ពាក្យសន្យានៅពេលអ៊ីស្រអែលវិលមករកអុលឡោះជាអម្ចាស់វិញ1 «សេចក្តីទាំងប៉ុន្មានដែលខ្ញុំថ្លែងប្រាប់ ទោះបីពរ ឬបណ្តាសាក្តី មុខជាកើតមានដល់អ្នក។ ពេលណាអុលឡោះតាអាឡាជាម្ចាស់របស់អ្នក និរទេសអ្នកទៅនៅក្នុងចំណោមប្រជាជាតិទាំងឡាយ ប្រសិនបើអ្នកនឹកឃើញសេចក្តីទាំងនោះ 2 ហើយវិលមករកអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក គឺទាំងអ្នក ទាំងកូនចៅរបស់អ្នក នាំគ្នាស្តាប់តាមបន្ទូលរបស់ទ្រង់យ៉ាងអស់ពីចិត្ត អស់ពីគំនិត ស្របតាមសេចក្តីទាំងប៉ុន្មានដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ 3 អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកនឹងស្តារស្ថានភាពរបស់អ្នក ទ្រង់នឹងអាណិតអាសូរអ្នក ហើយប្រមូលអ្នក ពីក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន ដែលទ្រង់កំចាត់កំចាយអ្នកទៅនោះ។ 4 ទោះបីគេកៀរអ្នកទៅដល់ជើងមេឃក្តី ក៏អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ទៅប្រមូលអ្នកនាំយកមកវិញដែរ។ 5 អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកនឹងនាំអ្នកវិលត្រឡប់មកស្រុក ដែលជាកម្មសិទ្ធិរបស់ដូនតាអ្នក។ អ្នកនឹងកាន់កាប់ស្រុកនេះ ទ្រង់ប្រទានពរឲ្យអ្នកមានអំណរសប្បាយ ហើយកើនចំនួនច្រើនលើសដូនតារបស់អ្នកទៅទៀត។ 6 អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងនាំអ្នក ព្រមទាំងពូជពង្សរបស់អ្នក ជូនចិត្តគំនិតដល់ទ្រង់ ដើម្បីឲ្យអ្នកស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យ៉ាងអស់ពីចិត្ត អស់ពីគំនិត ធ្វើដូច្នេះ ទើបអ្នករស់រានមានជីវិត។ 7 អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងធ្វើឲ្យបណ្តាសាទាំងនេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់អ្នក ព្រមទាំងអស់អ្នកដែលស្អប់ និងបៀតបៀនអ្នក។ 8 រីឯអ្នកវិញ អ្នកនឹងវិលមករកអុលឡោះតាអាឡា ហើយស្តាប់តាមបន្ទូលរបស់ទ្រង់ ព្រមទាំងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដូចខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ។ 9 អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងប្រទានឲ្យអ្នកបានចំរុងចំរើន ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។ ទ្រង់នឹងប្រទានឲ្យអ្នកមានកូនចៅជាច្រើន ហ្វូងសត្វរបស់អ្នក នឹងកើនចំនួនច្រើនឡើង ហើយដីរបស់អ្នកក៏បង្កើតភោគផលយ៉ាងច្រើនដែរ ដ្បិតអុលឡោះតាអាឡាពេញចិត្តប្រទានឲ្យអ្នកមានសុភមង្គល ដូចដូនតារបស់អ្នក។ 10 ក៏ប៉ុន្តែ អ្នកត្រូវស្តាប់តាមបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់នៃអ្នក ដោយកាន់តាមបទបញ្ជា និងហ៊ូកុំរបស់ទ្រង់ ដែលមានចែងទុកក្នុងគីតាបនៃហ៊ូកុំនេះ ហើយត្រូវវិលមករកអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យ៉ាងអស់ពីចិត្ត អស់ពីគំនិត។ 11 បទបញ្ជាដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ មិនមែនហួសកម្លាំងរបស់អ្នក ហើយក៏មិននៅឆ្ងាយដែរ។ 12 បទបញ្ជានេះមិនមែនស្ថិតនៅលើមេឃ បណ្តាលឲ្យអ្នកពោលថា “តើបាននរណាឡើងទៅលើមេឃ យកបទបញ្ជានេះមកថ្លែងប្រាប់យើង ដើម្បីឲ្យយើងប្រតិបត្តិតាម?”។ 13 បទបញ្ជានេះក៏មិនស្ថិតនៅខាងនាយសមុទ្រ បណ្តាលឲ្យអ្នកពោលថា “តើបាននរណាឆ្លងទៅឯនាយសមុទ្រ យកបទបញ្ជានេះមកថ្លែងប្រាប់យើង ដើម្បីឲ្យយើងប្រតិបត្តិតាម?”។ 14 ផ្ទុយទៅវិញ បន្ទូលនេះនៅក្បែរអ្នកនៅក្នុងមាត់ និងក្នុងចិត្តរបស់អ្នក ដើម្បីឲ្យអ្នកប្រតិបត្តិតាម។ 15 មើល៍ថ្ងៃនេះ ខ្ញុំឲ្យអ្នកជ្រើសរើសយកជីវិត ឬសេចក្តីស្លាប់ អំពើល្អ ឬអំពើអាក្រក់ 16 ដ្បិតខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ឲ្យស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ហើយដើរតាមមាគ៌ារបស់ទ្រង់ កាន់តាមបទបញ្ជា ហ៊ូកុំរបស់ទ្រង់។ ធ្វើដូច្នេះ ទើបអ្នករស់រានមានជីវិត និងកើនចំនួនច្រើនឡើង ហើយអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានពរដល់អ្នកនៅក្នុងស្រុកដែលអ្នកចូលទៅកាន់កាប់។ 17 ប៉ុន្តែ បើអ្នកបែរចិត្តចេញពីអុលឡោះមិនព្រមស្តាប់បង្គាប់ទ្រង់ ដោយបណ្តោយខ្លួនទៅក្រាបថ្វាយបង្គំ និងគោរពបម្រើព្រះឯទៀតៗ 18 នោះខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹង នៅថ្ងៃនេះថា អ្នករាល់គ្នាមុខជាវិនាសសូន្យ គឺអ្នកពុំអាចមានអាយុយឺនយូរនៅក្នុងស្រុកដែលអ្នកត្រូវឆ្លងទន្លេយ័រដាន់ ចូលទៅកាន់កាប់នោះឡើយ។ 19 ថ្ងៃនេះ ខ្ញុំសូមយកមេឃ និងដី ធ្វើជាសាក្សីទាស់នឹងអ្នករាល់គ្នា គឺខ្ញុំឲ្យអ្នកជ្រើសរើសយកជីវិត ឬសេចក្តីស្លាប់ ពរ ឬបណ្តាសា។ ចូរជ្រើសរើសយកជីវិតចុះ ដើម្បីឲ្យអ្នក និងពូជពង្សរបស់អ្នកបានរស់រាន។ 20 ចូរស្រឡាញ់អុលឡោះតាអាឡាជាម្ចាស់របស់អ្នក ចូរស្តាប់តាមបន្ទូលរបស់ទ្រង់ និងជំពាក់ចិត្តលើទ្រង់។ ទ្រង់ជាជីវិតរបស់អ្នក ទ្រង់ប្រទានឲ្យអ្នកមានអាយុយឺនយូរ ដើម្បីឲ្យអ្នករស់នៅលើទឹកដីដែលអុលឡោះតាអាឡាបានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងប្រទានឲ្យអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបជាបុព្វបុរសរបស់អ្នក»។ |
© 2014 United Bible Societies, UK.
United Bible Societies