនៃជញ្ជាំង។ 32 សន្លឹកទ្វារទាំងពីរធ្វើពីឈើអូលីវ។ នៅលើសន្លឹកទ្វារទាំងពីរនោះ ស៊ូឡៃម៉ានឲ្យគេឆ្លាក់ក្បាច់ម៉ាឡាអ៊ីកាត់មានស្លាប ក្បាច់ដើមចាក និងក្បាច់ផ្ការីក ព្រមទាំងស្រោបមាស គឺទាំងក្បាច់ម៉ាឡាអ៊ីកាត់មានស្លាប ទាំងក្បាច់ដើមចាកសុទ្ធតែស្រោបមាស។ 33 រីឯច្រកចូលម៉ាស្ជិទ ស៊ូឡៃម៉ានឲ្យគេធ្វើក្របទ្វារពីឈើអូលីវដែរ។ ក្របទ្វារនោះមានកំពស់មួយភាគបួននៃជញ្ជាំង។ 34 សន្លឹកទ្វារទាំងពីរធ្វើពីឈើកកោះ សន្លឹកនីមួយៗមានពីរផ្ទាំង ដែលអាចបត់ចូលគ្នាបាន។ 35 នៅលើសន្លឹកទ្វារទាំងពីរស៊ូឡៃម៉ានឲ្យគេឆ្លាក់ក្បាច់ម៉ាឡាអ៊ីកាត់មានស្លាប ក្បាច់ដើមចាក និងក្បាច់ផ្ការីក ព្រមទាំងស្រោបមាសតំរូវតាមក្បាច់នោះផង។ 36 បន្ទាប់មក ស៊ូឡៃម៉ានឲ្យគេធ្វើទីលានខាងក្នុងពីថ្មដាប់បីជាន់ និងឈើតាត្រៅមួយជាន់។ 37 ក្នុងឆ្នាំទីបួន នៃរជ្ជកាលស្តេចស៊ូឡៃម៉ាននៅខែពិសាខ គេបានចាក់គ្រឹះដំណាក់របស់អុលឡោះតាអាឡា។ 38 ក្នុងឆ្នាំទីដប់មួយនៃរជ្ជកាលស្តេចស៊ូឡៃម៉ាន នៅខែកត្តិក គឺជាខែទីប្រាំបី គេបានសង់ដំណាក់រួចជាស្រេច តាមគម្រោងសំណង់។ ដូច្នេះ ស្តេចស៊ូឡៃម៉ានសង់ដំណាក់ អស់រយៈពេលប្រាំពីរឆ្នាំ។ |
© 2014 United Bible Societies, UK.
United Bible Societies