ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ចោទិយ‌កថា 27 - អាល់គីតាប អាល់គីតាប
ចោទិយ‌កថា 27

ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​ពិធី​រំលឹក​អំពី​សម្ពន្ធ‌មេត្រី ថ្ម​នៅ​ភ្នំ​អេបាល

1 ម៉ូសា និង​ក្រុម​អះលី‌ជំអះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​បង្គាប់​ប្រជា‌ជន​ដូច​តទៅ៖ «ចូរ​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ។

2 នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រ‌ដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ ចូរ​បញ្ឈរ​ថ្ម​ធំៗ ហើយ​លាប​កំបោរ​ពណ៌​ស។

3 ចូរ​ចារឹក​ហ៊ូកុំ​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​លើ​ថ្ម​ទាំង​នោះ នៅ​ពេល​អ្នក​ឆ្លង​ទៅ​ដល់​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ ស្រប​តាម​ពាក្យ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​អ្នក គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ។

4 ពេល​ណា​អ្នក​ឆ្លង​ទន្លេ​យ័រ‌ដាន់​ហើយ ចូរ​បញ្ឈរ​ថ្ម​ដែល​ខ្ញុំ​បង្គាប់​ឲ្យ​បញ្ឈរ​នោះ នៅ​លើ​ភ្នំ​អេបាល ហើយ​លាប​កំបោរ​ពណ៌​ស​ផង។

5 បន្ទាប់​មក ចូរ​យក​ថ្ម​ដែល​មិន​ទាន់​មាន​នរណា​យក​ពន្លាក​ដាប់​នៅ​ឡើយ មក​សង់​អាសនមួយ​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក

6 គឺ​ត្រូវ​យក​ថ្ម​ដែល​មិន​ទាន់​ដាប់​សង់​អាសនៈ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក រួច​យក​គូរបាន​ដុត​ទាំង​មូល​មក​ជូន​ទ្រង់ នៅ​លើ​អាសនៈ​នោះ។

7 ចូរ​ធ្វើ​គូរបាន​មេត្រី‌ភាព ហើយ​ជប់​លៀង​យ៉ាង​សប្បាយ​នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។

8 ចូរ​ចារឹក​ហ៊ូកុំ​ទាំង​នេះ​នៅ​លើ​ថ្ម​ឲ្យ​បាន​ច្បាស់ៗ»។

9 បន្ទាប់​មក​ម៉ូសា និង​អ៊ីមុាំ​លេវី​ថ្លែង​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ដូច​តទៅ៖ «អ៊ីស្រ‌អែល​អើយ ចូរ​ស្ងៀម​ស្ងាត់ ហើយ​ស្តាប់​ចុះ! ថ្ងៃ​នេះ អ្នក​ក្លាយ​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។

10 ដូច្នេះ ចូរ​ស្តាប់​បង្គាប់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ហើយ​ប្រតិបត្តិ​តាម​បទ​បញ្ជា និង​ហ៊ូកុំ​របស់​អុលឡោះដែល​ខ្ញុំ​ប្រគល់​ឲ្យ​នៅ​ថ្ងៃ​នេះ»។

11 នៅ​ថ្ងៃ​ដដែល​នោះ ម៉ូសា​បង្គាប់​ប្រជា‌ជន ដូច​តទៅ៖

12 «កាល​ណា​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រ‌ដាន់​ហើយ កុល‌សម្ព័ន្ធ​ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ យូសុះ និង​ពុន‌យ៉ាមីន ត្រូវ​ឈរ​នៅ​លើ​ភ្នំ​ការិ‌ស៊ីម ដើម្បី​ប្រកាស​អំពី​ពរ​ប្រាប់​ប្រជា‌ជន។

13 រីឯ​កុល‌សម្ព័ន្ធ​រូបេន កាដ អេស៊ើរ សាប់យូ‌ឡូន ដាន់ និង​ណែបថា‌លី ត្រូវ​ឈរ​នៅ​លើ​ភ្នំ​អេបាល ដើម្បី​ប្រកាស​អំពី​បណ្តាសា»។

បណ្តាសា​ទាំង​ដប់​ពីរ

14 «ពួក​លេវី​ត្រូវ​ប្រកាស​ប្រាប់​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​យ៉ាង​ខ្លាំងៗ​ថា:

15 “អ្នក​ណា​ឆ្លាក់​រូប​បដិ‌មាករ ឬ​សិត​ធ្វើ​រូប​ព្រះ‌ក្លែង‌ក្លាយ ដែលអុលឡោះ‌តាអាឡា​ស្អប់​ខ្ពើម ហើយ​យក​រូប​ដែល​ជា​ស្នា​ដៃ​របស់​មនុស្ស ទៅ​តម្កល់​ទុក​នៅ​កន្លែង​មួយ ដើម្បី​ថ្វាយ‌បង្គំ​ដោយ​លួច​លាក់ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពុំ​ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ីន!”។

16 “អ្នក​ណា​ប្រមាថ​មើល​ងាយ​ឪពុក‌ម្តាយ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពុំ​ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ីន!”។

17 “អ្នក​ណា​បង្ខិត​បង្គោល​របង ចូល​ទៅ​ក្នុង​ដី​ធ្លី​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពុំ​ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ីន!”។

18 “អ្នក​ណា​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ដើរ​ខុស​ផ្លូវ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពុំ​ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ីន!”។

19 “អ្នក​ណា​រំលោភ​លើ​សិទ្ធិ​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេ​ម៉ាយ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពុំ​ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ីន!”។

20 “អ្នក​ណា​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​ឪពុក​របស់​ខ្លួន អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពុំ​ខាន! ព្រោះ​គេ​បង្អាប់​កិត្តិយស​របស់​ឪពុក​ខ្លួន”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ីន!”។

21 “អ្នក​ណា​រួម​ដំណេក​ជា​មួយ​សត្វ​ឆ្អឹង អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពុំ​ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ីន!”។

22 “អ្នក​ណា​រួម​ដំណេក​ជា​មួយ​បង‌ប្អូន​ស្រី​របស់​ខ្លួន ទោះ​បី​ជា​បង‌ប្អូន​ឪពុក​មួយ ឬ​ម្តាយ​មួយ​ក្តី អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពុំ​ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ីន!”។

23 “អ្នក​ណា​រួម​ដំណេក​ជា​មួយ​ម្តាយ​ក្មេក​របស់​ខ្លួន អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពុំ​ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ីន!”។

24 “អ្នក​ណា​លួច​ប្រហារ​ជីវិត​អ្នក​ដទៃ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពុំ​ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ីន!”។

25 “អ្នក​ណា​ទទួល​សំណូក ដើម្បី​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពុំ​ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ីន!”។

26 “អ្នក​ណា​មិន​គោរព​សេចក្តី​ដែល​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ​នេះ ហើយ​មិន​ប្រតិបត្តិ​តាម​ទេ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពុំ​ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ីន!”»។

© 2014 United Bible Societies, UK.

United Bible Societies