ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 68 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ទំនុកតម្កើង 68

បទ​តម្កើង​ព្រះ‌ជាម្ចាស់​ដ៏​មាន​ជ័យ‌ជម្នះ
បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។ ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។

1 ពេល​ព្រះ‌ជាម្ចាស់​ក្រោក​ឡើង ខ្មាំង​សត្រូវ​របស់​ព្រះអង្គ​បាក់​ទ័ព ហើយ​អស់​អ្នក​ដែល​ស្អប់​ព្រះអង្គ នឹង​នាំ​គ្នា​រត់​ចេញ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ។

2 ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ពួក​គេ រលាយ​សូន្យ​ទៅ​ដូច​ជា​ផ្សែង ហើយ​មនុស្ស​អាក្រក់​នឹង​រលាយ​សូន្យ បាត់​ពី​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ដូច​ក្រមួន​ត្រូវ​ថ្ងៃ ។

3 រីឯ​មនុស្ស​សុចរិត​វិញ​នឹង​បាន​រីក‌រាយ គេ​នឹង​អរ​សប្បាយ​ឥត​ឧបមា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។

4 ចូរ​ច្រៀង​តម្កើង​ព្រះ‌ជាម្ចាស់ ចូរ​ស្មូត្រ​ទំនុកតម្កើង ព្រះ‌នាម​ព្រះអង្គ! ចូរ​ត្រួស‌ត្រាយ​ផ្លូវ​ថ្វាយ​ព្រះអង្គ ដែល​ជិះ​សេះ​កាត់​អាកាស‌វេហាស៍! ព្រះអង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់។ ចូរ​នាំ​គ្នា​អរ​សប្បាយ​ឥត​ឧបមា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ!

5 ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​ក្នុង​ព្រះ‌ដំណាក់​ដ៏វិសុទ្ធ* ព្រះអង្គ​ជា​ឪពុក​របស់​ក្មេង​កំព្រា ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ​ស្ត្រី​មេម៉ាយ។

6 ព្រះ‌ជាម្ចាស់​ប្រទាន​គ្រួសារ ឲ្យ​មនុស្ស​ឯកោ ព្រះអង្គ​នាំ​អ្នក​ជាប់​ឃុំ‌ឃាំង ឲ្យ​មាន​សេរី‌ភាព​ពេញ​ទី រីឯ​ជន​បះ‌បោរ​វិញ គេ​នឹង​ទៅ​រស់​នៅ​ក្នុង​ទី​ហួត‌ហែង។

7 បពិត្រ​ព្រះ‌ជាម្ចាស់ ពេល​ព្រះអង្គ​នាំ​មុខ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ពេល​ព្រះអង្គ​យាង​នៅ​វាល​រហោ‌ស្ថាន - សម្រាក

8 ផែនដី​រញ្ជួយ ផ្ទៃ​មេឃ​ក៏​បង្អុរ​ភ្លៀង ចុះ​មក​យ៉ាង​ខ្លាំង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​អ៊ីស្រា‌អែល ដូច​គ្រា​នៅ​ភ្នំ​ស៊ីណៃ​ដែរ។

9 ឱ​ព្រះ‌ជាម្ចាស់​អើយ! ព្រះអង្គ​បាន​ប្រោស​ប្រទាន​ភ្លៀង​ដ៏​ត្រជាក់‌ត្រជុំ មក​លើ​ទឹក​ដី​ដ៏​ហួត‌ហែង​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ បាន​រស់​រាន​ឡើង​វិញ។

10 ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​បាន​តាំង​ទី​លំ‌នៅ លើ​ទឹក​ដី​នោះ ដោយ​ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស ចំពោះ​ពួក​គេ​ដែល​ជា​ជន​កម្សត់​ទុគ៌ត។

11 ពេល​ព្រះ‌អម្ចាស់​ចេញ​បញ្ជា ពួក​ស្ត្រី​ដែល​ប្រៀប​បាន​នឹង​កង‌ទ័ព​មួយ​យ៉ាង​ធំ នាំ​គ្នា​ចេញ​ទៅ​ប្រកាស​ដំណឹង​ថា:

12 ស្ដេច​នានា​បាក់​ទ័ព​រត់ ទៅ​ជា​មួយ​ពល​ទាហាន​របស់​ខ្លួន។ ស្ត្រីៗ​ដែល​នៅ​ក្នុង​ផ្ទះ​នាំ​គ្នា​ចែក​ជយ‌ភណ្ឌ។

13 រីឯ​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា នៅ​សម្រាក​ក្នុង​ជំរំ​ដូច្នេះ​ទៅ​វិញ? មើល៍! សូម្បី​តែ​សត្វ​ព្រាប​ក៏​មាន​ប្រាក់ ជាប់​ពេញ​ស្លាប​វា​ដែរ ហើយ​រោម​វា​ចាំង​ចែង​ទៅ​ដោយ​មាស។

14 នៅ​ពេល​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ធ្វើ​ឲ្យ​ស្ដេច​នានា​បាក់​ទ័ព នោះ​ក៏​មាន​ព្រឹល​ធ្លាក់​មក​លើ​ភ្នំ​សាល‌ម៉ូន​ដែរ។

15 ភ្នំ​បាសាន​ជា​ភ្នំ​ដ៏​សក្ការៈ​មួយ ភ្នំ​បាសាន​ជា​ភ្នំ​ដែល​មាន​កំពូល​យ៉ាង​ច្រើន។

16 ហេតុ​អ្វី​បាន​ជា​ភ្នំ​ដែល​មាន​កំពូល​ច្រើន ច្រណែន​នឹង​ភ្នំ​ដែល​ព្រះ‌ជាម្ចាស់​ជ្រើស​រើស សម្រាប់​គង់​នៅ? ពិត​មែន​ហើយ ព្រះ‌អម្ចាស់​នឹង​គង់​នៅ​លើ​ភ្នំ​នេះ​រហូត​ត​ទៅ។

17 ទ័ព​សេះ​របស់​ព្រះ‌ជាម្ចាស់ មាន​ចំនួន​រាប់​លាន​រាប់​កោដិ ព្រះអង្គ​គង់​ជា​មួយ​ពួក​គេ​នៅ​ភ្នំ​ស៊ីណៃ ជា​ទីសក្ការៈ​របស់​ព្រះអង្គ។

18 ព្រះអង្គ​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ ទាំង​នាំ​អ្នក​ទោស​ទៅ​ជា​មួយ ព្រះអង្គ​បាន​ទទួល​តង្វាយ​ផ្សេងៗ​ពី​មនុស្ស​លោក សូម្បី​តែ​មនុស្ស​ប្រឆាំង​នឹង​ព្រះអង្គ ក៏​ព្រះអង្គ​ទទួល​ពី​គេ​ដែរ ហើយ​ព្រះ‌ជា‌អម្ចាស់​គង់​នៅ​ទី​នោះ!។

19 សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​ជា​រៀង​រាល់​ថ្ងៃ ដ្បិត​ព្រះអង្គ​តែងតែ​ជួយ​គាំទ្រ និង​សង្គ្រោះ​យើង។ - សម្រាក

20 ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​របស់​យើង ព្រះ‌ជា‌អម្ចាស់​អាច​ជួយ​យើង ឲ្យ​រួច​ផុត​ពី​សេចក្ដី​ស្លាប់។

21 ខ្មាំង​សត្រូវ​ទុក​សក់​វែង ដើម្បី​ធ្វើ​ចម្បាំង​សាសនា ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​កម្ទេច​ក្បាល របស់​ជន​ទុច្ចរិត​ទាំង​នោះ។

22 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​នាំ​ពួក​គេ​ពី​ភ្នំ​បាសាន យើង​នឹង​នាំ​ពួក​គេ​ឡើង​ពី​បាត​សមុទ្រ​មក

23 ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​លុយ​ក្នុង​ឈាម របស់​ពួក​គេ ហើយ​ឆ្កែ​នឹង​នាំ​គ្នា​លិទ្ធ​ឈាម របស់​ខ្មាំង​សត្រូវ​ទាំង​នោះ​ដែរ»។

24 ឱ​ព្រះ‌ជាម្ចាស់​អើយ មនុស្ស‌ម្នា​បាន​ឃើញ​ក្បួន​ជ័យ‌ជម្នះ​របស់​ព្រះអង្គ ក្បួន​ជ័យ‌ជម្នះ​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​របស់​ខ្ញុំ ចូល​ទៅ​ក្នុង​ទីសក្ការៈ

25 មាន​អ្នក​ចម្រៀង​ដើរ​នៅ​ខាង​មុខ និង​អ្នក​ភ្លេង​ដើរ​នៅ​ខាង​ក្រោយ ហើយ​នៅ​កណ្ដាល​មាន​ពួក​យុវ‌នារី នាំ​គ្នា​វាយ​ក្រាប់។

26 ចូរ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​នៅ​ក្នុង​អង្គ​ប្រជុំ សូម​ឲ្យ​អស់​អ្នក​ដែល​ជា​ពូជ‌ពង្ស របស់​អ៊ីស្រា‌អែល​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ!

27 គឺ​ចាប់​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ដែល​តូច​ជាង​គេ បន្ទាប់​មក អ្នក​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​យូដា ដែល​មាន​សម្លៀក‌បំពាក់​យ៉ាង​ល្អ​ប្រណីត រួច​ហើយ​អ្នក​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន និង​កុល‌សម្ព័ន្ធ​ណែប‌ថាលី។

28 ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​អ្នក​មាន​កម្លាំង​ខ្លាំង​ពូកែ។ ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​បង្ហាញ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ដូច​ព្រះអង្គ​តែងតែ​ជួយ​យើង​ខ្ញុំ

29 ពី​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ដែល​ស្ថិត​នៅ​លើ​ក្រុង​យេរូ‌សាឡឹម ជា​កន្លែង​ដែល​ស្ដេច​នានា នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះអង្គ។

30 សូម​ព្រះអង្គ​គំរាម​កំហែង​ស្រុក​អេស៊ីប ពួក​គេ​ជា​សត្វ​ធាតុ​រស់​នៅ​តាម​ដើម​ត្រែង ពួក​គេ​ជា​មេ​ដឹក​នាំ​លើ​ស្រុក​នានា ដូច​ហ្វូង​គោ​ឡើង​ក និង​កូន​របស់​វា។ ពួក​គេ​នឹង​មក​ចុះ​ចូល​ព្រះអង្គ ដោយ​យក​ប្រាក់​មក​ជា​តង្វាយ។ សូម​ធ្វើ​ឲ្យ​ជន‌ជាតិ​ទាំង​នោះ ដែល​ចូល​ចិត្ត​ច្បាំង​វិនាស​ខ្ចាត់‌ខ្ចាយ​ទៅ។

31 ជន‌ជាតិ​អេស៊ីប​នឹង​ចាត់​ទូត​មក ជន‌ជាតិ​អេត្យូ‌ពី នឹង​លើក​ដៃ​ស្វែង​រក​ព្រះ‌ជាម្ចាស់។

32 នគរ​នានា​នៅ​លើ​ផែនដី​អើយ ចូរ​ច្រៀង​តម្កើង​ព្រះ‌ជាម្ចាស់ ចូរ​ប្រគំ​ភ្លេង​ថ្វាយ​ព្រះអង្គ។ - សម្រាក

33 ព្រះអង្គ​គង់​លើ​ព្រះ‌រាជ‌រថ​ឡើង​ខ្ពស់​ជាង​ផ្ទៃ​មេឃ ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ទៅ​ទៀត ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​រន្ទឺ​ខ្ទរ‌ខ្ទារ។

34 ចូរ​ប្រកាស​ថា​ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះអង្គ​គ្រង​រាជ្យ​លើ​អ៊ីស្រា‌អែល យ៉ាង​ថ្កុំ‌ថ្កើង​រុងរឿង អាកាស‌វេហាស៍​សម្តែង អំពី​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។

35 នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះអង្គ ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់ ព្រះអង្គ​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រះអង្គ​ប្រទាន​ឲ្យ​ប្រជា‌រាស្ដ្រ របស់​ព្រះអង្គ​មាន​កម្លាំង និង​អំណាច សូម​សរសើរ​តម្កើង​ព្រះអង្គ!

Khmer Standard Version © 2005 United Bible Societies.

United Bible Societies