ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 149 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ទំនុកតម្កើង 149

1 ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ចូរ​ច្រៀង​បទ​១​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​សេចក្ដី​សរសើរ​ពី​ទ្រង់ នៅ​ក្នុង​ជំនុំ​នៃ​ពួក​អ្នក​បរិសុទ្ធ​ផង

2 គួរ​ឲ្យ​ពួក​អ៊ីស្រាអែល​រីក‌រាយ​ឡើង​ក្នុង​ព្រះ​ដែល​បង្កើត​ខ្លួន គួរ​ឲ្យ​ពួក​កូន​ចៅ​នៃ​ក្រុង​ស៊ីយ៉ូន​បាន​ត្រេក‌អរ ក្នុង​មហា‌ក្សត្រ​របស់​ខ្លួន

3 គួរ​ឲ្យ​គេ​សរសើរ​ព្រះ‌នាម​ទ្រង់ ដោយ​លោត‌កញ្ឆេង គួរ​ឲ្យ​គេ​ច្រៀង​សរសើរ​ទ្រង់ ដោយ​ក្រាប់នឹង​ស៊ុង

4 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​រាស្ត្រ​ទ្រង់ ទ្រង់​តាក់‌តែង​មនុស្ស​រាបសា ដោយ​សេចក្ដី​សង្គ្រោះ

5 គួរ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​រីក‌រាយ​ឡើង​ក្នុង​សិរី‌ល្អ គួរ​ឲ្យ​គេ​ច្រៀង​ដោយ​អំណរ កំពុង​ដែល​ដេក​នៅ​ដំណេក​ខ្លួន

6 គួរ​ឲ្យ​មាន​សេចក្ដី​សរសើរ​យ៉ាង​ប្រសើរ​ពី​ព្រះ នៅ​ក្នុង​មាត់​គេ នឹង​ដាវ​មាន​មុខ​២​នៅ​ដៃ​គេ​ដែរ

7 ដើម្បី​នឹង​សំរេច​ការ​សង‌សឹក​ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន នឹង​ការ​វាយ‌ផ្ចាល​ដល់​បណ្តាជន​ទាំង‌ឡាយ

8 ប្រយោជន៍​នឹង​ដាក់​ច្រវាក់​ដល់​ពួក​ស្តេច​គេ នឹង​ខ្នោះ​ដែក​ដល់​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​របស់​គេ​ដែរ

9 ដើម្បី​នឹង​សំរេច​ការ​វិនិច្ឆ័យ​ដល់​គេ ដូច​ជា​បាន​កត់​ទុក​ហើយ ការ​នេះ​ជា​កិត្តិយស​ដល់​ពួក​អ្នក​ដែល​បរិសុទ្ធ​របស់​ទ្រង់ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia