ទំនុកតម្កើង 75 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ទំនុកជាបទចំរៀងរបស់អេសាភ ដែលលោកលើក សំរាប់មេភ្លេង ឲ្យលេងតាមបទ «សូមកុំបំផ្លាញ»។ 1 ឱព្រះអង្គអើយ យើងខ្ញុំអរព្រះគុណដល់ទ្រង់ យើងខ្ញុំអរព្រះគុណដោយព្រោះព្រះនាមទ្រង់ ស្ថិតនៅជិត មនុស្សទាំងឡាយប្រកាសប្រាប់ពីការអស្ចារ្យរបស់ទ្រង់។ 2 ៙ កាលណាដល់វេលាដែលកំណត់ទុកហើយ នោះអញនឹងជំនុំជំរះដោយសុចរិត 3 ផែនដីនឹងអស់ទាំងមនុស្សនៅផែនដីត្រូវរលាយទៅ គឺអញដែលបានតាំងសសរផែនដីឡើង។ –បង្អង់ 4 ៙ ទូលបង្គំបាននិយាយទៅពួកអំនួតថា កុំឲ្យអួតខ្លួនឡើយ ហើយទៅមនុស្សអាក្រក់ថា កុំឲ្យដំកើងខ្លួនឲ្យសោះ 5 មិនត្រូវលើកខ្លួនឡើងឲ្យខ្ពស់ ឬនិយាយដោយប្រហើនឡើយ 6 ដ្បិតការដំកើងឡើង នោះមិនមែនមកពីទិសខាងកើត ឬខាងលិច ក៏មិនមកពីទីរហោស្ថាននោះទេ។ 7 ៙ គឺព្រះដែលជាចៅក្រម ទ្រង់បន្ទាបម្នាក់ចុះ ហើយលើកម្នាក់ទៀតឡើង 8 ពីព្រោះព្រះយេហូវ៉ាទ្រង់កាន់ពែង១នៅព្រះហស្ត ដែលមានស្រាកំពុងតែពពុះឡើង ពែងនោះពេញដោយស្រាលាយ ហើយទ្រង់ក៏ចាក់ចេញ ឯមនុស្សអាក្រក់ទាំងប៉ុន្មាន ដែលនៅផែនដី គេនឹងផឹកសំរេងកាកក្នុងពែងនោះជាមិនខាន។ 9 ៙ តែទូលបង្គំនឹងប្រកាសប្រាប់ការទាំងនេះជាដរាប ទូលបង្គំនឹងច្រៀងសរសើរថ្វាយព្រះនៃយ៉ាកុប 10 ទូលបង្គំនឹងកាត់អំណាចទាំងប៉ុន្មាននៃមនុស្ស អាក្រក់ចេញ តែអំណាចរបស់មនុស្សសុចរិត នឹងបានដំកើងឡើងវិញ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia