ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 46 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 46

អុលឡោះ​នៅ​ជា​មួយ​យើង
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ បទ​ចំរៀង​របស់​កូន​ចៅ​លោក​កូរេ។ បទ​សម្រាប់​នារី។

1 អុលឡោះ​ជា​ជំរក និង​ជា​បង្អែក​ដ៏​រឹង‌មាំ​របស់​យើង នៅ​ពេល​មាន​អាសន្ន ទ្រង់​តែងតែ​ប្រុង​ប្រៀប​ចាំ​ជួយ​យើង​ជា‌និច្ច។

2 ហេតុ​នេះ​ហើយ​បាន​ជា​យើង មិន​ភ័យ​ខ្លាច​អ្វី​ឡើយ គឺ​ទោះ​បី​មាន​រញ្ជួយ​ផែនដី ទោះ​បី​ភ្នំ​នានា​រលំ​ធ្លាក់​ទៅ​ក្នុង​មហា‌សាគរ

3 ឬ​ទោះ​បី​ឮ​សូរ​សន្ធឹក​សមុទ្រ​បក់​បោក បែក​ពពុះ​ទឹក​ធ្វើ​ឲ្យ​កក្រើក​ភ្នំ នានា​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​ភ័យ​ខ្លាច​អ្វី​ដែរ។ - សម្រាក

4 មាន​ទន្លេ​មួយ​ហូរ​នាំ​យក​អំណរ​មក​ស្រោច​ស្រព កន្លែង​របស់​ទ្រង់ ដែល​ជា​ដំណាក់ ដ៏​សក្ការៈ​នៃ​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​ ។

5 អុលឡោះ​នៅ​ក្នុង​កន្លែង​មួយ ហើយ​កន្លែង​នោះ​នឹង​មិន​រង្គើ​សោះ​ឡើយ។ ទ្រង់​នឹង​សង្គ្រោះ​កន្លែង​នោះ តាំង​ពី​ពេល​ថ្ងៃ​រះ។

6 ប្រជា‌ជាតិ​នានា​ត្រូវ​ញ័រ​រន្ធត់ នគរ​នានា​ត្រូវ​រង្គើ អុលឡោះ​បន្លឺ​សំឡេង​ដូច​ផ្គរ‌លាន់ ផែនដី​ក៏​រលាយ​អស់​ទៅ

7 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​នៅ​ជា​មួយ​យើង អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប​ជា​ជំរក ដ៏​រឹង‌មាំ​សម្រាប់​យើង។ - សម្រាក

8 ចូរ​នាំ​គ្នា​មក​មើល​ស្នា‌ដៃ​របស់​អុលឡោះ‌តាអាឡា ទ្រង់​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​ក្រៃ‌លែង នៅ​លើ​ផែនដី​នេះ!

9 គឺ​ទ្រង់​បញ្ឈប់​សង្គ្រាម​នៅ​លើ សកល​លោក​ទាំង​មូល ទ្រង់​កាច់​បំបាក់​ធ្នូ និង​លំពែង ហើយ​ដុត​រទេះ​ចំបាំង​ចោល​អស់។

10 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា «ចូរ​ឈប់​ច្បាំង ចូរ​ដឹង​ថា យើង​នេះ​ហើយ​ជា​អុលឡោះ យើង​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នានា ហើយ​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល»។

11 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​នៅ​ជា​មួយ​យើង អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប​ជា​ជំរក ដ៏​រឹង‌មាំ​សម្រាប់​យើង។ - សម្រាក

© 2014 United Bible Societies, UK.

United Bible Societies