សូមប្រោសខ្ញុំឲ្យជាឡើងវិញផងគីតាបសាបូររបស់ណាពីទត។ 1 មានសុភមង្គលហើយ អ្នកដែលយកចិត្តទុកដាក់ នឹងមនុស្សកំសត់ទុគ៌ត! ដ្បិតនៅថ្ងៃមានអាសន្ន អុលឡោះតាអាឡា នឹងជួយអ្នកនោះជាមិនខាន។ 2 អុលឡោះតាអាឡានឹងថែរក្សាអាយុជីវិតរបស់គេ ហើយអ្នកនោះមានសុភមង្គលនៅលើផែនដី ទ្រង់នឹងមិនបណ្ដោយឲ្យគេធ្លាក់ ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ។ 3 អុលឡោះតាអាឡាបីបាច់ថែរក្សាគេ នៅពេលគេឈឺធ្ងន់ក្រោកពុំរួច ហើយទ្រង់ប្រោសគេ ឲ្យមានសុខភាពល្អឡើងវិញ។ 4 ខ្ញុំអង្វរអុលឡោះតាអាឡាថា ទ្រង់អើយ សូមប្រណីមេត្តាខ្ញុំ សូមប្រោសខ្ញុំឲ្យជាឡើងវិញផង ដ្បិតខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងបំណងទ្រង់ហើយ។ 5 សត្រូវរបស់ខ្ញុំនាំគ្នា និយាយអាក្រក់ពីខ្ញុំ គេបន់ឲ្យតែខ្ញុំស្លាប់ គេបន់ឲ្យតែឈ្មោះខ្ញុំសាបសូន្យទៅ។ 6 អស់អ្នកដែលមកសួរសុខទុក្ខខ្ញុំ គេមានគំនិតមិនល្អទេ គេមកប្រមូលដំណឹងអាក្រក់ រួចចេញទៅវិញ ទាំងនិយាយបរិហារពីខ្ញុំ។ 7 អស់អ្នកដែលស្អប់ខ្ញុំ និយាយខ្សឹបខ្សៀវដាក់គ្នាទៅវិញទៅមក ប្រឆាំងនឹងខ្ញុំ ថាខ្ញុំគេចមិនផុតពីស្លាប់។ 8 គេពោលថា«ជំងឺអ្នកនេះមើលមិនជាទេ! គាត់ពុំអាចក្រោកពីគ្រែឡើងវិញបានឡើយ»។ 9 សូម្បីតែមិត្តសម្លាញ់ដ៏ជិតស្និទ្ធរបស់ខ្ញុំ គឺអ្នកដែលខ្ញុំទុកចិត្ត ហើយជាអ្នកដែលបរិភោគអាហារ រួមជាមួយខ្ញុំ ក៏ប្រឆាំងនឹងខ្ញុំដែរ ។ 10 ចំពោះទ្រង់វិញ ឱអុលឡោះតាអាឡាអើយ សូមប្រណីមេត្តាខ្ញុំ សូមប្រោសខ្ញុំឲ្យបានជាឡើងវិញផង នោះខ្ញុំនឹងតបស្នងទៅខ្មាំងសត្រូវ ឲ្យសមនឹងអំពើរបស់គេ។ 11 បើខ្មាំងសត្រូវរបស់ខ្ញុំ គ្មានជ័យជំនះលើខ្ញុំទេនោះ ខ្ញុំនឹងដឹងជាក់ថា ទ្រង់ពិតជាពេញចិត្តនឹងខ្ញុំមែន។ 12 ទ្រង់បានជួយខ្ញុំ ដោយប្រោសខ្ញុំឲ្យជាទាំងស្រុង ហើយទ្រង់ប្រទានឲ្យខ្ញុំ នៅជាមួយទ្រង់រហូតតទៅ។ 13 សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ីន! អាម៉ីន!។ |
© 2014 United Bible Societies, UK.
United Bible Societies