ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 21 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 21

ពាក្យ​អរ​គុណ​ចំពោះ​ជ័យ‌ជំនះ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ទំនុក​របស់​ណាពី​ទត។

1 អុលឡោះ‌តាអាឡា​អើយ ស្តេច​មាន​អំណរ​ណាស់ ព្រោះ​ទ្រង់​ប្រទាន​កម្លាំង ស្តេច​មាន​អំណរ​រីក‌រាយ​ជា​ខ្លាំង ព្រោះ​ទ្រង់​ប្រទាន​ឲ្យ​មាន​ជ័យ‌ជំនះ។

2 ទ្រង់​ប្រទាន​ឲ្យ​ស្តេច បាន​ទទួល​អ្វីៗ​ដែល​ស្តេច​ប្រាថ្នា​ចង់​បាន គឺ​ទ្រង់​ពុំ​បាន​បដិសេធ​ពាក្យ​សូម‌អង្វរ របស់​ស្តេច​ឡើយ។ - សម្រាក

3 ទ្រង់​បាន​មក​ជួប​ស្តេច ទាំង​នាំ​យក​ពរ​ដ៏​ប្រសើរ​មក​ជា​មួយ​ផង ទ្រង់​បាន​យក​មកុដ​មាស​សុទ្ធ មក​បំពាក់​ក្បាល​របស់​ស្តេច។

4 ពេល​ស្តេច​ទូរអា​សូម​ជីវិត ទ្រង់​ប្រទាន​ឲ្យ​ស្ដេច​មាន​ជីវិត និង​មាន​អាយុ​យឺន‌យូរ​ជា​អង្វែង​ត​រៀង​ទៅ។

5 ដោយ​ទ្រង់​សង្គ្រោះ ស្តេច​បាន​ទទួល​សិរី‌រុង‌រឿង​យ៉ាង​ខ្លាំង ទ្រង់​ប្រទាន​ឲ្យ​គាត់​បាន​ថ្កុំ‌ថ្កើង ឧត្ដុង្គ‌ឧត្ដម។

6 ទ្រង់​ប្រទាន​ឲ្យ​ស្តេច បាន​ប្រកប​ដោយ​ពរ​ជា‌និច្ច ដោយ​ទ្រង់​នៅ​ជា​មួយ នោះ​ស្តេច​មាន​អំណរ​យ៉ាង​បរិបូណ៌។

7 ស្តេច​ពឹង​ផ្អែក​លើ​អុលឡោះ‌តាអាឡា ហើយ​ដោយ‌សារ​ចិត្ត​សប្បុរស ស្មោះ​ត្រង់​របស់​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត រាជ្យ​របស់​ស្តេច​នឹង​មិន​ត្រូវ​រលំ​សោះ​ឡើយ។

8 ស្តេច​នឹង​ចាប់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន របស់​គាត់ ស្តេច​នឹង​ប្រើ​អំណាច​ចាប់​អស់​អ្នក ដែល​ស្អប់​គាត់។

9 នៅ​ថ្ងៃ​ស្តេច​មក​ដល់ ស្តេច​នឹង​កំទេច​ពួក​គេ​ដូច​ភ្លើង​ឆេះ​សុស សូម​អុលឡោះ‌តាអាឡា​រំលាយ​ពួក​គេ​ចោល ដោយ‌សារ​កំហឹង​របស់​ទ្រង់ ហើយ​ភ្លើង​នឹង​ឆេះ​បំផ្លាញ​ពួក​គេ។

10 ស្តេច​នឹង​លុប​បំបាត់​ពូជ‌ពង្ស របស់​ពួក​គេ​ឲ្យ​បាត់​អស់​ពី​ផែនដី ស្តេច​នឹង​ប្រហារ​ពួក​គេ​ឲ្យ​ផុត​ពូជ។

11 ពួក​គេ​ឃុប‌ឃិត​គ្នា​ធ្វើ​បាប​ស្តេច តែ​ពួក​គេ​គ្មាន​កម្លាំង​អាច​សម្រេច តាម​គម្រោង‌ការ​របស់​ខ្លួន​បាន​ឡើយ

12 ដ្បិត​ស្តេច​បាន​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ ហើយ​ស្តេច​យឹត​ធ្នូ​បាញ់​ពួក​គេ​ចំ​ពី​មុខ។

13 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ក្រោក​ឡើង​សំដែង​អំណាច! យើង​ខ្ញុំ​សូម​ច្រៀង និង​ច្រៀង​លើក​គីតាបសាបូរ អំណាច​របស់​ទ្រង់!

© 2014 United Bible Societies, UK.

United Bible Societies