មាតុភូមិនិវត្តន៍1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ណាពីយេរេមាដូចតទៅ: 2 អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «ចូរកត់ត្រាទុកក្នុងក្រាំងមួយនូវពាក្យទាំងប៉ុន្មាន ដែលយើងប្រាប់អ្នក។ 3 នៅគ្រាខាងមុខ យើងនឹងស្ដារអ៊ីស្រអែល និងយូដាជាប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយ។ យើងនឹងនាំពួកគេវិលត្រឡប់មកស្រុក ដែលយើងបានប្រគល់ឲ្យដូនតារបស់ពួកគេវិញ ហើយពួកគេនឹងកាន់កាប់ទឹកដីនេះ»។ 4 អុលឡោះតាអាឡាមានបន្ទូលស្ដីអំពីជនជាតិអ៊ីស្រអែល និងជនជាតិយូដា ដូចតទៅ: 5 អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងឮសំរែកភ័យខ្លាច ចលាចលកើតមាននៅក្នុងស្រុក គឺមិនមែនសន្តិភាពទេ! 6 ចូរស៊ើបសួរ ហើយពិនិត្យមើលចុះ តើប្រុសៗធ្លាប់មានផ្ទៃពោះឬទេ? ចុះហេតុដូចម្ដេចបានជាប្រុសៗទាំងអស់ យកដៃឱបពោះរបស់ខ្លួន ដូចស្ត្រីហៀបនឹងសំរាលកូនដូច្នេះ? ហេតុអ្វីបានជាផ្ទៃមុខរបស់ពួកគេស្លេកស្លាំង? 7 វេទនាហើយ! ដ្បិតថ្ងៃនោះជាថ្ងៃដ៏សែនវេទនា ដែលគ្មានថ្ងៃណាមួយប្រដូចបានឡើយ គឺជាថ្ងៃដែលកូនចៅរបស់យ៉ាកកូប ត្រូវឈឺចុកចាប់យ៉ាងខ្លាំង។ ប៉ុន្តែ ពួកគេមុខជាបានរួចជីវិត»។ 8 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងបំបាក់នឹមដែលស្ថិតនៅ លើស្មារបស់ពួកគេ យើងនឹងផ្ដាច់ចំណងចេញពីពួកគេ ជនបរទេសនឹងលែងយកពួកគេធ្វើជាខ្ញុំបម្រើ ទៀតហើយ។ 9 ពួកគេនឹងគោរពបម្រើអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ ហើយគោរពបម្រើពូជពង្សរបស់ទត ដែលយើងនឹងតែងតាំងឲ្យ គ្រងរាជ្យលើពួកគេ។ 10 កូនចៅយ៉ាកកូបជាអ្នកបម្រើរបស់យើងអើយ កុំភ័យខ្លាចអ្វីឡើយ! -នេះជាបន្ទូលរបស់អុលឡោះតាអាឡា - កូនចៅអ៊ីស្រអែលអើយ កុំអស់សង្ឃឹម! យើងនឹងសង្គ្រោះអ្នករាល់គ្នាឲ្យវិលត្រឡប់ មកពីទឹកដីដ៏ឆ្ងាយវិញ យើងនឹងសង្គ្រោះពូជពង្សរបស់អ្នករាល់គ្នា ពីស្រុកដែលគេជាប់ជាឈ្លើយសឹក។ កូនចៅយ៉ាកកូបនឹងវិលមកវិញ គេនឹងរស់នៅយ៉ាងសុខសាន្ត គ្មាននរណាមកធ្វើទុក្ខគេទៀតឡើយ។ 11 យើងស្ថិតនៅជាមួយអ្នក ដើម្បីសង្គ្រោះអ្នក - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - យើងនឹងលុបបំបាត់ប្រជាជាតិនានា ដែលយើងបានកំចាត់កំចាយអ្នក ឲ្យទៅនៅក្នុងចំណោមពួកគេ តែយើងមិនលុបបំបាត់អ្នកឡើយ។ យើងបានដាក់ទោសអ្នកដោយយុត្តិធម៌ យើងមិនអាចចាត់ទុកអ្នកថាគ្មានទោសទេ»។ 12 អុលឡោះតាអាឡាមានបន្ទូលថា៖ «របួសរបស់អ្នកមើលមិនជាទេ ដំបៅរបស់អ្នកក៏មិនអាចសះបានដែរ។ 13 គ្មាននរណារកយុត្តិធម៌ឲ្យអ្នក និងរុំរបួសឲ្យអ្នកទេ ហើយក៏គ្មានថ្នាំដ៏ស័ក្ដិសិទ្ធិណា អាចផ្សះរបួសរបស់អ្នកបានដែរ។ 14 គូស្នេហ៍ទាំងប៉ុន្មានរបស់អ្នកភ្លេចអ្នកហើយ គ្មាននរណានឹកនាដល់អ្នកទៀតទេ ដ្បិតយើងបានវាយអ្នកដូចខ្មាំងវាយអ្នក យើងបានដាក់ទោសអ្នកយ៉ាងធ្ងន់ ព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនា និងអំពើបាបដ៏ធ្ងន់ដែលអ្នកបានប្រព្រឹត្ត។ 15 ហេតុដូចម្ដេចបានជាអ្នកស្រែកថ្ងូរ ព្រោះមហន្តរាយកើតដល់អ្នក ធ្វើឲ្យអ្នកឈឺចាប់ឥតល្ហែ? យើងធ្វើទោសអ្នកខ្លាំងដូច្នេះ ព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនា និងអំពើបាបដ៏ធ្ងន់ដែលអ្នកបានប្រព្រឹត្ត។ 16 ហេតុនេះ អស់អ្នកដែលលេបត្របាក់អ្នក មុខជាត្រូវគេលេបត្របាក់វិញ បច្ចាមិត្តរបស់អ្នកនឹងជាប់ជាឈ្លើយ ទាំងអស់គ្នា។ អស់អ្នកដែលកំទេចអ្នក នឹងត្រូវគេកំទេចវិញ យើងនឹងធ្វើឲ្យពួកដែលប្លន់អ្នក ត្រូវគេប្លន់វិញដែរ។ 17 យើងនឹងលើកអ្នកឡើងវិញ យើងនឹងប្រោសឲ្យមុខរបួសអ្នក បានជាសះស្បើយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា -។ ពួកគេហៅអ្នកថា “ក្រុងដែលគេបោះបង់ចោល” គឺក្រុងស៊ីយ៉ូនដែលគ្មាននរណារាប់រក»។ 18 អុលឡោះតាអាឡាមានបន្ទូលដូចតទៅ៖ «យើងនឹងស្ដារពូជពង្សរបស់យ៉ាកកូបឡើងវិញ យើងនឹងអាណិតអាសូរក្រុមគ្រួសាររបស់គេ។ គេនឹងសង់ក្រុងនៅលើគំនរបាក់បែកឡើងវិញ ហើយសង់វិមាននៅកន្លែងដើមវិញដែរ។ 19 ការសរសើរតម្កើង និងសំណើចក្អាកក្អាយ នឹងលាន់ឮឡើងពីក្នុងចំណោមពួកគេ។ យើងនឹងធ្វើឲ្យគេកើនចំនួនច្រើនឡើងៗ គឺគេមិនចុះថយឡើយ។ យើងនឹងលើកតម្កើងពួកគេ គឺគេមិនទន់ទាបទៀតទេ។ 20 កូនចៅរបស់គេនឹងបានដូចពីដើម សហគមន៍របស់គេនឹងស្ថិតស្ថេរ នៅចំពោះមុខយើង ហើយយើងនឹង ដាក់ទោសអស់អ្នកដែលជិះជាន់ពួកគេ។ 21 មេដឹកនាំនឹងកើតចេញពីចំណោមពួកគេ អ្នកគ្រប់គ្រងក៏កើតពីចំណោមពួកគេដែរ។ យើងនឹងឲ្យមេដឹកនាំនោះចូលមកជិតយើង ដ្បិតគ្មាននរណាហ៊ានចូលមកជិតយើង ដោយចិត្តឯងឡើយ។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - 22 អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាម្ចាស់របស់អ្នករាល់គ្នា»។ 23 កំហឹងរបស់អុលឡោះតាអាឡានឹងបក់បោកមក ដូចជាខ្យល់ព្យុះ។ កំហឹងនេះប្រៀបដូចជាព្យុះសង្ឃរា បក់នៅលើក្បាលរបស់ពួកទុច្ចរិត។ 24 កំហឹងដ៏ខ្លាំងក្លារបស់អុលឡោះតាអាឡា នឹងមិនងាករេចេញឡើយ ដរាបណាទាល់តែបានសម្រេចតាមគម្រោងការ របស់ទ្រង់យ៉ាងសុក្រឹតជាមុនសិន។ នៅគ្រាចុងក្រោយ អ្នករាល់គ្នាមុខជាមាន ប្រាជ្ញាយល់មិនខាន!។ |
© 2014 United Bible Societies, UK.
United Bible Societies