ឆ្អឹងរបស់គោញីពណ៌ទង់ដែង1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា និងហារូនថា៖ 2 «នេះជាហ៊ូកុំដែលអុលឡោះតាអាឡាបានបង្គាប់ទុក ដូចតទៅ: ចូរប្រាប់ជនជាតិអ៊ីស្រអែលឲ្យនាំគោញីពណ៌ទង់ដែងមួយមកឲ្យអ្នក គោនោះត្រូវតែល្អឥតខ្ចោះ ហើយក៏មិនដែលមាននរណាទឹមនៅឡើយ។ 3 ចូរប្រគល់គោញីនេះឲ្យអ៊ីមុាំអេឡាសារ។ គាត់នឹងនាំវាចេញទៅក្រៅជំរំ ហើយឲ្យគេសម្លាប់វានៅចំពោះមុខគាត់។ 4 អ៊ីមុាំអេឡាសារត្រូវយកម្រាមដៃជ្រលក់ក្នុងឈាមគោ ហើយប្រោះឈាមនោះប្រាំពីរដងនៅមុខជំរំជួបអុលឡោះតាអាឡា។ 5 ត្រូវដុតគោញីនោះនៅចំពោះមុខអេឡាសារ គឺដុតទាំងស្បែក ទាំងសាច់ ទាំងឈាម និងគ្រឿងក្នុងទាំងអស់។ 6 អ៊ីមុាំត្រូវយកឈើតាត្រៅ មែកហ៊ីសុប និងរោមចៀមជ្រលក់ពណ៌ក្រហម បោះទៅក្នុងភ្លើងដែលគេដុតគោញីនោះ។ 7 អ៊ីមុាំត្រូវបោកសម្លៀកបំពាក់ និងយកទឹកមកលុបលាងកាយរបស់ខ្លួន។ បន្ទាប់មក អ៊ីមុាំវិលចូលជំរំវិញ តែគាត់នៅសៅហ្មងរហូតទល់ល្ងាច។ 8 រីឯអ្នកដែលដុតគោញីនោះ ក៏ត្រូវបោកសម្លៀកបំពាក់ និងយកទឹកមកលុបលាងរូបកាយរបស់ខ្លួនដែរ តែគាត់នៅសៅហ្មង រហូតទល់ល្ងាច។ 9 ត្រូវឲ្យបុរសម្នាក់ដែលមិនសៅហ្មង រើសឆ្អឹងរបស់គោញីនោះទុកនៅខាងក្រៅជំរំត្រង់កន្លែងមួយបរិសុទ្ធ។ ត្រូវរក្សាឆ្អឹងនោះទុក ដើម្បីសហគមន៍អ៊ីស្រអែលយកទៅលាយធ្វើជាទឹក សម្រាប់ពិធីជម្រះកាយឲ្យបានបរិសុទ្ធ។ ពិធីនេះដូចជាគូរបានរំដោះបាបដែរ។ 10 អ្នករើសឆ្អឹងរបស់គោញី ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយគេនៅសៅហ្មងដូច្នេះ រហូតទល់ល្ងាច។ នេះជាហ៊ូកុំដែលជនជាតិអ៊ីស្រអែល និងជនបរទេសរស់នៅក្នុងចំណោមពួកគេត្រូវប្រតិបត្តិតាមរហូតតទៅ។ ហ៊ូកុំស្តីអំពីពិធីជម្រះកាយ11 អ្នកណាប៉ះពាល់សាកសពរបស់មនុស្សណាម្នាក់ អ្នកនោះត្រូវសៅហ្មងអស់រយៈពេលប្រាំពីរថ្ងៃ។ 12 គេត្រូវយកទឹកនេះធ្វើពិធីជម្រះកាយនៅថ្ងៃទីបី ហើយគេនឹងបានបរិសុទ្ធនៅថ្ងៃទីប្រាំពីរ។ ប៉ុន្តែ ប្រសិនបើគេមិនធ្វើពិធីជម្រះកាយនៅថ្ងៃទីបីទេ នៅថ្ងៃទីប្រាំពីរ គេមិនបានបរិសុទ្ធឡើយ។ 13 អ្នកណាប៉ះពាល់សាកសពរបស់មនុស្ស តែមិនធ្វើពិធីជម្រះកាយទេ អ្នកនោះធ្វើឲ្យជំរំសក្ការៈរបស់អុលឡោះតាអាឡាទៅជាសៅហ្មង។ ត្រូវដកមនុស្សបែបនេះចេញពីចំណោមជនជាតិអ៊ីស្រអែល។ ដោយគេពុំបានយកទឹកសម្រាប់ពិធីជម្រះកាយឲ្យបានបរិសុទ្ធមកលាងខ្លួនទេ គេត្រូវនៅសៅហ្មងដូច្នេះ រហូតតទៅ។ 14 នេះជាហ៊ូកុំស្តីអំពីមនុស្សម្នាក់ដែលស្លាប់នៅក្នុងផ្ទះមួយ អស់អ្នកដែលចូលទៅក្នុងផ្ទះនោះ និងអស់អ្នកដែលស្ថិតនៅក្នុងផ្ទះនោះ នឹងត្រូវសៅហ្មងអស់រយៈពេលប្រាំពីរថ្ងៃ។ 15 រីឯភាជន៍ទាំងប៉ុន្មាន នៅក្នុងផ្ទះដែលនៅចំហ ឥតមានគំរប នឹងក្លាយទៅជាសៅហ្មងដែរ។ 16 អ្នកណាប៉ះសាកសព ដែលស្លាប់នៅទីវាលស្លាប់ដោយមុខដាវ ឬស្លាប់ដោយធម្មតា ឬក៏ប៉ះឆ្អឹង និងផ្នូរអ្នកនោះត្រូវនៅសៅហ្មងអស់រយៈពេលប្រាំពីរថ្ងៃ។ 17 ដើម្បីជម្រះអ្នកសៅហ្មងនោះឲ្យបានបរិសុទ្ធ គេត្រូវយកឆ្អឹងរបស់គោញី ដែលបានជូនជាគូរបានរំដោះបាប មកដាក់ក្នុងភាជន៍មួយ រួចដងទឹកពីប្រភពទឹកមកចាក់ពីលើ។ 18 ត្រូវឲ្យបុរសម្នាក់ដែលមិនសៅហ្មងយកមែកហ៊ីសុបជ្រលក់ក្នុងទឹកនោះ ហើយប្រោះលើផ្ទះលើភាជន៍ទាំងអស់ លើមនុស្សទាំងអស់នៅក្នុងផ្ទះ ព្រមទាំងលើអស់អ្នកដែលបានប៉ះពាល់ឆ្អឹង ប៉ះពាល់សាកសព ដែលស្លាប់ដោយមុខដាវ ឬស្លាប់ដោយធម្មតា ឬក៏ប៉ះពាល់ផ្នូរ។ 19 អ្នកដែលមិនសៅហ្មង ត្រូវប្រោះទឹកទៅលើអ្នកសៅហ្មង នៅថ្ងៃទីបី និងថ្ងៃទីប្រាំពីរ ហើយជម្រះអ្នកនោះឲ្យបានបរិសុទ្ធនៅថ្ងៃទីប្រាំពីរ រួចគាត់ត្រូវបោកសម្លៀកបំពាក់ យកទឹកលុបលាងខ្លួន នោះគាត់នឹងបានបរិសុទ្ធនៅពេលល្ងាច។ 20 បើនរណាម្នាក់សៅហ្មង តែពុំធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធទេ នឹងត្រូវដកចេញពីចំណោមក្រុមជំអះ ដ្បិតគេបានធ្វើឲ្យទីសក្ការៈរបស់អុលឡោះតាអាឡា ទៅជាសៅហ្មង។ ដោយគេពុំបានយកទឹកសម្រាប់ពិធីជម្រះកាយឲ្យបានបរិសុទ្ធមកលាងខ្លួនទេនោះ គេត្រូវនៅសៅហ្មង។ 21 នេះជាហ៊ូកុំដែលពួកគេត្រូវប្រតិបត្តិតាមរហូតតទៅ គឺអ្នកដែលធ្វើពិធីប្រោះទឹកឲ្យគេ ត្រូវបោកសម្លៀកបំពាក់ ហើយអ្នកដែលប៉ះពាល់ទឹកសម្រាប់ប្រោះលើអ្នកសៅហ្មង ក៏នឹងត្រូវសៅហ្មងរហូតដល់ល្ងាច។ 22 អ្វីៗដែលអ្នកសៅហ្មងប៉ះពាល់ ក៏ក្លាយទៅជាសៅហ្មងដែរ ហើយអ្នកដែលប៉ះពាល់របស់សៅហ្មង នឹងត្រូវសៅហ្មងរហូតទល់ល្ងាច»។ |
© 2014 United Bible Societies, UK.
United Bible Societies