ទំនុកតម្កើង 67 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥សូមឲ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះជាម្ចាស់ បទពីសៀវភៅរបស់គ្រូចម្រៀង។ ប្រគំជាមួយតូរ្យតន្ដ្រីដែលមានខ្សែ។ ទំនុកតម្កើង ។ ចម្រៀងតម្កើងព្រះជាម្ចាស់។ 1 ឱព្រះជាម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ សូមទតមកយើងខ្ញុំដោយ ព្រះហឫទ័យសប្បុរសផង! - សម្រាក 2 ដូច្នេះ មនុស្សនៅលើផែនដី នឹងស្គាល់មាគ៌ារបស់ព្រះអង្គ ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ! 3 ឱព្រះជាម្ចាស់អើយ សូមឲ្យប្រជាជន ទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ សូមឲ្យប្រជាជនទាំងអស់រួមគ្នា លើកតម្កើងព្រះអង្គ! 4 មហាជននាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ត្រនានា ដោយយុត្តិធម៌ ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយ នៅលើផែនដី។ - សម្រាក 5 ឱព្រះជាម្ចាស់អើយ សូមឲ្យប្រជាជនទាំងឡាយ នាំគ្នាលើកតម្កើងព្រះអង្គ សូមឲ្យប្រជាជនទាំងអស់រួមគ្នា លើកតម្កើងព្រះអង្គ! 6 ផែនដីបានបង្កើតភោគផល ព្រោះព្រះជាម្ចាស់ ជាព្រះនៃយើងបានប្រទានពរឲ្យយើង។ 7 សូមព្រះជាម្ចាស់ប្រទានពរឲ្យយើង សូមឲ្យប្រជាជនទាំងប៉ុន្មាន ដែលរស់នៅទីដាច់ស្រយាលនៃផែនដី គោរពកោតខ្លាចព្រះអង្គ! |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies