មុខងាររបស់ក្រុមលេវី1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា និងហារូនថា៖ 2 «ក្នុងចំណោមកូនចៅលេវី ត្រូវធ្វើបញ្ជីរាយឈ្មោះកូនចៅកេហាត់ ដោយគិតតាមអំបូរ និងតាមក្រុមគ្រួសាររបស់ពួកគេ 3 ហើយគិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលត្រូវបម្រើការងារនៅក្នុងជំរំជួបអុលឡោះតាអាឡា។ 4 កូនចៅកេហាត់បំពេញមុខងារក្នុងជំរំជួបអុលឡោះតាអាឡា គឺពួកគេមើលខុសត្រូវលើវត្ថុដ៏សក្ការៈបំផុត។ 5 ពេលជនជាតិអ៊ីស្រអែលត្រូវចេញដំណើរ ហារូន និងកូនចៅរបស់គាត់ ត្រូវដោះវាំងននដែលខណ្ឌទីសក្ការៈបំផុត 6 យកទៅគ្របលើហិបនៃសន្ធិសញ្ញា។ បន្ទាប់មក ពួកគេយកស្បែកផ្សោតគ្របពីលើ ហើយយកក្រណាត់ពណ៌ស្វាយមករុំពីលើមួយជាន់ទៀត រួចទើបស៊កឈើសម្រាប់សែង។ 7 ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយមកក្រាលលើតុសម្រាប់តម្កល់នំបុ័ង រួចយកចាន ពែង ចានគោម ព្រមទាំងថូសម្រាប់ធ្វើពិធីច្រួចស្រាមកដាក់ពីលើ។ រីឯនំបុ័ងស្ថិតនៅលើតុនោះស្រាប់។ 8 បន្ទាប់មក ពួកគេក្រាលក្រណាត់ពណ៌ក្រហមទុំពីលើរបស់ទាំងនោះ ហើយយកស្បែកផ្សោតមករុំពីលើ រួចស៊កឈើសម្រាប់សែង។ 9 ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយមករុំជើងចង្កៀងសម្រាប់បំភ្លឺ ចង្កៀង ឃ្នាបប្រឆេះភាជន៍ដាក់កំទេច និងដបប្រេងទាំងប៉ុន្មានសម្រាប់ដុតចង្កៀងនោះ 10 ហើយយកស្បែកផ្សោតមកខ្ចប់រួមជាមួយគ្រឿងបរិក្ខារទាំងប៉ុន្មាន ដែលត្រូវប្រើជាមួយរបស់ទាំងនោះ រួចយកទៅដាក់នៅលើប្រដាប់សម្រាប់សែង។ 11 ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយ ក្រាលលើអាសនៈមាស ហើយយកស្បែកផ្សោតមករុំពីលើ រួចស៊កឈើសម្រាប់សែង។ 12 ពួកគេត្រូវយកគ្រឿងបរិក្ខារទាំងប៉ុន្មានដែលប្រើប្រាស់ក្នុងទីសក្ការៈ មកខ្ចប់ក្នុងក្រណាត់ពណ៌ស្វាយមួយ ហើយយកស្បែកផ្សោតមករុំពីលើរួចដាក់លើប្រដាប់សម្រាប់ស្នែង។ 13 ពួកគេត្រូវយកផេះចេញពីអាសនៈ ហើយយកក្រណាត់ពណ៌ក្រហមក្រាលពីលើអាសនៈនោះ។ 14 បន្ទាប់មក ត្រូវយកគ្រឿងបរិក្ខារទាំងប៉ុន្មាន ដែលប្រើប្រាស់ជាមួយអាសនៈនោះ គឺមានភាជន៍ដាក់រងើកភ្លើង សមប្រដាប់ចូក ផើង និងគ្រឿងបរិក្ខារទាំងប៉ុន្មាន ទៀតសម្រាប់អាសនៈ ដាក់ពីលើអាសនៈ ហើយយកស្បែកផ្សោតមករុំ រួចស៊កឈើសម្រាប់សែង។ 15 នៅពេលលើកជំរំ កាលហារូន និងកូនចៅរបស់គាត់ រុំរបស់របរសក្ការៈ ព្រមទាំងគ្រឿងបរិក្ខារប្រើប្រាស់ក្នុងទីសក្ការៈ ចប់សព្វគ្រប់ ហើយកូនចៅកេហាត់ត្រូវនាំគ្នាមកសែងរបស់ទាំងនោះ ប៉ុន្តែ ពួកគេមិនត្រូវប៉ះពាល់អ្វីៗដែលសក្ការៈឡើយ បើមិនដូច្នោះទេ ពួកគេនឹងត្រូវស្លាប់។ នេះជាភារកិច្ចរបស់កូនចៅកេហាត់នៅក្នុងជំរំជួបអុលឡោះតាអាឡា។ 16 អេឡាសារ ជាកូនរបស់អ៊ីមុាំហារូន ទទួលខុសត្រូវលើប្រេងសម្រាប់ចង្កៀង គ្រឿងក្រអូប ជំនូនម្សៅអចិន្ត្រៃយ៍ និងប្រេងសម្រាប់ពិធីលាបប្រេង។ គាត់ក៏មើលខុសត្រូវលើជំរំសក្ការៈទាំងមូល និងអ្វីៗទាំងអស់នៅក្នុងជំរំសក្ការៈព្រមទាំងទីសក្ការៈ និងគ្រឿងបរិក្ខារផ្សេងៗ នៅក្នុងទីសក្ការៈ»។ 17 អុលឡោះតាអាឡាមានបន្ទូលមកម៉ូសា និងហារូនថា៖ 18 «មិនត្រូវដកអំបូរកេហាត់ចេញពីកុលសម្ព័ន្ធលេវីឡើយ។ 19 ពេលណាអំបូរកេហាត់គេចូលមកជិតទីសក្ការៈបំផុត ហារូន និងកូនចៅរបស់គាត់ត្រូវចាត់ចែងឲ្យពួកគេបំពេញមុខងារ និងភារកិច្ចរៀងៗខ្លួន ធ្វើដូច្នេះ ពួកគេនឹងរស់រានមានជីវិត ឥតស្លាប់ឡើយ។ 20 ពួកគេមិនត្រូវចូលទៅមើលគ្រឿងសក្ការៈជាដាច់ខាត សូម្បីតែមួយភ្លែតក៏មិនបានដែរ ក្រែងលោបាត់បង់ជីវិត»។ 21 អុលឡោះតាអាឡាមានបន្ទូលមកម៉ូសាថា៖ 22 «ចូរធ្វើបញ្ជីរាយឈ្មោះកូនចៅគើសូនដោយគិតតាមអំបូរ និងតាមក្រុមគ្រួសាររបស់ពួកគេ។ 23 ចូរជំរឿនពួកគេ គិតចាប់ពីអាយុសាមសិបឆ្នាំ រហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារ នៅក្នុងជំរំជួបអុលឡោះតាអាឡា។ 24 អំបូរគើសូនមានភារកិច្ចលីសែងគ្រឿងសម្ភារៈដូចតទៅ: 25 ពួកគេត្រូវសែងក្រណាត់ជំរំសក្ការៈ និងក្រណាត់ជំរំជួបអុលឡោះតាអាឡា ក្រណាត់សម្រាប់គ្របពីលើ និងស្បែកផ្សោតសម្រាប់រុំ ព្រមទាំងវាំងនននៅខាងមុខជំរំជួបអុលឡោះតាអាឡា 26 ក្រណាត់ដំបូលទីលាន វាំងននទ្វារចូលទីលានក្រណាត់នៅជុំវិញជំរំសក្ការៈ និងអាសនៈខ្សែសន្ធឹង និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយ។ ពួកគេត្រូវបំពេញកិច្ចការទាំងអស់ដែលយើងតំរូវឲ្យធ្វើ។ 27 ហារូន និងកូនចៅរបស់គាត់ ត្រូវចាត់ចែងឲ្យកូនចៅគើសូនលីសែងសម្ភារៈទាំងអស់ គឺឲ្យពួកគេមើលខុសត្រូវលើរបស់ទាំងប៉ុន្មានដែលខ្លួនត្រូវលីសែង។ 28 នេះហើយជាមុខងារដែលអំបូរគើសូនត្រូវបំពេញ នៅក្នុងជំរំជួបអុលឡោះតាអាឡា ព្រមទាំងអ្វីៗទាំងអស់ដែលពួកគេមើលថែទាំ ក្រោមបញ្ជារបស់អ៊ីថាម៉ារ ជាកូនរបស់អ៊ីមុាំហារូន។ 29 ចូរជំរឿនកូនចៅម៉្រារី តាមអំបូរ តាមគ្រួសាររបស់ពួកគេ។ 30 ត្រូវជំរឿនពួកគេ គិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារនៅក្នុងជំរំជួបអុលឡោះតាអាឡា។ 31 ចំពោះកិច្ចការដែលពួកគេត្រូវបំពេញនៅក្នុងជំរំជួបអុលឡោះតាអាឡានោះ គឺមើលថែទាំបន្ទះក្តាររបស់ជំរំសក្ការៈ រនុកេះ សសរ និងជើងសសរ 32 សសរ និងជើងសសរនៅជុំវិញទីលាន ចម្រឹង ខ្សែសន្ធឹង ព្រមទាំងគ្រឿងបរិក្ខារ និងអ្វីៗទាំងអស់ដែលប្រើប្រាស់ជាមួយ។ ត្រូវរាយមុខឈ្មោះរបស់ទាំងនោះ ឲ្យពួកគេមើលថែទាំ។ 33 នេះហើយជាមុខងារដែលអំបូរម៉្រារីត្រូវបំពេញ គឺមុខងារទាំងអស់ដែលពួកគេត្រូវបំពេញនៅក្នុងជំរំអុលឡោះតាអាឡាក្រោមបញ្ជារបស់អ៊ីថាម៉ារ ជាកូនរបស់អ៊ីមុាំហារូន»។ 34 ម៉ូសា ហារូន និងមេដឹកនាំរបស់សហគមន៍បានជំរឿនកូនចៅកេហាត់ តាមអំបូរ និងតាមគ្រួសាររបស់ពួកគេ 35 អស់អ្នកដែលមានអាយុពីសាមសិបឆ្នាំ រហូតដល់ហាសិបឆ្នាំ ហើយត្រូវបម្រើការងារនៅក្នុងជំរំជួបអុលឡោះតាអាឡា 36 ក្នុងអំបូរនេះមានចំនួនទាំងអស់ ២ ៧៥០នាក់។ 37 នេះជាចំនួនអស់អ្នកដែលមកពីអំបូរកេហាត់ គឺអស់អ្នកបំពេញមុខងារ នៅក្នុងជំរំជួបអុលឡោះតាអាឡា។ ម៉ូសា និងហារូនបានជំរឿនពួកគេស្របតាមបទបញ្ជាដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។ 38 រីឯកូនចៅគើសូនដែលគេបានជំរឿនតាមអំបូរ និងតាមគ្រួសាររបស់ពួកគេ 39 គឺអស់អ្នកដែលមានអាយុពីសាមសិបឆ្នាំ រហូតដល់ហាសិបឆ្នាំ ហើយត្រូវបំពេញមុខងារនៅក្នុងជំរំជួបអុលឡោះតាអាឡា 40 ក្នុងអំបូរនេះមានចំនួនទាំងអស់ ២៦៣០ នាក់។ 41 នេះជាចំនួនអស់អ្នកដែលមកពីអំបូរគើសូន គឺអស់អ្នកបំពេញមុខងារនៅក្នុងជំរំជួបអុលឡោះតាអាឡា។ ម៉ូសា និងហារូនបានជំរឿនពួកគេស្របតាមបទបញ្ជាដែលអុលឡោះតាអាឡាបង្គាប់មក។ 42 អស់អ្នកក្នុងអំបូរម៉្រារីដែលគេបានជំរឿនតាមអំបូរ និងតាមគ្រួសាររបស់ពួកគេ 43 គឺអស់អ្នកដែលមានអាយុពីសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ ហើយត្រូវបំពេញមុខងារនៅក្នុងជំរំជួបអុលឡោះតាអាឡា 44 ក្នុងអំបូរនេះមានចំនួនទាំងអស់ ៣ ២០០ នាក់។ 45 នេះហើយជាចំនួនអស់អ្នកដែលមកពីអំបូរម៉្រារី។ ម៉ូសា និងហារូនបានជំរឿនពួកគេ ស្របតាមបទបញ្ជាដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។ 46 ពួកលេវីទាំងអស់ដែលម៉ូសា ហារូន និងមេដឹកនាំរបស់ជនជាតិអ៊ីស្រអែលបានជំរឿន តាមអំបូរ និងតាមគ្រួសាររបស់ពួកគេ 47 ដោយគិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលត្រូវបម្រើការងារក្នុងជំរំជួបអុលឡោះតាអាឡា និងលីសែងសម្ភារៈ 48 ពួកគេមានចំនួនទាំងអស់ ៨ ៥៨០ នាក់។ 49 ម៉ូសាបង្គាប់ឲ្យគេជំរឿនអ្នកទាំងនោះ ស្របតាមបទបញ្ជារបស់អុលឡោះតាអាឡា ដោយបញ្ជាក់ឲ្យម្នាក់ៗស្គាល់ភារកិច្ច និងសម្ភារៈដែលខ្លួនត្រូវសែង។ គេបានជំរឿនអ្នកទាំងនោះ ស្របតាមបទបញ្ជាដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។ |
© 2014 United Bible Societies, UK.
United Bible Societies