ទំនុកជាបទចំរៀងរបស់អេសាភ ដែលលោកលើកសំរាប់មេភ្លេង ត្រូវលេងដោយប្រដាប់មានខ្សែ។ 1 នៅស្រុកយូដាគេស្គាល់ព្រះហើយ ព្រះនាមទ្រង់ក៏ធំ នៅក្នុងសាសន៍អ៊ីស្រាអែល 2 រោងឧបោសថរបស់ទ្រង់នៅក្រុងសាឡិម ហើយទីលំនៅទ្រង់នៅភ្នំស៊ីយ៉ូន 3 នៅទីនោះ ទ្រង់បានបំបាក់ព្រួញ ធ្នូ ខែល នឹងដាវ ហើយអស់ទាំងគ្រឿងចំបាំងបង់។ –បង្អង់ 4 ៙ ទ្រង់រុងរឿងឧត្តម ហើយមានលំអប្រសើរ ជាងភ្នំរំពាទាំងប៉ុន្មាន 5 ពួកអ្នកដែលមានចិត្តក្លាហាន គេបានត្រឡប់ជារំពាវិញ គេបានដេកអស់ពេលដេករបស់គេហើយ ក្នុងពួកអ្នកខ្លាំងពូកែទាំងប៉ុន្មាន គ្មានអ្នកណាមួយអាច លើកដៃឡើងបានឡើយ 6 ឱព្រះនៃយ៉ាកុបអើយ កាលណាទ្រង់បន្ទោស នោះទាំងរទេះចំបាំង នឹងសេះផង ក៏ត្រូវលក់ស៊ប់ទាំងអស់គ្នា 7 គឺទ្រង់ ទ្រង់តែ១ប៉ុណ្ណោះ ដែលគួរស្ញែងខ្លាច កាលណាទ្រង់មានសេចក្ដីខ្ញាល់ នោះតើអ្នកណាអាចនឹងឈរនៅចំពោះទ្រង់បាន 8 ទ្រង់បានឲ្យឮពាក្យកាត់ទោសពីលើស្ថានសួគ៌មក ផែនដីក៏ភ័យខ្លាច ហើយស្ងៀមឈឹងនៅ 9 គឺក្នុងកាលដែលព្រះទ្រង់ឈរឡើង ដើម្បីជំនុំជំរះ ប្រយោជន៍នឹងជួយសង្គ្រោះដល់ពួកមនុស្សរាបសា នៅផែនដី។ –បង្អង់ 10 ៙ ពិតប្រាកដជាសេចក្ដីឃោរឃៅរបស់មនុស្ស នឹងសរសើរទ្រង់ ឯសំណល់សេចក្ដីឃោរឃៅ នោះទ្រង់នឹងរួបរឹតទុកវិញ 11 ចូរបន់ព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ហើយលាបំណន់នោះចុះ ចូរឲ្យអស់អ្នកដែលនៅជុំវិញទ្រង់ យកដង្វាយមកថ្វាយដល់ព្រះដ៏គួរស្ញែងខ្លាច 12 ទ្រង់នឹងកាត់វិញ្ញាណនៃពួកត្រកូលខ្ពស់ចេញ ទ្រង់ជាទីគួរតក់ស្លុត ដល់ពួកក្សត្រនៅផែនដី។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia