ទំនុកតម្កើង 150 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ចូរសរសើរដល់ព្រះយេហូវ៉ា ចូរសរសើរដល់ព្រះ នៅក្នុងទីបរិសុទ្ធ របស់ទ្រង់ ចូរសរសើរដល់ទ្រង់ នៅចន្លោះអាកាស ជាទីសំដែងព្រះចេស្តាទ្រង់ 2 ចូរសរសើរដល់ទ្រង់ ដោយព្រោះការឥទ្ធិឫទ្ធិរបស់ទ្រង់ ចូរសរសើរដល់ទ្រង់ ឲ្យសមនឹងសណ្ឋានដ៏ធំប្រសើរ របស់ទ្រង់ 3 ចូរសរសើរទ្រង់ដោយសូរត្រែ ចូរសរសើរដល់ទ្រង់ដោយដេញពិណ នឹងចាប់ស៊ុង 4 ចូរសរសើរដល់ទ្រង់ដោយវាយក្រាប់ ហើយលោតកញ្ឆេង ចូរសរសើរទ្រង់ដោយប្រដាប់មានខ្សែ ហើយនឹងខ្លុយ 5 ចូរសរសើរដល់ទ្រង់ដោយវាយឈឹងឲ្យឮរងំ ចូរសរសើរទ្រង់ដោយវាយឈឹងឮសូររំពង 6 គួរឲ្យជីវិតទាំងឡាយដែលមានដង្ហើម បានសរសើរដល់ព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។:៚ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia