ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូប 33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
យ៉ូប 33

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ទុក្ខ​លំបាក

1 លោក​យ៉ូប​អើយ សូម​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​ថ្លែង នៅ​ពេល​នេះ​ចុះ សូម​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ!

2 ខ្ញុំ​រៀបចំ​ពាក្យ​សម្ដី ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច​ប្រុង​នឹង​និយាយ។

3 ខ្ញុំ​នឹង​ថ្លែង​ដោយ​ស្មោះ​អស់​ពី​ចិត្ត ខ្ញុំ​នឹង​និយាយ​ដោយ​សេចក្ដី​ពិត​ទាំង​ស្រុង។

4 ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​បាន​សូន​ខ្ញុំ​ឡើង ខ្យល់​ដង្ហើម​របស់ ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ធ្វើ​ឲ្យ​ខ្ញុំ​រស់​រាន​មាន​ជីវិត។

5 សូម​ឆ្លើយ​មក​ខ្ញុំ​ចុះ បើ​លោក​អាច​ឆ្លើយ​បាន សូម​រក​ហេតុ​ផល​តទល់​នឹង​ខ្ញុំ​ចុះ!

6 នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ខ្ញុំ​មិន​ខុស​ពី​លោក​ទេ ព្រះអង្គ​បាន​សូន​ខ្ញុំ​ពី​ដី​ឥដ្ឋ ដូច​លោក​ដែរ។

7 ដូច្នេះ សូម​កុំ​ញាប់‌ញ័រ​នៅ​ចំពោះ​មុខ​ខ្ញុំ​ឡើយ ហើយ​ក៏​កុំ​នឹក​ស្មាន​ថា ខ្ញុំ​ចង់​យក​អំណាច មក​គាប​សង្កត់​លោក​ឲ្យ​សោះ។

8 ខ្ញុំ​បាន​ឮ​ពាក្យ​ដែល​លោក​ថ្លែង​ប្រាប់ ហើយ​ខ្ញុំ​ចង​ចាំ ឥត​ភ្លេច​ឡើយ

9 គឺ​លោក​ពោល​ថា: “ខ្ញុំ​ជា​មនុស្ស​គ្មាន​ទោស គ្មាន​បាប ខ្ញុំ​ជា​មនុស្ស​ស្អាត‌ស្អំ ឥត​មាន​កំហុស​អ្វី​ទេ

10 តែ​ព្រះ‌ជាម្ចាស់​រក​រឿង​ទាស់​នឹង​ខ្ញុំ ព្រះអង្គ​ចាត់​ទុក​ខ្ញុំ​ជា​ខ្មាំង​សត្រូវ។

11 ព្រះអង្គ​ដាក់​ខ្នោះ​ជើង​ខ្ញុំ ព្រះអង្គ​ឃ្លាំ​មើល​គ្រប់​សកម្ម‌ភាព​របស់​ខ្ញុំ”។

12 លោក​មាន​ប្រសាសន៍​ដូច្នេះ មិន​ត្រូវ​ទេ ចាំ​ខ្ញុំ​ពន្យល់​លោក ដ្បិត​ព្រះ‌ជាម្ចាស់​ធំ​ជាង​មនុស្ស​លោក។

13 ហេតុ​អ្វី​បាន​ជា​លោក​ចោទ​ប្រកាន់​ព្រះអង្គ​ថា ព្រះអង្គ​មិន​ឆ្លើយ​តប​នឹង​ពាក្យ របស់​លោក​ដូច្នេះ?

14 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​របៀប​ផ្សេងៗ តែ​គ្មាន​នរណា​ចាប់​អារម្មណ៍​ទេ។

15 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ការ​យល់​សប្ដិ តាម​រយៈ​សុបិន​និមិត្ត​នា​រាត្រី​កាល ក្នុង​ពេល​ដែល​មនុស្ស​កំពុង​តែ​ដេក លង់‌លក់​មិន​ដឹង​ខ្លួន។

16 ព្រះអង្គ​ក៏​សម្តែង​ឲ្យ​គេ​ស្គាល់ ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ព្រម​ទាំង​បញ្ជាក់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ឲ្យ​គេ​យល់​យ៉ាង​ច្បាស់​ផង។

17 ធ្វើ​ដូច្នេះ ព្រះអង្គ​នាំ​មនុស្ស​ឲ្យ​ងាក ចេញ​ពី​អំពើ​អាក្រក់ ហើយ​ការពារ​មនុស្ស​កុំ​ឲ្យ​មាន​អំនួត

18 ដើម្បី​កុំ​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ និង​ការពារ​ជីវិត​គេ ឲ្យ​រួច​ពី​មុខ​លំពែង។

19 ព្រះ‌ជាម្ចាស់​ក៏​វាយ​ប្រដៅ​មនុស្ស​តាម​រយៈ ការ​ឈឺ​ចាប់​ដែរ គឺ​នៅ​ពេល​ដែល​គេ​ដេក ឈឺ​ចុក​ចាប់​សព្វ​សព៌ាង្គ​កាយ។

20 ពេល​នោះ គេ​បរិភោគ​អាហារ​លែង​កើត ហើយ​ក៏​លែង​នឹក​ឃ្លាន​ម្ហូប​ចំណី​ទៀត​ដែរ។

21 រូប​កាយ​របស់​គេ​កាន់​តែ​ស្គម​ទៅៗ នៅ​សល់​តែ​ស្បែក និង​ឆ្អឹង។

22 គេ​កាន់​តែ​ខិត​ជិត​រណ្ដៅ ជីវិត​របស់​គេ ក៏​ខិត​ទៅ​ជិត​មច្ចុរាជ​ដែរ។

23 ក៏​ប៉ុន្តែ ប្រសិន​បើ​មាន​ទេវតា​មួយ​រូប ក្នុង​ចំណោម​ទេវតា​មួយ​ពាន់ មក​បក​ស្រាយ និង​បង្ហាញ​ឲ្យ​អ្នក​នោះ ស្គាល់​ផ្លូវ​ត្រឹម​ត្រូវ

24 ព្រះ‌ជាម្ចាស់​មុខ​ជា​លើក‌លែង​ទោស​ឲ្យ​គេ ដ្បិត​ទេវតា​អង្វរ​ថា: “សូម​ដោះ​លែង​អ្នក​នេះ​ទៅ កុំ​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ឡើយ ទូលបង្គំ​រក​បាន​ហេតុ​ផល ដើម្បី​រំដោះ​គេ​ហើយ!”។

25 ពេល​នោះ សាច់​ឈាម​របស់​គេ​នឹង​ប្រែ​ជា ស្រស់​ស្អាត​ដូច​គ្រា​នៅ​ពី​ក្មេង ហើយ​គេ​នឹង​បាន​ដូច​គ្រា​នៅ​វ័យ​ជំទង់។

26 ពេល​គេ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ព្រះអង្គ​ស្ដាប់​គេ គេ​ចូល​ទៅ​គាល់​ព្រះអង្គ​ដោយ​អំណរ ព្រះអង្គ​រាប់​គេ​ជា​មនុស្ស​សុចរិត​ឡើង​វិញ។

27 ពេល​នោះ គេ​នឹង​ច្រៀង នៅ​ចំពោះ​មុខ​មនុស្ស‌ម្នា​ថា: “ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ខ្ញុំ​បាន​វង្វេង​ចេញ​ពី​មាគ៌ា​ដ៏​ត្រឹម​ត្រូវ តែ​ព្រះ‌ជាម្ចាស់​ពុំ​បាន​ដាក់​ទោស​ខ្ញុំ ស្រប​តាម​អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្ត​នោះ​ឡើយ។

28 ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ ខ្ញុំ​នៅ​មាន​ជីវិត ហើយ​មើល​ឃើញ​ពន្លឺ”។

29 ព្រះ‌ជាម្ចាស់​ធ្វើ​ការ​ទាំង​នេះ​ចំនួន​ពីរ ឬ​បី​លើក ចំពោះ​មនុស្ស

30 ដើម្បី​នាំ​គេ​ឲ្យ​ចៀស​ផុត​ពី​រណ្ដៅ ហើយ​ឲ្យ​ពន្លឺ​ជីវិត​ចាំង​ចែង​ទៅ​លើ​គេ។

31 លោក​យ៉ូប​អើយ សូម​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ខ្ញុំ! សូម​លោក​នៅ​ស្ងៀម​ទៅ ទុក​ឲ្យ​ខ្ញុំ​និយាយ​ម្ដង!

32 ប្រសិន​បើ​លោក​ចង់​ឆ្លើយ សូម​ឆ្លើយ​មក​ចុះ! សូម​មាន​ប្រសាសន៍​មក ដ្បិត​ខ្ញុំ​ចង់​រក​យុត្តិធម៌​ជូន​លោក។

33 បើ​គ្មាន​ទេ សូម​ស្ដាប់​ខ្ញុំ! សូម​នៅ​ស្ងៀម​ទៅ ខ្ញុំ​នឹង​បង្រៀន​លោក​អំពី​ប្រាជ្ញា»។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies