Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 148 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ពី​លើ​ស្ថាន‌សួគ៌ ចូរ​សរសើរ​ដល់​ទ្រង់​នៅ​អស់​ទាំង​ទី​ដ៏​ខ្ពស់

2 អស់​ទាំង​ទេវតា​នៃ​ទ្រង់​អើយ ចូរ​សរសើរ​ដល់​ទ្រង់ អស់​ទាំង​ពួក​ពល‌បរិវារ​ទ្រង់​អើយ ចូរ​សរសើរ​ដល់​ទ្រង់​ចុះ

3 ព្រះ‌អាទិត្យ នឹង​ព្រះ‌ចន្ទ​អើយ ចូរ​សរសើរ​ដល់​ទ្រង់ អស់​ទាំង​ផ្កាយ​ដែល​ភ្លឺ​អើយ ចូរ​សរសើរ​ដល់​ទ្រង់

4 ផ្ទៃ​មេឃ​នៃ​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ​អើយ ចូរ​សរសើរ​ដល់​ទ្រង់​ចុះ ហើយ​ឯង​ដែរ អស់​ទាំង​ទឹក​ដែល​នៅ​ពី​លើ​មេឃ ទៅ​ទៀត​នោះ

5 គួរ​ឲ្យ​គ្រប់​គ្នា​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​បាន​ចេញ​បង្គាប់ ហើយ​របស់​ទាំង​នោះ​បាន​កើត​មក

6 ទ្រង់​បាន​តាំង​របស់​ទាំង​នោះ​ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ច ទ្រង់​បាន​ដាក់​ច្បាប់​ហើយ ជា​ច្បាប់ ដែល​របស់​ទាំង​នោះ​នឹង​មិន​ប្រព្រឹត្ត​រំលង​ឡើយ

7 ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ពី​ផែនដី​ដែរ នែ អស់​ទាំង​សត្វ​សំបើម​នៅ​ក្នុង​សមុទ្រ នឹង​ទី​ជំរៅ​ទាំង​ប៉ុន្មាន

8 អស់​ទាំង​ភ្លើង នឹង​ព្រិល ហិមៈ នឹង​ចំហាយ​ទឹក ទាំង​ខ្យល់​ព្យុះ ដែល​សំរេច​តាម​ព្រះ‌បន្ទូល​ទ្រង់

9 ព្រម​ទាំង​ភ្នំ​ធំ​តូច​ទាំង​អស់ ដើម​ឈើ​ដែល​មាន​ផ្លែ នឹង​ដើម​តាត្រៅ​ទាំង​ប៉ុន្មាន

10 គ្រប់​ទាំង​សត្វ​ព្រៃ សត្វ​ស្រុក សត្វ​លូន​វារ នឹង​សត្វ​ស្លាប

11 អស់​ទាំង​ស្តេច​នៅ​ផែនដី នឹង​បណ្តាជន​ទាំង‌ឡាយ ពួក​អ្នក​ធំៗ នឹង​ពួក​ចៅ‌ក្រម​នៅ​ផែនដី

12 ទាំង​មនុស្ស​កំឡោះ នឹង​ស្រី​ក្រមុំ ទាំង​ចាស់​ទាំង​ក្មេង​អើយ

13 ត្រូវ​ឲ្យ​ទាំង​អស់​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​មាន​តែ​ព្រះ‌នាម​ទ្រង់​១ដែល​ខ្ពស់​ប្រសើរ សិរី‌ល្អ​នៃ​ទ្រង់​ខ្ពស់​ជាង​ផែនដី នឹង​ផ្ទៃ​មេឃ​ទៅ​ទៀត

14 ទ្រង់​បាន​លើក​ស្នែង​របស់​រាស្ត្រ​ទ្រង់​ឡើង ទ្រង់​ជា​ទី​សរសើរ​នៃ​អស់​ទាំង​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់ គឺ​របស់​ជន‌ជាតិ​អ៊ីស្រាអែល ជា​សាសន៍​ដែល​នៅ​ជិត‌ដិត​នឹង​ទ្រង់ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម