ណាពីអៃយ៉ូបឆ្លើយតបទៅលោកប៊ីលដាដ: នៅទីបញ្ចប់ ទ្រង់មុខជាធ្វើអន្តរាគមន៍មិនខាន!1 អៃយ៉ូបឆ្លើយវិញថា៖ 2 «តើអស់លោកធ្វើឲ្យ ខ្ញុំកើតទុក្ខគ្រាំគ្រា ហើយកំទេចខ្ញុំ ដោយពាក្យសំដីដូច្នេះដល់កាលណាទៀត? 3 អស់លោកផ្ចាញ់ផ្ចាលខ្ញុំដប់ដងទៅហើយ តើអស់លោកមិនចេះខ្មាស ដោយធ្វើបាបខ្ញុំបែបនេះទេឬ? 4 ប្រសិនបើខ្ញុំបានធ្វើខុសមែននោះ កំហុសនេះទាក់ទងនឹងខ្ញុំតែប៉ុណ្ណោះ។ 5 ប្រសិនបើអស់លោកបន្តុះបង្អាប់ខ្ញុំ ដើម្បីលើកតម្កើងខ្លួនឯង ហើយយកទុក្ខវេទនារបស់ខ្ញុំ មកធ្វើជាភស្ដុតាងចោទថាខ្ញុំមានទោស 6 នោះតោងដឹងថាអុលឡោះទេតើ ដែលដាក់កំហុសនេះមកលើខ្ញុំ ទ្រង់បោះសំណាញ់របស់ទ្រង់មកលើខ្ញុំ។ 7 ប្រសិនបើខ្ញុំស្រែកហៅគេជួយ ក៏គ្មាននរណាឆ្លើយ ប្រសិនបើខ្ញុំស្រែករកយុត្តិធម៌ ក៏គ្មាននរណារកយុត្តិធម៌ឲ្យខ្ញុំដែរ។ 8 ទ្រង់ឃាំងផ្លូវខ្ញុំមិនឲ្យទៅមុខរួច ទ្រង់ធ្វើឲ្យផ្លូវរបស់ខ្ញុំប្រែជាងងឹត។ 9 ទ្រង់ដកកិត្តិយសចេញពីខ្ញុំ ទ្រង់យកមកុដចេញពីក្បាលរបស់ខ្ញុំ។ 10 ទ្រង់ប្រហារខ្ញុំពីគ្រប់ទិសទី ធ្វើឲ្យខ្ញុំវិនាស ទ្រង់រំលើងសេចក្ដីសង្ឃឹមរបស់ខ្ញុំ ដូចគេរំលើងដើមឈើ។ 11 កំហឹងរបស់ទ្រង់ឆាបឆេះមកលើខ្ញុំ ទ្រង់ចាត់ទុកខ្ញុំដូចជាបច្ចាមិត្ត។ 12 កងទ័ពរបស់ទ្រង់លើកគ្នាមកវាយលុកខ្ញុំ ពួកគេបោះទ័ពព័ទ្ធជុំវិញលំនៅខ្ញុំ។ 13 ទ្រង់ធ្វើឲ្យបងប្អូនខ្ញុំចេញទៅឆ្ងាយពីខ្ញុំ អស់អ្នកដែលធ្លាប់ស្គាល់ខ្ញុំ បានក្លាយជាអ្នកដទៃទៅវិញ។ 14 សាច់ញាតិរបស់ខ្ញុំនាំគ្នាបោះបង់ចោលខ្ញុំ អ្នកជិតស្និទ្ធនឹងខ្ញុំ បានបំភ្លេចខ្ញុំ។ 15 ភ្ញៀវរបស់ខ្ញុំ ព្រមទាំងស្រីបម្រើរបស់ខ្ញុំ បានចាត់ទុកខ្ញុំដូចជាអ្នកដទៃ គេមើលមកខ្ញុំដូចមនុស្សដែលមិនធ្លាប់ស្គាល់។ 16 ខ្ញុំស្រែកហៅអ្នកបម្រើរបស់ខ្ញុំ តែគេមិនឆ្លើយតបវិញទេ ទោះបីខ្ញុំទទូចអង្វរហៅយ៉ាងណាក៏ដោយ។ 17 ដង្ហើមរបស់ខ្ញុំជះក្លិនអសោច ធ្វើឲ្យប្រពន្ធរបស់ខ្ញុំទ្រាំមិនបាន បងប្អូនបង្កើតរបស់ខ្ញុំក៏ខ្ពើមខ្ញុំដែរ។ 18 សូម្បីតែក្មេងក្មាង ក៏មើលងាយខ្ញុំ ពេលខ្ញុំងើបឈរឡើង នោះពួកវានាំគ្នានិយាយឡកឡឺយដាក់ខ្ញុំ។ 19 អស់អ្នកដែលជិតស្និទ្ធនឹងខ្ញុំ នាំគ្នាស្អប់ខ្ពើមខ្ញុំ អស់អ្នកដែលខ្ញុំស្រឡាញ់បែរជានាំគ្នា ប្រឆាំងនឹងខ្ញុំ។ 20 ខ្ញុំនៅសល់តែស្បែក និងឆ្អឹង ហើយវិះតែនឹងស្លាប់ទៀតផង។ 21 មិត្តភក្ដិរបស់ខ្ញុំអើយ សូមអាណិតមេត្តាខ្ញុំ សូមអាណិតមេត្តាខ្ញុំផង! ដ្បិតអុលឡោះយកដៃវាយខ្ញុំ។ 22 ហេតុអ្វីបានជាអស់លោកដេញតាមខ្ញុំ ដូចអុលឡោះយ៉ាងនេះ អស់លោកធ្វើទុក្ខខ្ញុំប៉ុណ្ណឹងហើយមិនល្មមទេឬ? 23 សូមឲ្យពាក្យពេចន៍របស់ខ្ញុំបានសរសេរទុក គឺចារទុកនៅក្នុងក្រាំងមួយ! 24 សូមឲ្យគេចារឹកពាក្យនេះ ដោយដែកឆ្លាក់ និងសំណ ទុកនៅលើផ្ទាំងថ្មរហូតតទៅ។ 25 ប៉ុន្តែ ខ្ញុំដឹងថាអ្នកដែលលោះខ្ញុំ ទ្រង់នៅអស់កល្បជានិច្ច ទ្រង់នឹងក្រោកឈរឡើងក្រោយគេបង្អស់ នៅលើផែនដី។ 26 ក្រោយពេលរូបកាយរបស់ខ្ញុំរលាយបាត់ទៅ នោះខ្ញុំផ្ទាល់នឹងឃើញអុលឡោះ 27 ខ្ញុំនឹងឃើញទ្រង់ផ្ទាល់នឹងភ្នែក គឺទ្រង់ដែលខ្ញុំធ្លាប់ស្គាល់ ចិត្តខ្ញុំរំជួលរង់ចាំពេលនោះ។ 28 អស់លោកពោលថា “យើងមិនបានតាមធ្វើបាបគាត់ទេ ទុក្ខទោសរបស់គាត់បណ្ដាលមកពី ខ្លួនគាត់ផ្ទាល់ទេតើ!” 29 ចូរខ្លាចមុខដាវទៅ ដ្បិតការចោទប្រកាន់របស់អស់លោក តែងតែទទួលទោសដ៏សាហាវបែបនេះឯង។ ពេលនោះ អស់លោកមុខជាដឹងថា អុលឡោះនឹងវិនិច្ឆ័យទោសមនុស្ស»។ |
© 2014 United Bible Societies, UK.
United Bible Societies